សេដ្ឋកិច្ច
កម្ពុជា-ជប៉ុន ជំរុញការផ្តល់សេវាទឹកស្អាត និងការគ្រប់គ្រងទឹកកខ្វក់
កម្ពុជា និងជប៉ុន ជំរុញការផ្ដល់សេវាទឹកស្អាត និងការគ្រប់គ្រងទឹកកខ្វក់ សម្រាប់ទាំងអស់គ្នាក្នុងវដ្តនៃទឹក។ ការជំរុញបែបនេះ បានធ្វើឡើងក្នុងពិធីសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន លើកទី១៧ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយបង្ហាញការវិវត្តជឿនលឿននៃបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធនៃប្រទេសកម្ពុជា និងជប៉ុនក្នុងវិស័យទឹកស្អាត និងអនាម័យ។

ជាសិក្ខាសាលារៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសាធារណការ និងដឹកជញ្ជូន, រួមជាមួយសមភាគីជប៉ុន ដោយប្រមូលផ្តុំអ្នកជំនាញ អ្នករៀបចំគោលនយោបាយ និងភាគីពាក់ព័ន្ធប្រមាណ៣០០នាក់ មកពីប្រទេសទាំងពីរ។
សិក្ខាសាលាបានផ្តោតលើយុទ្ធសាស្ត្រនវានុវត្តន៍ ដើម្បីបង្កើនប្រសិទ្ធភាពវដ្តនៃទឹក ដែលកាន់តែមានសារៈសំខាន់ ក្នុងស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដែលបង្កហានិភ័យនៃការខ្វះទឹក និងហានិភ័យនៃទឹកជំនន់។ សិក្ខាសាលាក៏មានការតាំងបង្ហាញបច្ចេកវិទ្យាទំនើបៗ ទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យ, ការចែករំលែកចំណេះដឹង និងឱកាសផ្គូផ្គង់អាជីវកម្មផងដែរ។

លោក ស៊ឹម ស៊ីថា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “វេទិកានេះជាស្ពានមួយដើម្បីដឹកជញ្ជូនបទពិសោធ ចំណេះដឹងស្តីពីទឹកស្អាត និងអនាម័យ ហើយក៏ជាការភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុន និងប្រតិបត្តិករទឹកស្អាតនៅកម្ពុជា ដើម្បីរួមគ្នាលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឱ្យកាន់តែលឿន និងល្អប្រសើរនៅទូទាំងប្រទេសកម្ពុជា។”
លោកបានរំលេចពីវឌ្ឍនភាពរបស់កម្ពុជា រួមមានកំណើននៃការតបណ្តាញទឹកស្អាតជាង ១,៤ លានតំណ និងសមត្ថភាពផលិតទឹកស្អាតប្រមាណ ៤៥ លានម៉ែត្រគូបក្នុងមួយខែ នាពេលបច្ចុប្បន្ន ព្រមទាំងស្នើឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធក្នុងចំណោមភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងទាំងក្នុងស្រុកនិងអន្តរជាតិ ដើម្បីជំរុញសេវាសាធារណៈសំខាន់ៗទាំងនេះ ឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (SDC6) របស់កម្ពុជា ស្តីពីទឹកស្អាត និងអនាម័យ។ ឯកឧត្តមបានជំរុញឱ្យភាគីពាក់ព័ន្ធទាញយកអត្ថប្រយោជន៍ពីឧត្តមានុវត្តន៍ និងបច្ចេកវិទ្យាទំនើប ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ជាពិសេសផលប៉ះពាល់ដែលបង្កឡើងដោយ ការប្រែប្រួលអាកាសធាតុលើប្រភពទឹក។

លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងរឹងមាំរបស់ជប៉ុនក្នុងវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា។
លោកថ្លែងថា៖ “ភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ក្នុងការផ្តល់សេវាទឹកស្អាតនៅរាជធានីភ្នំពេញ ដែលគេស្គាល់ទូទាំងពិភពលោកថាជា ‘អព្ភូតហេតុទីក្រុងភ្នំពេញ’ ឆ្លុះបញ្ចាំងពីភាពជាដៃគូប្រកបដោយផ្លែផ្ការវាងប្រទេសយើងទាំងពីរ។ ហើយយើងចង់ពង្រីកគំរូនេះ ដើម្បីសម្រេចបាន ‘អព្ភូតហេតុ’ បែបនេះសម្រាប់តំបន់ផ្សេងៗទៀត នៅក្នុងការផ្តល់សេវាទឹកស្អាត និងការគ្រប់គ្រងទឹកកខ្វក់។”
លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីភាពប្រទាក់ក្រឡានៃសេវាផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ និងថា ការគ្រប់គ្រងប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកខ្វក់នឹងត្រូវបានពង្រឹង ជាមួយនឹងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ដែលទើបបានអនុម័តនាពេលថ្មីៗនេះ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ