សេដ្ឋកិច្ច
ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជាង ៥៤,៧៤ ពាន់លានដុល្លារ នៅឆ្នាំ ២០២៤
ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ មានការកើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣ ដែលសម្រេចបាន ៤៦,៨២ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥។

ទិន្នន័យរបស់ GDCE បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%។ ទិន្នន័យរបស់ GDCE បង្ហាញថា កម្ពុជាមានឱនភាពពាណិជ្ជកម្មជាង ២,៣៤ ពាន់លានដុល្លារ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់កម្ពុជាថ្មីថា ការនាំចេញទំនិញរបស់កម្ពុជាមានកំណើន ដោយសារទីផ្សារបញ្ជាទិញ ពោលគឺពាក់ព័ន្ធនឹងអស្ថិរភាពក្នុងតំបន់ ដូចជាអស្ថិរភាពនយោបាយនៅប្រទេសភូមា បង់ក្លាដេស បានធ្វើឱ្យរោងចក្រមួយចំនួនរើមកកម្ពុជា ដែលធ្វើឱ្យការបញ្ជាទិញមានការកើនឡើងទាំងការវិនិយោគ និងនាំចេញ។

អ្នកឧកញ៉ា លឹម ហេង យល់ឃើញថា៖ «នៅឆ្នាំ ២០២៥ ពាណិជ្ជកម្ម្មកម្ពុជានៅតែមានភាពល្អប្រសើរ ដោយសារការចុះបញ្ជីអ្នកវិនិយោគថ្មី ឆ្នាំមុននេះ គឺថា មានរហូតដល់ជាង ២០០ ក្រុមហ៊ុន ដូច្នេះការផលិត និងការនាំចេញក៏មានការកើនឡើង ហើយកត្តាដែលនាំឱ្យអ្នកវិនិយោគ និងការនាំចេញកើនឡើងដោយសារស្ថិរភាពនយោបាយ ច្បាប់វិនិយោគថ្មីមានការលើកទឹកចិត្តច្រើន ព្រមទាំងកត្តាទីផ្សារដែលកម្ពុជាយើងមានទីផ្សារសេរីពាណិជ្ជកម្មកម្ពុជា-ចិន កម្ពុជា-កូរ៉េ ក៏ដូចជា RCEP ទន្ទឹមសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន កំពុងដំឡើងពន្ធដាក់គ្នាក៏ជាឱកាសសម្រាប់កម្ពុជាទាក់ទាញអ្នកវិនិយោគដើម្បីផលិតក្នុងការនាំចេញ»។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន មានប្រសាសន៍ថា បម្រែបម្រួលក្នុងគោលនយោបាយរវាងអាមេរិក និងចិនចូលរួមចំណែកខ្លាំង គោលនយោបាយពន្ធអាមេរិកនាំចូលទំនិញពីចិនកើនឡើង ធ្វើឱ្យរោងចក្រមើលឃើញថា ប្រសិនបើលោកដូណាល់ ត្រាំ ឡើងកាន់ដំណែង គោលនយោបាយនេះ នឹងដាក់ចេញ ធ្វើឱ្យរោងចក្រមួយចំនួនរើមកតំបន់អាស៊ីអាគ្នេយ៍។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ លើកឡើងថា កម្ពុជា អាចបំពេញតាមលក្ខខណ្ឌរបស់ប្រទេសដែលមានតម្រូវការ ហើយការបញ្ជាទិញពីកម្ពុជា ផ្ដោតលើទំនិញកាត់ដេរ សម្លៀកបំពាក់ និងសម្ភារធ្វើដំណើរ ដែលមានស្បែកជើងជាដើម សុទ្ធតែជាទំនិញអាទិភាព ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ដែលនាំទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកបណ្ឌិត ហុង វណ្ណៈ បន្តថា ការនាំចេញផលិតផលកសិកម្មក៏មានកំណើននៅឆ្នាំ ២០២៤ នេះ ខណៈកម្ពុជាមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយបណ្ដាប្រទេសធំៗដែលជាដៃគូ ទាំងទ្វេភាគី និងពហុភាគី ក្នុងនោះមានប្រទេសចិន ដែលចិនបានទិញទំនិញកសិផលមួយចំនួនពីកម្ពុជាដូចជា អង្ករ ស្វាយកែវរមៀត ចេកអំបូងលឿងជាដើម ខណៈការនាំចេញកសិផលរបស់កម្ពុជាទៅប្រទេសជិតខាងក៏មានកំណើន។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ