ព័ត៌មានជាតិ
នេះជាគម្រោងវិនិយោគធំៗលេចធ្លោទាំង ៨ ចាយទុនខ្ទង់រយលានដុល្លារវិនិយោគនៅកម្ពុជាក្នុងឆ្នាំ ២០២៤
ខណៈឆ្នាំ ២០២៤ កម្ពុជាបានបំបែកកំណត់ត្រា ដោយទទួលបានគម្រោងវិនិយោគសរុបចំនួន ៤១៤ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះក៏មានគម្រោងវិនិយោគលេចធ្លោចំនួន ៨ ដែលចាយទុនវិនិយោគច្រើនជាងគេខ្ទង់រយលានដុល្លារ ទទួលបានភ្លើងខៀវសម្រាប់ការវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គម្រោងវិនិយោគធំៗដែលចាយទុនវិនិយោគច្រើនក្នុងឆ្នាំ ២០២៤ ក្នុងនោះមានពាក់ព័ន្ធវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងកម្មន្តសាល។

វិស័យទេសចរណ៍ដែលវិនិយោគធំជាងគេគឺគម្រោងបង្កើតនិងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានទីតាំងនៅក្រុងព្រះសីហនុ។ គម្រោងខ្នាតយក្សនេះចាយទុនវិនិយោគប្រមាណ ៥៧៤ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ៣ ៨៦០ កន្លែង។
ដោយឡែក ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលចាយទុនធំជាងគេនោះ គឺគម្រោងពង្រីកផលិតកម្មវិនិយោគសេវាទូរគមនាគមន៍មូលដ្ឋាន ដែលមានទីតាំងនៅរាជធានី-ខេត្តទូទាំងប្រទេស ដែលមានទុនវិនិយោគ ៤៨០ លានដុល្លារអាម៉េរិក និងបង្កើតការងារបន្ថែម ២.០០៤កន្លែង។
លើវិស័យថាមពល ដែលជាគម្រោងវិនិយោគលេចធ្លោនៅឆ្នាំ ២០២៤ គឺគម្រោងស្នើសុំសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០ មេហ្កាវ៉ាត់ ដែលមានទីតាំងនៅស្រុកមណ្ឌលសីមាខេត្តកោះកុង ជាមួយទុនវិនិយោគប្រមាណ ៤៤០ លានដុល្លារអាម៉េរិក។
ជាមួយគ្នានេះគម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនៅក្នុងខេត្តកំពង់ឆ្នាំង ក៏ជាគម្រោងវិនិយោគដ៏ធំនៅឆ្នាំ ២០២៤ នេះ ដែលមានទុនវិនិយោគ ១០៨ លានដុល្លារអាម៉េរិក ដែលទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់ការវិនិយោគក្នុងឆ្នាំ ២០២៤។
នៅរាជធានីភ្នំពេញក៏មានគម្រោងវិនិយោគដ៏ធំ ក្នុងការបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យដែលមានទុនវិនិយោគប្រមាណ ១០៧ លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបាន ៥៤ កន្លែង។

នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក៏មានការស្នើសុំគម្រោងវិនិយោគធំៗ ដែលចាយទុនខ្ទង់រយលានដុល្លារ ដែលទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេសសុទ្ធតែជាគម្រោងពាក់ព័ន្ធរោងចក្រផលិតសំបកកង់រថយន្ត។
នៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អី ស្រុកស្នូលខេត្តក្រចេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទុនវិនិយោគប្រមាណ ៤៣០ លានដុល្លារអាម៉េរិក។
នៅក្រុងបាវិត ខេត្តស្វាយរៀងក៏មានគម្រោងវិនិយោគដ៏ធំចំនួនពីរ ពាក់ព័ន្ធឧស្សាហកម្មផលិតសំបកកង់រថយន្ត ក្នុងនោះនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត គឺគម្រោងផលិតសំបកកង់រថយន្តជាមួយទុនវិនិយោគ ២៥៦ លានដុល្លារអាម៉េរិក និងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ គឺគម្រោងពង្រីកផលិតកម្មផលិតកម្មសំបកកង់រថយន្តដែលមានទុនវិនិយោគ ៣១៧ លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបាន ១.១៩២កន្លែង។
ពាក់ព័ន្ធលំហូរទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ ២០២៤ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រភពទុនវិនិយោគមកពីប្រទេសចិននៅតែនាំមុខគេ ដែលមានចំណែកប្រហែល ៥០%។
ឆ្លើយតបការសាកសួររបស់កម្ពុជាថ្មីកាលពីម្សិលមិញនេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅរាជបណ្ឌិតសភាកម្ពុជាបានឲ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តែងតែបើកទូលាយទទួលគ្រប់ការវិនិយោគដោយមិនមាននិន្នាការប្រកាន់ប្រទេសណាមិនថាអឺរ៉ុប ឬអាស៊ី ឬលើកទឹកចិត្តតែក្រុមហ៊ុនមានប្រភពមកពីប្រទេសចិននោះទេ។
លោកកត់សម្គាល់ថា ការវិនិយោគពីប្រទេសចិនមានតាំងពីមុនសម័យកូវីដនិងបន្តរហូតដល់បច្ចុប្បន្ន ខណៈដែលក្រុមហ៊ុនចិនបានវិនិយោគលើវិស័យដែលឆ្លើយតបតាមតម្រូវការរបស់ប្រទេសកម្ពុជា។
បើតាមលោកបណ្ឌិត ហុង វណ្ណៈ បច្ចុប្បន្នក្រៅពីក្រុមហ៊ុនចិន ក៏មានក្រុមហ៊ុនបរទេសផ្សេងទៀតកំពុងតែវិនិយោគ និងបង្កើនការចាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ដែលនេះបង្ហាញពីការពេញចិត្តរបស់ក្រុមហ៊ុនបរទេសផ្សេងទៀត សម្រាប់ការស្វែងរកផលចំណេញតាមរយៈការមើលឃើញឱកាសនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ពាក់ព័ន្ធការជំរុញការវិនិយោគនៅក្នុងប្រទេសកម្ពុជានេះដែរ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិនដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យរ៉ែកាលពីម្សិលមិញនេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាក៏បានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគនៅកម្ពុជា។
លោកបានលើកឡើងថា ទោះបីការវិនិយោគផ្ទាល់ពីចិន តែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះ ហើយនិន្នាការនៃកំណើនត្រូវបានរំពឹងថានឹងបន្តកើនឡើង ប៉ុន្តែសម្រាប់រដ្ឋាភិបាលកម្ពុជាគឺមានគោលនយោបាយបើកចំហ សម្រាប់ទទួលការវិនិយោគិនពីគ្រប់បណ្តាប្រទេសទាំងអស់ដោយគ្មានការរើសអើងនោះទេ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា