សេដ្ឋកិច្ច
កម្ពុជាត្រៀមខ្លួន ចាកចេញពីក្រុមប្រទេសក្រីក្រ នៅឆ្នាំ ២០៣០
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាតុមូលប្រមូលធាតុចូល និងផ្លាស់ប្តូរមតិយោបល់ ដើម្បីធ្វើការសិក្សារៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មលើការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា (LDC Graduation) ដែលមានការចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័ន រួមមាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសមាគម និងវិស័យឯកជនពាក់ព័ន្ធជាច្រើនទៀត។

ការសិក្សាលើត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា បានទទួលជំនួយបច្ចេកទេសពីធានាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការ UNCTAD ដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់ការកំណត់ទិសដៅគោលនយោបាយពាណិជ្ជកម្មសម្រាប់សសរស្តម្ភទី៦ នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ ២០៣០ និងជាមូលដ្ឋានសំខាន់សម្រាប់ការរៀបចំយុទ្ធសាស្ត្រចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចប្រកបដោយរលូន។
ការសិក្សានេះមានគោលបំណងផ្តល់នូវអនុសាសន៍គោលនយោបាយជាក់ស្តែងសម្រាប់រៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មក្នុងអំឡុងពេល និងបន្ទាប់ពីកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដោយផ្តោតលើប្រធានបទសំខាន់ៗចំនួន ៤ រួមមាន៖ ១. ការទទួលបានការបើកច្រកទីផ្សារក្រោយចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចលើពាណិជ្ជកម្មទំនិញក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ក្របខណ្ឌតំបន់ និងទ្វេភាគី ២. ពាណិជ្ជកម្មលើសេវាកម្ម ភស្តុភារ និងការវិនិយោគ ៣. ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេវាឌីជីថល និង៤. ការចរចា និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
កិច្ចប្រជុំពិភាក្សាមានការចូលរួមយ៉ាងសកម្ម និងបានទទួលយោបល់ និងធាតុចូលសំខាន់ៗជាច្រើនពីអន្តរក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ សម្រាប់អ្នកជំនាញ ADB និង UNCTAD យកទៅធ្វើការសិក្សាបន្ថែម និងរៀបចំជាអនុសាសន៍គោលនយោបាយ និងយុទ្ធសាស្រ្តគោលដៅ សម្រាប់សសរស្តម្ភទី៦នេះ ស្របតាមទិសដៅរបស់រាជរដ្ឋាភិ បាល និងការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចដោយរលូន។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចក្ខុវិស័យ ត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតូច (LDC) ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោក លី សូដេត អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជាមានប្រសាសន៍ថា នៅពេលដែលកម្ពុជាឈានជើងចាកចេញពីប្រទេសអភិវឌ្ឍតិចតូច (LDC) រយៈពេល ៥ ឆ្នាំខាងមុខនេះ កម្ពុជានឹងបាត់បង់នូវការអនុគ្រោះពន្ធមួយចំនួន ទៅលើផលិតផលនាំចេញទៅក្រៅប្រទេស ជាពិសេសទៅប្ររទេសអ្នកមាន។ ហើយថា កម្ពុជាត្រូវបង្កើនភាពប្រកួតប្រជែងឱ្យខ្លាំងជាងមុន ដើម្បីឱ្យបានស្មើមុខស្មើមាត់ដូចគេ។
លោក លី សូដេត បញ្ជាក់ថា៖ «ការនាំចេញជារឿងសំខាន់ណាស់ព្រោះប្រទេសយើងតូច សេដ្ឋកិច្ចតូច យើងត្រូវតែបើកទីផ្សារទៅខាងក្រៅ ការនាំចេញរុញសេដ្ឋកិច្ចឱ្យដើរលឿន»។
លោកយល់ឃើញថា កម្ពុជាគួរកែទម្រង់ផ្ទៃក្នុង ដើម្បីឱ្យការវិនិយោគក្នុងស្រុកមានភាពទាក់ទាញ រួមផ្សំនឹងតម្លៃពលកម្មកម្ពុជានៅទាប ដែលជំរុញដល់ការចូលមកវិនិយោគពីក្រៅប្រទេស។
លោក លី សូដេត បន្តថា កម្ពុជាពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ហើយវិស័យនេះ កំពុងមានការអភិវឌ្ឍបោះជំហានទៅមុខ គ្រាដែលកម្ពុជា ចាប់ផ្ដើមកែច្នៃនៅក្នុងស្រុកបាន។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច មានប្រសាសន៍ថា នៅពេលដែលកម្ពុជាប្ដូរឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ កម្ពុជានឹងបាត់បង់ការអនុគ្រោះពន្ធ និងហិរញ្ញប្បទានឥតសំណង ប៉ុន្តែកម្ពុជាបានមកវិញនូវហិញរញ្ញប្បទាន យកមកវិនិយោគដើម្បីបង្កើនសមត្ថភាពផលិត និងបង្កើនភាពប្រកួតប្រជែង។
លោកបញ្ជាក់ថា យើងបាត់ការអនុគ្រោះមែន ប៉ុន្តែក៏មានបច្ច័យវិជ្ជមានដែរ គឺកម្ពុជាចំណេញការទុកចិត្តការវិនិយោគពីបរទេសដែលនឹងហូរចូលមកកម្ពុជា ខណៈរដ្ឋាភិបាលក៏ជំរុញការវិនិយោគក្នុងស្រុកបង្កើនផលិតកម្ម ដើម្បីបំពេញទីផ្សារក្នុងស្រុក និងនាំចេញ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប