Connect with us

ព័ត៌មានអន្ដរជាតិ

TikTok ត្រៀមបិទ​វេទិកា​ខ្លួននៅ​អាមេរិកថ្ងៃអាទិត្យនេះ​ ពេលច្បាប់ហាមឃាត់ចូលជាធរមាន

បានផុស

នៅ

ក្រុមហ៊ុន TikTok គ្រោងនឹង​បិទ​វេទិកា​របស់​ខ្លួននៅសហរដ្ឋ​អាមេរិក​ ដែល​មាន​អ្នកប្រើប្រាស់សកម្មជាង​ ១៧០ លាន​នាក់ នៅ​ថ្ងៃ​អាទិត្យទី ១៩ មករា នេះ​ នៅពេល​ច្បាប់ហាមឃាត់​សហព័ន្ធ​ចូលជាធរមាន។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដែល​ស្រង់សម្ដីប្រភពដឹងច្បាស់ពីព័ត៌មាន​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីរាយការណ៍នេះ​ ធ្វើ​ឡើង​ខណៈ​កាសែត Washington Post ផ្សាយ​ថា​ ប្រធានាធិបតីជាប់ឆ្នោត​លោក ដូណាល់ ត្រាំ ដែល​នឹង​ឡើង​កាន់អំណាច​នៅថ្ងៃទី ២០ មករា កំពុង​ពិចារណាចេញអធិបញ្ជាដើម្បី​បញ្ឈប់​ការ​ហាមឃាត់ចន្លោះពី​ ៦០-៩០ ថ្ងៃ​។ កាសែត​ដដែល​មិន​បាន​ផ្សាយ​ថា​ លោក ត្រាំ អាច​ធ្វើ​យ៉ាងដូច្នេះស្រប​តាម​ច្បាប់ដោយ​របៀប​ណា​នោះ​ទេ​ ខណៈ​កន្លង​មក​ លោក​ ត្រាំ​ បាន​លើកឡើងពី​ «ដំណោះស្រាយនយោបាយ​» សម្រាប់​បញ្ហា​នេះ​។

ប្រភព​បានប្រាប់​រ៉យទ័រ​ជាអនាមិក​អំពី​គម្រោង​របស់​ក្រុមហ៊ុន TikTok ថា​ ​ នៅពេល​ហាមឃាត់ អ្នកប្រើប្រាស់ដែលព្យាយាមបើកកម្មវិធីTikTok នឹងឃើញសារលេចឡើងឡើង​ ដោយ​តភ្ជាប់​ពួកគេទៅ​កាន់គេហទំព័រ ដែល​មាន​ព័ត៌មាន​លម្អិត​អំពីការហាមប្រាម​។

កាល​ពី​សប្ដាហ៍មុន​ មេធាវី TikTok លោក Noel Francisco បានប្រាប់តុលាការកំពូល​ថា​៖ «យើង​នឹង​ដាក់ពណ៌ខ្មៅ។ ពោល គឺ​បិទ​វេទិកា​»។

បើ​តាម​ប្រភព​របស់​រ៉យទ័រ​ ការបិទ​វេទិកា​មានគោលបំណងការពារ «អ្នកផ្តល់សេវាឱ្យ​ TikTok ពីការទទួលខុសត្រូវផ្លូវច្បាប់ និងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការចាប់ផ្តើមប្រតិបត្តិការឡើងវិញ ប្រសិន​លោក​ ត្រាំ ​សម្រេច​លែងហាមឃាត់​ក្នុងលខ្ខខណ្ឌណា​មួយ​។

គួរ​គូស​បញ្ជាក់ថា​ ច្បាប់​ដែលលោកប្រធានាធិបតី ចូ បៃដិន​ ចុះ​ហត្ថលេខា​កាលពីខែ​មេសា ឆ្នាំ​មុន​ បាន​កំណត់​ហាម​ឃាត់​ការ​ដោនឡូត​ TikTok នៅ​គ្រប់​កន្លែង​លក់​កម្មវិធីរបស់​ Google (Play Store) និង Apple (App Store) នៅសហរដ្ឋអាមេរិក​។ ការ​ហាម​ឃាត់​ត្រូវ​លើក​លែងវិញ​ លុះ​ត្រា​តែ​ TikTok លក់​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុមហ៊ុន ឬ​បុគ្គលនៅសហរដ្ឋ​អាមេរិក​។

យ៉ាងណា​មិញ​ អ្នកប្រើប្រាស់ដែល​មាន​ TikTok លើ​ទូរស័ព្ទដៃ​រួច​ហើយ​ នៅតែអាច​បន្ត​ប្រើ​ប្រាស់​វា​បាន​ ​ក៏​ប៉ុន្តែ​ច្បាប់​ដដែល​បាន​ហាមឃាត់​​មិន​ឱ្យ​មាន​ការផ្តល់សេវាកម្មដើម្បីបើកដំណើរការចែកចាយ ថែទាំ ឬធ្វើបច្ចុប្បន្នភាព​វា​នោះ​ទេ​។ អ្នកជំនាញ​លើកឡើងថា​ នៅពេល​មិន​អាច​ធ្វើ​បច្ចុប្បន្នភាព​ នោះ​ដំណើរការ​របស់​ TikTok នឹង​ខ្សោយ​ទៅៗ។

យោង​តាមការ​ផ្សាយ​របស់​រ៉យទ័រ ​តុលាការកំពូលរបស់សហរដ្ឋអាមេរិកបច្ចុប្បន្ន​ កំពុងសម្រេចថាតើត្រូវរក្សា​ការ​​ហាមឃាត់ TikTok ចាប់ពី​នៅថ្ងៃអាទិត្យតទៅ​ ឬ​លុបចោលច្បាប់នេះ​ ឬផ្អាកវាសិន​ដើម្បីទុកពេលឱ្យតុលាការបន្ថែម​ក្នុងការសម្រេចចិត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម