ព័ត៌មានជាតិ
អ្នកវិភាគ និងតំណាងវិស័យឯកជន ៖ សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានក្នុងរង្វង់៦%ក្នុងឆ្នាំ២០២៤ និង នឹងកើនជាង៦%នៅឆ្នាំ២០២៥នេះ
កំណើនសេដ្ឋកិច្ចរបស់កម្ពុជាអាចសម្រេចបានក្នុងអត្រា៦%កាលពីឆ្នាំ២០២៤ តាមការព្យាករណ៍របស់រាជរដ្ឋាភិបាល និងបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ដោយសារតែកំណើនខ្ពស់នៃការនាំចេញផលិតផលសម្លៀកបំពាក់កាត់ដេរ ស្បែកជើង និងផលិតផលអ្នកធ្វើដំណើរ ការនាំចេញផលិតផលកសិកម្ម និងកំណើនខ្ពស់នៃវិស័យទេសចរណ៍។នេះបើយោងតាមការលើកឡើងពីតំណាងវិស័យឯកជន និងអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ។

ការព្យាករណ៍របស់រដ្ឋាភិបាល
កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងសម្រេចបានអត្រា៦%នៅឆ្នាំ២០២៤ គាំទ្រពីការហក់ស្ទុះងើបឡើងវិញនៃវិស័យនាំចេញ ជាពិសេសការនាំចេញសម្លៀកបំពាក់កាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងផលិតផលសម្រាប់អ្នកដំណើរ។
ស្ថានភាពល្អប្រសើរសេដ្ឋកិច្ចតំបន់ និងសកលធ្វើឱ្យមានតម្រូវខ្ពស់ ទោះមានវិបត្តិភូមសាស្រ្តនយោបាយ
ថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី១៣ ខែមករានេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាថា ផ្អែកលើតួលេខពីអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ ការនាំចេញរបស់កម្ពុជាមានកំណើនជាង១០% ជាមួយគ្នានោះដែរផលិតផលសំខាន់ៗដែលរួមមាន ការនាំចេញផលិតផលសម្លៀកបំពាក់កាត់ដេរ ស្បែកជើង និងផលិតផលអ្នកធ្វើដំណើរ ការនាំចេញផលិតផលកសិកម្ម និងកំណើនខ្ពស់នៃវិស័យទេសចរណ៍ បានកើនឡើងខ្ពស់កាលពីឆ្នាំមុនដែលជាកត្តាគន្លឹះគាំទ្រដល់កំណើនសេដ្ឋកិច្ចទាំងមូល។

លោកបាថ្លែងថា៖«បើយើងមើលតាមតួលេខរបស់គយ ការនាំចេញរបស់យើងមានការកើនឡើងជាង១០% ខណៈស្ថានភាពកាន់តែប្រសើរនៃវិស័យទេសចរណ៍ក៏បានចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់យើងខ្ពស់ផងដែរ។ ជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញថាយើងក៏ទទួលបានកំណើននាំចេញគ្នាជាមួយបណ្តាប្រទេសដៃគូរក្នុងតំបន់តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីផងដែរ»។
លោកក៏បានលើកឡើងផងដែរ អំពីស្ថានភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលលោក ទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយនៅតែបន្ត។ លោកថា៖«អ្វីដែលគួរឱ្យកត់សម្គាល់នាឆ្នាំកន្លងមកនោះគឺ យើងឃើញមានតម្រូវការខ្ពស់ពីបណ្តាប្រទេសគោលដៅនាំចេញរបស់កម្ពុជាយើង ដែលរួមមានទាំងទីផ្សារអាមេរិក និងអឺរ៉ុបទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ។ ការណ៍នេះហើយដែលមានតម្រូវការខ្ពស់លើផលិតផលរបស់កម្ពុជាយើង។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគនិងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងមកកាន់កម្ពុជាថ្មីថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ស្ថានភាពសេដ្ឋកិច្ចសកលនិងតំបន់ហាក់មានភាពល្អប្រសើរ ដែលផ្តល់ឱកាសល្អដល់ការនាំចេញរបស់កម្ពុជា។ លើសពីនោះទៅទៀត ការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីក៏បានចូលរួមចំណែកដល់ការផ្តល់លទ្ធភាពបន្ថែមដល់កម្ពុជាបង្កើនការនាំចេញដែរ។

លោកបានលើកឡើងថា៖«ខ្ញុំយល់ឃើញថា ចំពោះកំណើនសេដ្ឋកិច្ចរបស់យើងកាលពីឆ្នាំ២០២៤គឺអាចសម្រេចបានក្នុងអត្រា៦%ដូចដែលអ្វីដែលរដ្ឋាភិបាលបានព្យាករណ៍កន្លងមក។ ជាមួយគ្នា ភាពអំណោយផលនៃទីផ្សារនាំចេញដូចជានៅអឺរ៉ុបនិងអាមេរិកក៏បានចូលរួមចំណែកដ៏សំខាន់មកលើផលិតផលរបស់កម្ពុជាយើងផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ យើងក៏បាននាំចេញច្រើនទៅកាន់ដៃគូរនាំចេញនៅក្នុងតំបន់ដែលមានដូចជាចិន ជប៉ុន និងប្រទេសដៃគូរនៅអាស៊ានផងដែរ»។
កត្តាសន្តិភាព សណ្តាប់ធ្នាប់សង្គម សុវត្ថិភាព និងស្ថិរភាពនយោបាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ប្រទេសកម្ពុជាបានរក្សាបាននូវកំណើនខ្ពស់
លោក អូន ព័ន្ធមុនីរ័ត្នថា ជាមួយនឹងសន្តិភាព សណ្តាប់ធ្នាប់សង្គម សុវត្ថិភាព និងសន្តិសុខប្រកបដោយនិរន្តរភាព និងស្ថិរភាពនយោបាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ប្រទេសកម្ពុជាបានរក្សាបាននូវកំណើនខ្ពស់ជាបន្តបន្ទាប់ ដែលនាំទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ការកាត់បន្ថយភាពក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥។
លោកថា៖«សម្រាប់ឆ្នាំ ២០២៤ និង ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងរង្វង់៦% និង ៦,៣% រៀងៗខ្លួន ដែលត្រូវបានគាំទ្រការស្ទុះងើបឡើងជាបន្តបន្ទាប់នៅក្នុងវិស័យនាំចេញ ជាពិសេសវិស័យកាត់ដេរ»។
លោកបានថ្លែងបញ្ជាក់ថាសម្រាប់វិស័យការស្នាក់នៅ និងវិស័យគាំទ្រផ្សេងទៀត (ទេសចរណ៍) ត្រូវបានគេរំពឹងថានឹងបន្តនិន្នាការកើនឡើង និងឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺកូវីដ១៩។ ទន្ទឹមនឹងនោះ សន្ទុះនៃភាពធន់នៅក្នុងវិស័យមិនមែនកាត់ដេរនឹងរក្សាបានជាមួយនឹងឧស្សាហកម្មផលិតកម្មដែលទើបនឹងកើតថ្មី ជាពិសេសគ្រឿងបង្គុំរថយន្ត ការផលិតម្ហូបអាហារ និងភេសជ្ជៈ។

«សម្រាប់អតិផរណានៅឆ្នាំ ២០២៤ និង ២០២៥ ត្រូវបានគេរំពឹងថានឹងមានអត្រា ២,៧% និង ២,៥% រៀងគ្នា។ ទោះជាយ៉ាងណាក៏ដោយដោយសារការអនុវត្តបច្ចុប្បន្ន អតិផរណានៅឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថានឹងទាបជាងការរំពឹងទុក»។ នេះបើយោងតាមលោក អូន ព័ន្ធមុនីរ័ត្ន។
ការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
កាលពីខែកញ្ញា ADB បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤។
ADB ក៏បានកាត់បន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,0% មក ០,៥% សម្រាប់ឆ្នាំ ២០២៤។ ជាមួយគ្នានេះដែរ ADB ក៏បានព្យាករណ៍ថា សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៦,0% សម្រាប់ឆ្នាំ ២០២៥។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។
លោកស្រីថា៖«ជារួម កម្លាំងចលករ ទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើន រឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត»។
ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ មានការកើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣ ដែលសម្រេចបាន ៤៦,៨២ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥។
ទិន្នន័យរបស់ GDCE បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%។ ទិន្នន័យរបស់ GDCE បង្ហាញថា កម្ពុជាមានឱនភាពពាណិជ្ជកម្មជាង ២,៣៤ ពាន់លានដុល្លារ៕

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?