សេដ្ឋកិច្ច
លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តា នៃកំណើននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ ២០២៤
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា និងអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា វឌ្ឍនភាពដ៏ល្អ នៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា បង្ហាញពីសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ នៃសេដ្ឋកិច្ចកម្ពុជា ស្ថិរភាពសង្គម និងបរិបទស្តង់ដារការងារសមរម្យ។

ការលើកឡើងបែបនេះ បន្ទាប់ពីទិន្នន័យពាណិជ្ជកម្មចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា ទទួលបានចំណូល ១៣,៧៤ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៤ កើនឡើង ២៣,៧៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ និន្នាការកើនឡើងនេះ ត្រូវបានគេរំពឹងថា នឹងបន្តនៅឆ្នាំ ២០២៥ នេះ ផងដែរ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានលើកឡើងថា កំណើន នៃការនាំចេញរបស់ប្រទេសកម្ពុជានៅពេញមួយឆ្នាំនេះ ព្រោះតែមានកត្តាចូលរួមជាច្រើនទៀត ក្នុងនោះ កត្តាខាងក្រៅមួយចំនួន ដូចជា ភាពតានតឹងពាណិជ្ជកម្មរបស់ចិន ជាមួយសហរដ្ឋអាមេរិក និងបញ្ហាក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស វាបានជួយជំរុញឱ្យបរទេសមានការបញ្ជាទិញពីប្រទេសកម្ពុជាកាន់តែច្រើន ខណៈកម្ពុជាជាប្រទេសកំពុងមានស្ថិរភាពនយោបាយ និងមានការអនុលោមតាមកម្រិតការងារខ្ពស់ផងដែរ។

លោកអគ្គលេខាធិការរង នៃសមាគម TAFTAC លើកឡើងបន្ថែមទៀតថា តាមរយៈលទ្ធផលផ្លែផ្កា នៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនេះដែរ លោកសង្ឃឹមយ៉ាងមុតមាំថា វិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា នឹងមានភាពរឹងមាំ និងបន្តដំណើរការយ៉ាងល្អប្រសើរ ដែលនឹងបន្តក្លាយជាកាតាលីករជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកាន់តែល្អមួយកម្រិតទៀត។

ស្រដៀងគ្នានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញបញ្ហានៅប្រទេសបង់ក្លាដែស និងការងាកចេញពីវិស័យកាត់ដេររបស់ប្រទេសមួយចំនួនក្នុងតំបន់ បានធ្វើឱ្យការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់ប្រទេសកម្ពុជា មានការកើនឡើងគួរកត់សម្គាល់នៅពេញមួយឆ្នាំ ២០២៤។

អ្នកជំនាញសេដ្ឋកិច្ច រូបនេះ គូសបញ្ជាក់បន្ថែមថា វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅប្រទេសកម្ពុជា មានភាពធន់ ហើយបន្តភាពរឹងមាំរបស់ខ្លួន ពីព្រោះបរិយាកាស នៃការវិនិយោគ និងបរិបទការងារនៅប្រទេសកម្ពុជាល្អប្រសើរ។ លើសពីនេះទៀត លោកបានពន្យល់ថា វិស័យមួយនេះបានចូលរួមចំណែកបង្កើតការងាររាប់លាននាក់នៅក្នុងស្រុក ក្នុងនោះក៏មានអ្នកទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចដោយប្រយោលផងដែរ ដូចជា កំណើន នៃការដឹកជញ្ជូន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។

ពាក់ព័ន្ធនឹងការប្រកួតប្រជែងនៅក្នុងតំបន់ លោកអគ្គលេខាធិការរង នៃសមាគម TAFTAC ធ្លាប់បានគូសបញ្ជាក់ផងដែរថា តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារ ក្នុងឆ្នាំ ២០២៥ ប្រសិនបើប្រៀបធៀបជាមួយប្រទេសដែលមានកម្រិតឧស្សាហកម្មដូចកម្ពុជា គឺប្រទេសកម្ពុជាមានតួលេខប្រាក់ឈ្នួលអប្បបរមារៀងខ្ពស់ជាងគេបន្តិច។ ទន្ទឹមនេះ ប្រទេសកម្ពុជា នៅតែអាចរក្សាបាននូវកម្រិតប្រកួតប្រជែងខ្ពស់ជាមួយបណ្តាប្រទេសទាំងនោះក្នុងកម្រិតការវិនិយោគលើវិស័យដូចគ្នាផងដែរ។ ទន្ទឹមនេះ តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ ២០២២-២០២៧ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់លើសេវាសាធារណៈ និងការកាត់បន្ថយការចំណាយផ្សេងៗ ក្នុងការធ្វើធុរកិច្ចនោះ កម្ពុជា នៅតែរក្សាភាពរឹងមាំ និងរក្សាបានកំណើនវិនិយោគលើវិស័យមួយនេះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ