សេដ្ឋកិច្ច
អ្នកអភិវឌ្ឍគាំទ្រចំណាត់ការ សម្រួលឱ្យអតិថិជនដែលបង់រំលស់ជាមួយម្ចាស់បុរី ផ្ទេរបំណុលទៅគ្រឹះស្ថានធនាគារ
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានគាំទ្រចំណាត់ការសម្របសម្រួលឱ្យអតិថិជនដែលបានបង់រំលស់ផ្ទះជាមួយម្ចាស់បុរី ក្នុងអត្រាការប្រាក់ខ្ពស់ អាចអាចផ្ទេរកម្ចីនេះទៅជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញ ក្នុងអត្រាការប្រាក់ទាបជាង។

អ្នកឧកញ៉ាបានលើកឡើងបន្ទាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធនាគារជាតិនៃកម្ពុជា រួមជាមួយនឹង វិស័យអចលនទ្រព្យ និងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅថ្ងៃទី ០៣ មករា បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ឲ្យអតិថិជនដែលបានទទួលកម្ចីពីម្ចាស់បុរី ក្នុងតម្លៃខ្ពស់ អាចផ្ទេរបំណុលទៅជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញ ក្នុងអត្រាការប្រាក់ទាបជាង។
អ្នកឧកញ៉ា សំ សុខនឿន ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥នេះថា៖« កន្លងមក ម្ចាស់គម្រោងមួយចំនួន មិនមានថវិកាសាងសង់បញ្ចប់គម្រោងរបស់គាត់បានដោយរលូនទេ ប៉ុន្តែអ្នកទិញមួយចំនួនធំ គឺទិញដោយធ្វើការបង់រំលស់ទៅខាងម្ចាស់គម្រោង ខណៈការបង់រំលស់តិចៗ មិនអាចឱ្យម្ចាស់គម្រោងមានលុយគ្រប់គ្រាន់ដើម្បីយកទៅសាងសង់បញ្ចប់គម្រោងទេ»។

អ្នកឧកញ៉ា សំ សុខនឿន បានបញ្ជាក់ថា សម្រាប់គម្រោងណា ដែលម្ចាស់គម្រោងមានលុយ គ្រប់គ្រាន់ គាត់អាចបញ្ចប់គម្រោងនោះបាន ប៉ុន្តែប្រសិនបើ គម្រោងនោះ មិនមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបញ្ចប់គម្រោងទេ គឺលុយដែលទទួលបានពីការទិញពីអតិថិជន ដែលបង់រំលស់ប្រចាំខែ ឬក៏គម្រោងមួយចំនួនទៀត គាត់លក់បានតិច ហើយអតិថិជនរបស់គាត់មិនបង់រំលស់ថែមទៀត គឺគាត់មិនមានសាច់ប្រាក់ដើម្បីធ្វើការបញ្ចប់គម្រោងទេ។
អ្នកឧកញ៉ា សំ សុខនឿន បន្ថែមថា៖ «កាលណាគាត់មិនអាចបញ្ចប់គម្រោងបានល្អ អញ្ចឹងគាត់មិនអាចប្រគល់ផ្ទះ ទៅឱ្យអ្នកទិញបានទាន់ពេលវេលា តាមកុងត្រានោះទេ។ អញ្ចឹងហើយបានជាមានភាពជាប់គាំងមួយរយៈចុងក្រោយនេះ ជាប់គាំងនេះ គឺថា ម្ចាស់គម្រោងមិនមានលុយគ្រប់គ្រាន់ក្នុងការសាងសង់បញ្ចប់»។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៥ បានរៀបចំកិច្ចពិភាក្សាមួយជាមួយវិស័យអចលនទ្រព្យ និងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីសម្របសម្រួលជាមួយភាគីពាក់ព័ន្ធឲ្យអតិថិជនដែលបានទទួលកម្ចីពីម្ចាស់បុរី ក្នុងតម្លៃខ្ពស់ អាចផ្ទេរកម្ចីនេះទៅជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញ ក្នុងអត្រាការប្រាក់ទាបជាង។
លោកស្រី ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា៖ «កិច្ចសម្របសម្រួលនេះនឹងជួយម្ចាស់បុរីដែលជាប់គាំងទុនបង្វិល បានថវិកាដុំមកវិញដើម្បីបន្តការអភិវឌ្ឍរបស់ពួកគាត់ ហើយក៏នឹងជួយអតិថិជនឲ្យទទួលបានឥណទានផ្ទះពីគ្រឹះស្ថានធនាគារ ដែលជាទូទៅមានការប្រាក់ទាបជាង និងមានរយៈពេលយូរជាងរហូតដល់ ២៥ឆ្នាំ ឬ ៣០ឆ្នាំ»។
អ្នកឧកញ៉ា សំ សុខនឿន បានបញ្ជាក់បន្ថែមថា បញ្ហាមួយទៀត គឺអ្នកទិញគាត់គ្មានលទ្ធភាពក្នុងការបបង់ ដោយសារតែគាត់ជួបបញ្ហាហិរញ្ញវត្ថុមួយចំនួន ពីមុនធ្លាប់បង់ ១ ០០០ ដុល្លារ ក្នុងមួយខែ ឥឡូវគាត់អត់មានលុយបង់ ១ ០០០ ដុល្លារ ក្នុងមួយខែទេ ហើយម្ចាស់គម្រោងអត់ទទួលបានលុយហ្នឹង អញ្ចឹងមានភាពជាប់គាំងជាមួយគ្នា។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បញ្ជាក់ថា ប្រសិនបើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ សម្របសម្រួល ដើម្បីផ្ដល់កម្ចីដល់អតិថិជន ដូច្នេះអតិថិជន ពេលដែលគាត់មានលុយហើយ គាត់បង់ផ្ដាច់ទៅឱ្យម្ចាស់គម្រោង ហើយម្ចាស់គម្រោងអាចបន្តបញ្ចប់ការសាងសង់។ ហើយនៅពេលដែលគាត់អាចសាសង់បាន គឺគាត់អាចសាងសង់ផ្ទះ ប្រគល់ទៅឱ្យដល់អ្នកទិញបាន អញ្ចឹងគម្រោងដែលជាប់គាំងគឺដើរវិញហើយ។

សូមជំរាបថា កាលពីពេលកន្លងទៅថ្មីៗនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏បានគាំទ្រគំនិតផ្តួចផ្តើម ក្នុងការបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ មកត្រឹម ៨% ក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ទិញលំនៅឋាននូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់ កាន់តែមានភាពងាយស្រួល។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា៖ «កម្ចីនៅក្នុងវិស័យអចលនទ្រព្យប្រមាណ ១០% ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការថមថយបន្តិច ឥឡូវនេះសមតុល្យសរុបជាង ១ ពាន់ លាន អញ្ចឹងសម្រាប់វិស័យអចលនទ្រព្យមានប្រមាណជិត ១០០ លានដុល្លារ អត្រាការប្រាក់ ៨% ក្នុងមួយឆ្នាំ មិនមែនជារឿងដែលពិបាកនោះទេ គឺធនាគារអាចទទួលយកបានមិនមានបញ្ហានោះទេ»។
លោក តូច ចៅចេក ស្វាគមន៍ និងសហការតាមអនុសាសន៍របស់ទេសាភិបាលធនាគារជាតិពិភាក្សាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

យោងតាម ធនាគារជាតិកម្ពុជា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យអចលនទ្រព្យមានប្រមាណ ៦,២០ ពាន់លានដុល្លារ ឬស្មើនឹង ១០%នៃទំហំឥណទានជាង ៦១ ពាន់លានដុល្លារ មានកំណើន ១៧,៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ក្នុងវិស័យសំណង់ មានចំនួនសរុបប្រមាណ ៧,៣០ ពាន់លានដុល្លារ កើនឡើង ៣៣,៣ ភាគរយ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល