Connect with us

សេដ្ឋកិច្ច

ឆ្នាំ​២០២៤ កម្ពុជានាំចេញអង្ករចំនួនជាង៦៥ម៉ឺនតោន រកចំណូលបានជិត៥រយលានដុល្លារ

បានផុស

នៅ

រយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន ទៅក្រៅប្រទេសដោយអាចរកបានចំណូលបាន៤៩១.១៩លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងចំណោមអង្កដែលនាំចេញចំនួន ៦៥១ ៥២២តោន គឺមានអង្ករចំនួន ៦៤៥ ៨៧២ តោន បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអជ្ញាធរមាន សមត្ថកិច្ចតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៨ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ៣២៧ ១៥៦ តោន គិតជាទឹកប្រាក់ចំនួន ២៥៣.១៨​ លានដុល្លារសហរដ្ឋអាមេរិក  ទៅកាន់ប្រទេសចិន ​រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១១៧ ៩២៥ តោន គិតជាទឹកប្រាក់ចំនួន ៧៥.៦៦ លានដុល្លារសហរដ្ឋ        អាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន  ១២៧ ០៧៦ តោន​ គិតជាទឹកប្រាក់ចំនួន ៩២.៧០ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់ គោលដៅ ៣២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី     ញ៉ូហ្សេឡេន ។ល។ បានចំនួន   ៧៩ ៣៦៥ តោន គិតជាទឹកប្រាក់ចំនួន  ៦៩.៥៤ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៦.១៥% ប្រភេទអង្ករស ធម្មតា​ ១៨.៧០% អង្ករចំហ៊ុយ ៣.១០% អង្ករសរីរាង្គចំនួន ១.៧៨%  និងអង្ករផ្សេងៗចំនួន ០.២៧% ។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៥ ១៨០ ១៥៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៤៩៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

នៅក្នុងជំនួបជាមួយប្រតិភូសហព័ន្ធស្រូវអង្ករ កាលពីថ្ងៃទី០៨ ខែមករា ថ្មីៗនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម