Connect with us

សេដ្ឋកិច្ច

អ្នកជំនាញអះអាង តម្លៃមាសនឹងធ្លាក់ចុះ នៅចំពេលលោកដូណាល់ ត្រាំ ឡើងកាន់តំណែង

បានផុស

នៅ

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities​ មាន​ប្រសាសន៍ថា តម្លៃមាសនឹងធ្លាក់ចុះនៅចំពេលដែលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ ដោយអះអាងថា គោលនយោបាយរបសលោកត្រាំនឹងប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនលើការជូញដូរមាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង បានឱ្យដឹងថា នៅមុនពេលឡើងកាន់តំណែងលោក ត្រាំ ៣ ថ្ងៃ តម្លៃហាងឆេងមាសអាចនឹងមានការធ្លាក់ចុះច្រើន ខណៈសកម្មភាពរបស់លោកដូណាល់ ត្រាំកន្លងមកបានជះឥទ្ធិពលទៅលើតម្លៃហាងឆេងមាស ដែល​ភាគច្រើនសកម្មភាពលោក ​​​ត្រាំ សុទ្ធតែធ្វើឱ្យប្រាក់ដុល្លារល្អ ធ្វើឱ្យសេដ្ឋកិច្ចអាមេរិកល្អ ដូច្នេះជាហេតុផលដែលរុញឱ្យ តម្លៃហាងឆេងមាសធ្លាក់ចុះ នៅពេលដែលគាត់កំពុងតែលើកឡើងតែម្ដង។

លោកបានបន្ថែមថា ធនាគាកណ្ដាលសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ ហាក់ខុសប្លែក​ជាងឆ្នាំមុនៗ ជាពិសេសនៅខែ ១២ ឆ្នាំ ២០២៤ គាត់នឹងចេញសុទ្ទរកថា ឬថ្លែងអំពីគោលដៅនៅឆ្នាំបន្ទាប់ថា នឹងទម្លាក់អត្រាការប្រាក់ ឬក៏កំណត់អត្រាការប្រាក់ប៉ុន្មានដង តែក្នុងមួយឆ្នាំ ២០២៥ គឺមិនមានកំណត់ថា តើដំឡើងប៉ុន្មានដង ទម្លាក់ប៉ុន្មានដង ឬកំណត់ ទម្លាក់ ឬដំឡើងនោះទេ ព្រោះដោយសារស្ថានភាព គាត់នឹងសំដៅទៅលើភាពជាក់ស្ដែងតែម្ដង។

លោក ឡុង សំណាង អះអាងថា អ្វីដែលធនាគារកណ្ដាលអាមេរិកមើល គឺទៅលើការងារ បើកំណើនការងារកើនឡើង បើកំណើនប្រាក់ចំណូលកើនឡើង បើថ្លៃទំនិញកើនឡើង គាត់មើល ៤ ទៅ ៥ ចំណុចហ្នឹង ក៏គាត់អាចវិនិច្ឆ័យក្នុងការបោះឆ្នោតដំឡើង ទម្លាក់អត្រាការប្រាក់បានហើយ។

លោក ឡុង សំណាងយល់ឃើញថា៖ «ភាគរយច្រើន ឆ្នាំ ២០២៥ គឺធនាគារកណ្ដាលអាមេរិកនឹងកាត់បន្ថយ​អត្រាការប្រាក់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចដើរដោយរលូនទៅមុខតែម្ដង ពេលដែលសេដ្ឋកិច្ចដើរ ថ្លៃលុយមានតម្លៃទាប ឬមានតុល្យភាពជាមួយលំនឹងទីផ្សារ មានន័យថា វិនិយោគិនគេនឹងនាំគ្នាទៅវិនិយោគ ដោយសារតែមានលំនឹងផលិតផលជាមួយតម្លៃលុយ ប្រសិនបើអត្រាការប្រាក់ថ្លៃ ការ​វិនិយោគនឹងថយចុះហើយម្នាក់ៗយកលុយទៅដាក់តែធនាគារ»។

លោក ឡុង សំណាង បញ្ជាក់បន្ថែមថា កត្តាភូមិសាស្ត្រនយោបាយ ទោះបីបច្ចុប្បន្នហាក់ដូចជាស្ងប់ស្ងាត់ ប៉ុន្តែមិនទាន់ស្ងប់រម្ងាប់ថា សន្តិភាព ១០០% ទេ នៅប្រទេសប៉ែកអឺរ៉ុប ឬរុស្ស៊ី-អ៊យក្រែន ដែលធ្លាប់មានវិវាទ ឬប្រទេសដែលមាន អរិភាពនឹងគ្នាក៏អាចផ្ទុះឡើងនៅក្នុងឆ្នាំ ២០២៥ នេះដែរ ដូច្នេះសាធារណជនក៏អាចមានឱកាស​ជួញដូរលើវិស័យជួញដូរលើតម្លៃ​ហាងឆេងមាស។      

តម្លៃហាងឆេងមាសនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៥ ស្មើនឹង ២ ៦៥៨ ដុល្លារ ក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ២០២ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។

សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣១៩ ដុល្លារ​ក្នុងមួយជី។

អ្នកស្រី ជុត គីមសែ អាជីវករលក់មាសនៅផ្សារធំថ្មី ប្រាប់ថា សកម្មភាពទិញ-លក់មាស មានភាពស្ងប់ស្ងាត់មួយរយៈកន្លងមកនេះ ដោយសារហាងឆេងមាសប្រែប្រួលឡើងចុះច្រើន ធ្វើឱ្យអតិថិជនភ័យបារម្ភ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម