Connect with us

សេដ្ឋកិច្ច

កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ ជាមួយទុនប្រមាណ ៦,៩ ពាន់លានដុល្លារនៅឆ្នាំ ២០២៤

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងឆ្នាំ ២០២៤ បានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការអនុម័តគម្រោង​វិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។

default
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៦៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន​១៥០​គម្រោង។

ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន១៤៦គម្រោង ខណៈទុន​វិនិយោគមានការ កើនឡើងប្រមាណជិត ២ពាន់​លានដុល្លារ ស្មើនឹងប្រមាណជិត៤០% ធៀបនឹងឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។

វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគ ក្នុងវិស័យនេះ មានប្រមាណ ៤,៨ ពាន់លានដុល្លារអាម៉េរិក ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។

ទន្ទឹមនេះ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបជាង ១២១លានដុល្លារអាម៉េរិក ស្មើនឹង ២%, វិស័យទេសចរណ៍មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៣៨លានដុល្លារអាម៉េរិក ស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុប ប្រមាណជាង ១,៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម