Connect with us

ព័ត៌មានជាតិ

ហួស​ភ្នំសំពៅជាង ១ គីឡូម៉ែត្រ ផ្លែត្នោត​ទាំងធ្លាយៗ​​ពលរដ្ឋ​តាំងលក់​ ទាក់ទាញទេសចរ​ធ្វើ​ដំណើរ​ឆ្លងកាត់

បានផុស

នៅ

គ្រាប់ត្នោតខ្ចីគឺជាមុខបង្អែមម្យ៉ាង ដែលពលរដ្ឋ​មួយ​ចំនួន​និយមយកទៅបរិភោគភ្លាមៗ ឬក៏យកទៅកែច្នៃជាបង្អែមផ្សេងៗទៅតាមតម្រូវការរៀងៗខ្លួន។ ដោយឡែក​អ្នកប្រកបមុខរបរឡើងកាប់ផ្លែត្នោតពីលើដើមចុះមក ក៏ជាមុខជំនាញច្បាស់លាស់​ផងដែរ ព្រោះបើមិនដូច្នោះទេអាចកាត់ប៉ះចំផ្លែខ្ចីឬផ្លែចាស់ជ្រុល ក៏មិនអាចយកមកទទួលទានបានដែរ។

ដើមត្នោតគឺជាអត្តសញ្ញាណជាតិរបស់ខ្មែរ ហើយដើមត្នោតក៏អាចហុចផលឱ្យពលរដ្ឋខ្មែរយកមកកែច្នៃបានគ្រប់យ៉ាង។ ឧទាហរណ៍ត្រួយត្នោតយកមកដេរមួកពាក់ ស្លឹកត្នោតយកមកធ្វើជាកន្ទេលឬធ្វើជាដំបូលប្រក់ផ្ទះ ផ្កាត្នោតគាបធ្វើជាទឹកត្នោតនិងរំងាស់ជាស្ករ ផ្លែត្នោតកាប់យកគ្រាប់បរិភោគ ធាងត្នោតឬគាវត្នោត យកដំវេញធ្វើជាខ្សែ និងដើមត្នោតយកធ្វើជាទូក​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

   

ក្នុង​វ័យ ៣៧ឆ្នាំ លោក ពេជ្រ សុមល រស់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់ថា លោក​បានប្រកបមុខរបរកាប់គ្រាប់ត្នោតលក់ជាយូរឆ្នាំមកហើយ ដែលតូប​លក់​ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥៧ មាន​ចម្ងាយ​ប្រមាណ ១៤ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងហួសភ្នំក្រពើបន្តិច។

បុរស​រូបនេះ​បញ្ជាក់ថា ផ្លែត្នោតដែល​លោក​យកមក​លក់​គឺ​​លើកយកពីគេ​មកកាប់លក់ ដោយការទិញចូលក្នុងមួយផ្លូនទៅតាមរដូវដែលសំបូរឬខ្សត់ខ្សោយ បើសម្បូរមួយផ្លូន ២ ម៉ឺនរៀល (១ ផ្លែ មានគ្រាប់ ៣) តែបើខែដែលមិនសូវមានគឺមួយផ្លូវតម្លៃ ៤ ម៉ឺនរៀល

ការ​លក់​វិញ លោក ពេជ្រ សុមល ​ប្រាប់​ថា កាប់យកគ្រាប់ត្នោតច្រកថង់លក់ក្នុងមួយថង់ ១ ម៉ឺនរៀលដែលក្នុងនោះមានគ្រាប់ត្នោត ចាប់ពី ១៣ ដល់ ២០ គ្រាប់ ក៏ទៅតាមរដូវកាលដែលសម្បូរឬខ្សត់ខ្សោយយ៉ាងដូច្នេះដែរ។

សព្វថ្ងៃនៅទីតាំង​ដែលលោក ពេជ្រ សុមល លក់គ្រាប់ត្នោត ក៏មានលក់ផលិតផលផ្សេងៗទៀត ប៉ុន្តែតូបនីមួយៗគឺយកគ្រាប់ត្នោតនិងផ្លែត្នោតជាស្នូល ដោយដាក់តាំងនៅពីមុខតូបទាំងធ្លាយៗ ព្រោះភ្ញៀវដែលធ្វើដំណើរតាមផ្លូវជាតិ ៥៧ ទៅកាន់ខេត្តប៉ៃលិន គឺអាចចូលទិញតូបណាមួយក៏ដោយសារតែឃើញផ្លែត្នោតនេះផងដែរ តែបើតូបណាគ្មានតាំងផ្លែត្នោតពីមុខទេ ក៏ភ្ញៀវមិនសូវចាប់អារម្មណ៍និងចូលទិញនោះដែរ។

លោក ពេជ្រ សុមល ក៏បានសំណូមពរដល់មគ្គុទេសទេសចរណ៍ទាំងឡាយ ដែលនាំភ្ញៀវអន្តរជាតិទៅទស្សនា​សត្វប្រចៀវ​នៅភ្នំសំពៅ អាច​នាំភ្ញៀវ​ហួស​ទៅមុខប្រហែលមួយគីឡូម៉ែត្រ ដើម្បី​ឲ្យភ្ញៀវបរទេសបានស្គាល់អំពីតម្លៃផ្លែត្នោតនិងគ្រាប់ត្នោតរបស់ខ្មែរ ព្រោះដើមត្នោតគឺជាអត្តសញ្ញាណរបស់ជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ និងដើម្បីឲ្យមុខរបរកាប់គ្រាប់ត្នោតលក់មានទីផ្សារល្អផង ព្រោះគ្រាប់ត្នោតមានលក់តែចន្លោះខែធ្នូដល់ខែមិថុនាប៉ុណ្ណោះ បើ​ឈាន​ចូលដល់រដូវវស្សាគឺមិនសូវមានអ្នកឡើងត្នោតប៉ុន្មានឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម