Connect with us

ព័ត៌មានជាតិ

ធនាគារធំរបស់ចិនតៃវ៉ាន់ Bank SinoPac បញ្ច​ប់ការទិញភាគហ៊ុន៨០%របស់អម្រឹត

បានផុស

នៅ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលស្ថាប័នហិរញ្ញ​វត្ថុ​ដ៏ធំមួយនៅកម្ពុជាបានប្រកាសនៅ​ព្រឹកថ្ងៃទី១៥នេះថា  Bank SinoPac (ធនាគារ សាយណូផេក) របស់ចិនតៃវ៉ាន់បានបិទបញ្ច​ប់ការទិញជាស្ថាពរនៃ​ភាគហ៊ុនចំនួន ៨០% នៅក្នុងស្ថាប័នខ្លួន​ បន្ទាប់ពីទទួលបានការអនុញ្ញាតជាផ្លូវការពីអាជ្ញាធរអាណាព្យាបាលពាក់ព័ន្ធនានារបស់ស្ថាប័នទាំងពីរ។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អម្រឹត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមអម្រឹត ចាប់ពីពេលនេះតទៅ Bank SinoPac បានក្លាយទៅជាភាគទុនិកធំរបស់ អម្រឹត។ ចំណែកឯអតីតភាគទុនិកធំរបស់ អម្រឹត គឺ ស្ថាប័ន Advans  បានធ្វើការលក់ភាគហ៊ុនរបស់ខ្លួនទាំងស្រុង ស្របពេលដែលភាគទុនិកសំខាន់របស់ អម្រឹត ចំនួន០២ ផ្សេងទៀត គឺសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)ដែលជាក្រុមហ៊ុនវិនិយោគរបស់ធនាគារពិភពលោក និងធនាគារវិនិយោគនៃប្រទេសហូឡង់(FMO)បានធ្វើការលក់ភាគហ៊ុនរៀងៗខ្លួនចំនួនពាក់កណ្តាលហើយចំពោះភាគហ៊ុនដែលនៅសល់នឹងត្រូវបានកាត់បន្ថយជាបន្តបន្ទាប់សម្រាប់រយៈពេលយ៉ាងហោចណាស់ ០២ឆ្នាំទៅមុខ ដើម្បីធានាឲ្យបានការផ្លាស់ប្តូរភាគទុនិកថ្មីដោយរលូននៅក្នុង អម្រឹត។ បន្ទាប់មក Bank SinoPac នឹងធ្វើការកាន់កាប់ភាគហ៊ុនចំនួន ១០០% តែម្តងនៅក្នុង អម្រឹត។

លោក ដុស ឌីន ជាអគ្គនាយករបស់ អម្រឹត បានមានប្រសាសន៍ថា៖«ខ្ញុំមានពិតជាមានសេចក្តីរីករាយ និងសូមធ្វើការស្វាគមន៍ជាផ្លូវការសម្រាប់ការមកដល់ប្រទេសកម្ពុជារបស់ Bank SinoPac ដែលបានក្លាយជាភាគទុនិកធំថ្មីរបស់ អម្រឹត។ Bank SinoPac គឺជាអ្នកផ្តល់ប្រាក់កម្ចីមួយរបស់ អម្រឹត អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកន្លងមកស្ថាប័នទាំង ០២ មានទំនាក់ទំនងល្អយ៉ាងជិតស្និតជាមួយគ្នាក្នុងភាពជាដៃគូ និងបានទទួលស្គាល់នូវគុណតម្លៃរបស់គ្នាជាយូរមកហើយ»។

លោកបានបន្ថែមថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងការផ្លាស់ប្តូរភាគទុនិកនេះ​​​​​ បានដាក់ទិសដៅការងារជាអាទិភាពធ្វើយ៉ាងណាឲ្យការផ្ទេរភាគហ៊ុននេះធ្វើឡើងដោយរលូន និងធានាថាប្រតិបត្តិការអាជីវកម្មរបស់ អម្រឹត នឹងនៅបន្តដំណើរការជាធម្មតា។ សម្រាប់រយៈពេលទៅខាងមុខទៀត អម្រឹត នឹងធ្វើការពង្រឹងភាពរឹងមាំរបស់ខ្លួនជាមួយ Bank SinoPac ដើម្បីបន្តការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ផ្នែកសង្គម។ «ខ្ញុំពិតជាមានក្តីរំភើបណាស់ ចំពោះគ្រប់លទ្ធភាពនៅក្នុងការបង្កើតឱកាសផ្សេងៗ តាមរយៈការរួមបញ្ចូលគ្នារវាងចំណេះ ជំនាញ និងបទពិសោធន៍របស់ Bank SinoPac ជាមួយនឹងធនធានមនុស្ស និងបណ្តាញទំនាក់ទំនងរបស់ អម្រឹត»។

លោក Claude Falgon អតីតប្រធានក្រុមប្រឹក្សាភិបាលរបស់ អម្រឹត បានលើកឡើងថា ​បណ្តាភាគទុនិកទាំងអស់របស់ អម្រឹត បានយល់ឃើញថា វាគួរតែដល់ពេលវេលាដ៏សមស្របសម្រាប់ អម្រឹត នៅក្នុងការអភិវឌ្ឍន៍ខ្លួនឈានឡើងមួយកម្រឹតទៀត។

លោថា៖«នៅក្នុងន័យនេះ បណ្តាភាគទុនិកបានផ្តល់ការងារជាអាទិភាពនៅក្នុងការស្វែងរកវិនិយោគិនថ្មីមួយ ដែលមិនត្រឹមតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមបទប្បញ្ញត្តិនោះទេ ថែមទាំងមានគោលដៅយុទ្ធសាស្រ្តអាជីវកម្មច្បាស់លាស់ដែលអនុលោមទៅតាមគោលការណ៍ការពារបរិស្ថាន សង្គម អភិបាលកិច្ច (ESG) និងកិច្ចការពារអតិថិជន»។

បើតាមលោក Claude Falgon តាមរយៈនេះ Bank SinoPac ត្រូវបានមើលឃើញថា ជាធនាគារមួយដែលបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ និងមានបទពិសោធន៍ច្រើននៅក្នុងការងារទាំងអស់ខាងលើនេះ។ ម្យ៉ាងទៀត ដោយមានការគាំទ្រពីក្រុមហ៊ុនមេរបស់ខ្លួន គឺក្រុមហ៊ុន SinoPac Holdings – Bank SinoPac ត្រូវបានទទួលស្គាល់ជាបន្តបន្ទាប់ដោយស្ថាប័នអន្តរជាតិលំដាប់ពិភពលោក ថាជាធនាគារប្រកបអាជីវកម្មប្រកបដោយក្រមសីលធម៌ ការទទួលខុសត្រូវ និងប្រកប​ដោយចីរភាព“។ 

លោក Claude Falgon ក៏បានបន្ថែមទៀតថា៖«ជម្រើស Bank SinoPac ជាវិនិយោគិនថ្មីនេះ គឺបណ្តាភាគទុនិកទាំងអស់ ពិតជាបានធ្វើការជ្រើសរើសម្ចាស់ភាគហ៊ុនថ្មីមួយដែលរឹងមាំ ទទួលបាននូវការគោព និងមានការទទួលខុសត្រូវខ្ពស់ចំពោះប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ខ្ញុំសង្ឃឹមយ៉ាងម៉ុតមាំថា ភាគទុនិកថ្មីនឹងបន្តគ្រប់គ្រងដឹកនាំ អម្រឹត ឲ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ជាពិសេសបន្តប្រតិបត្តិការអាជីវកម្ម ស្របតាមគុណតម្លៃរួមប្រកបដោយសុចរិតភាព តម្លាភាព គោរព និងលើកកម្ពស់សិទ្ធិ និងគោលការណ៍ការពារអតិថិជនបានយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងផ្តល់ផលជាវិជ្ជមានសម្រាប់ប្រជាជនកម្ពុជា»។

Bank SinoPac គឺជាធនាគារពាណិជ្ជដ៏ធំមួយ ជាមួយនឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកោះចិនតៃវ៉ាន់ និងនៅតាមបណ្តាប្រទេស និងតំបន់មួយចំនួនទៀតដូចជា ​ប្រទេស​ចិន ទីក្រុងហុងកុង ប្រទេសវៀតណាម និងសហរដ្ឋ​អាមេរិក។ ការទិញយកភាគហ៊ុននៅក្នុង អម្រឹត នេះ គឺជាផែនការវិនិយោគមួយរបស់ Bank SinoPac ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបន្ថែមទៀតចូលទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ត្រូវបានចាត់ទុកថាកំពុងមានការកើនឡើងសក្តានុពលនៃការអភិវឌ្ឍន៍។

អម្រឹត គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការអាជីវកម្មនៅតាមសាខាចំនួន ១៥០ និងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួនច្រើនជាង ៦៣ ម៉ឺននាក់។

Bank SinoPac ក៏បានបញ្ជាក់បន្ថែមថា ​ធនាគារមានមោទនភាព នៅក្នុងការបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយភាគទុនិកទាំង០២ ផ្សេងទៀតរបស់ អម្រឹត​ នោះគឺ ស្ថាប័ន IFC និង FMO៕ ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម