Connect with us

សេដ្ឋកិច្ច

អាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេ របស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជិត ១០ ពាន់​លានដុល្លារ នៅឆ្នាំ ២០២៤

បានផុស

នៅ

សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញទំនិញធំជាងរបស់កម្ពុជា ដែលសម្រេចបាន​ទំហំទឹក​ប្រាក់​​​​នាំចេញជាង ៩,៩១ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​​​រដ្ឋាករ​កម្ពុជា ​(GDCE) ​នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារកើនឡើង ១១% ធៀបនឹង​ឆ្នាំ​ ២០២៣​ ក្នុង​នោះ ​កម្ពុ​ជា​​នាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លាន​ដុល្លារ កើន​ឡើង ១១,៤% និង​ទំនិញ​អា​មេរិកនាំចូល​មក​​​កម្ពុជាតម្លៃ ជាង ២៦៤ លានដុល្លារ កើន ២%។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ប្រាប់កម្ពុជាថ្មីថា តម្រូវ​ការទីផ្សារអន្តរជាតិដូចជាអាមេរិក និងទីផ្សារអឺរ៉ុបកើនឡើង ធ្វើឱ្យការនាំចេញរបស់​កម្ពុជា​មាន​កំណើន។

អ្នកឧកញ៉ា លី ឃុនថៃ៖ «ការនាំចេញផលិតផលស្បែកជើង និងវាយនភណ្ឌកើនឡើងប្រមាណ ២០ ភាគរយនៅក្នុងឆ្នាំ ២០២៤ ធៀបនឹងឆ្នាំមុន ខណៈការបញ្ជាទិញច្រើន រួមផ្សំនឹង​សន្តិ​ភាព​នយោបាយនៅកម្ពុជា»។

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់កម្ពុជាថ្មីថា សេដ្ឋកិច្ច​អាមេរិក និងបណ្តាប្រទេសធំៗមួយចំនួន មានកំណើនបានអូសទាញនូវតម្រូវការ ទើបធ្វើឱ្យ​ការ​​នាំ​ចេញរបស់កម្ពុជាកើនឡើង។

ម្យ៉ាងទៀត កំណើននៃការនាំចេញរបស់កម្ពុជា ក៏ដោយសារតែរោងចក្រសហគ្រាសនៅក្នុង​ផ្នែក​​កមន្តសាលផ្ទេពីការផលិត​តែសម្លៀកបំពាក់ទៅលើទំនិញផ្សេងៗទៀត ហើយទំនិញ​កម្ពុ​ជា​​ដែលផ្ញើទៅអឺរ៉ុប និងអាមេរិក នៅតែមានភាពប្រកួតប្រជែង។

ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និង​សម្ភារ​ប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម