ព័ត៌មានអន្ដរជាតិ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់ ត្រាំ ហៅការបង្កើនការបូមប្រេងជាគន្លឹះនៃសន្តិសុខជាតិ ទោះមានក្ដីបារម្ភបញ្ហាអាកាសធាតុ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានជ្រើសតាំង ពោលគឺលោក Doug Burgum បានថ្លែងថា លោកនឹងអនុវត្តផែនការបង្កើនផលិតកម្មថាមពល រួមទាំងការបូមប្រេងបន្ថែម ព្រោះវាជាគន្លឹះសម្រាប់សន្ដិសុខជាតិ ទោះបីជាមានការព្រួយបារម្ភពីការប្ដេជ្ញាចិត្តរបស់អាមេរិកលើការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងាសារព័ត៌មានរ៉យទ័រ។

លោក Burgum បានលើកឡើងដោយស្របនឹងគោលដៅរបស់លោក ត្រាំ យ៉ាងដូច្នេះ នៅពេលលោកថ្លែងទៅកាន់សភាអាមេរិក ក្នុងអំឡុងសវនាការតែងតាំងលោក។ ការណ៍នេះ បង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បានព្យាយាមអស់ជាច្រើនឆ្នាំ ដើម្បីកំណត់ការខួងយកប្រេង និងឧស្ម័ន ដោយកាត់បន្ថយការដេញថ្លៃជួលរបស់សហព័ន្ធ និងហាមឃាត់ការអភិវឌ្ឍន៍នាពេលអនាគតតាមដែនទឹកមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
លោក Burgum ដែលបម្រើការជាអភិបាលរដ្ឋ North Dakota បានប្រាប់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក ដែលកំពុងពិចារណាលើការតែងតាំងរបស់លោក យ៉ាងដូច្នេះថា៖ «អាមេរិកផលិតថាមពលស្អាត ឆ្លាត និងមានសុវត្ថិភាពជាងប្រទេសណាៗក្នុងពិភពលោក។ ខណៈការផលិតថាមពលត្រូវបានដាក់កម្រិតនៅអាមេរិក តម្រូវការមិនធ្លាក់ចុះនោះទេ ដោយគ្រាន់តែផលិតកម្មផ្លាស់ប្ដូរទៅរុស្ស៊ី វេណេហ្ស៊ុយអេឡា និងអ៊ីរ៉ង់ ដែលមានមេដឹកនាំផ្តាច់ការមិនខ្វល់ពីបរិស្ថាន ទៅវិញ»។
លោកបានបន្ថែមថា ការបង្កើនទិន្នផលថាមពលជាអតិបរមា អាចកាត់បន្ថយតម្លៃអ្នកប្រើប្រាស់ ហើយអាចធ្វើទៅបាន ខណៈធានាបាននូវខ្យល់ និងទឹកស្អាត។

លោក Burgum បានបន្តថា ក្នុងឋានៈជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកនឹងពង្រីកការដេញថ្លៃជួលខួងលើដីសាធារណៈស្របតាមច្បាប់។ លោកថា លោកក៏នឹងគាំទ្រការអនុញ្ញាតឱ្យមានការកែទម្រង់ដែលអាចបង្កើនល្បឿននៃគម្រោងថាមពល រួមទាំងគម្រោងដែលជួយជំរុញការបញ្ជូន និងការបង្ហូរប្រេងទៅវិស័យថាមពល។
លោកក៏បានរិះគន់ផងដែរលើគោលនយោបាយគាំទ្ររថយន្តអគ្គិសនីរបស់លោក បៃដិន ដោយថា វាបង្កើនការពឹងផ្អែករបស់សហរដ្ឋអាមេរិកលើសារធាតុរ៉ែសំខាន់ៗពីប្រទេសចិន។ ក្រៅពីនេះ លោក
បានបដិសេធមិននិយាយថាតើលោកនឹងគាំទ្រឧស្សាហកម្មថាមពលខ្យល់ដែរឬយ៉ាងណាទេ ប្រសិនបើលោកជាប់ឈ្មោះជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខណៈលោក ត្រាំ បានប្តេជ្ញាថាបញ្ចប់ឧស្សាហកម្មនេះព្រោះវាថ្លៃពេក ហើយអាចបង្កគ្រោះថ្នាក់ដល់ត្រីបាឡែនក្នុងសមុទ្រ។
គួរគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃអាមេរិកត្រួតពិនិត្យលើផ្ទៃដី និងទឹករាប់លានហិចតា ដែលលាតសន្ធឹងតាំងពីតំបន់អាក់ទិក រហូតដល់ឈូងសមុទ្រម៉ិកស៊ិក។ ស្ថាប័ននេះ ជាអ្នកដាក់ជួលដីសម្រាប់ប្រតិបត្តិការខួងយកប្រេង ដែលបច្ចុប្បន្នផលិតបានប្រហែល ១/៤ នៃទិន្នផលប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិក។

មែនទែនទៅ សហរដ្ឋអាមេរិកគឺជាប្រទេសផលិតប្រេង និងឧស្ម័នលំដាប់កំពូលរបស់ពិភពលោករួចទៅហើយ ដោយសារតែការរីកដុះដាលនៃការខួងយករ៉ែជាច្រើនឆ្នាំ ភាគច្រើននៅលើដីឯកជនក្នុងរដ្ឋតិចសាស់ និងម៉ិកស៊ិក ដែលជំរុញដោយបច្ចេកវិទ្យាទំនើបៗ និងតម្រូវការប្រេងរបស់សកលដ៏រឹងមាំ ក្រោយរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំនៅឆ្នាំ ២០២២។
ការចូលមកកាន់អំណាចជាថ្មីរបស់លោក ត្រាំ បង្កការព្រួយបារម្ភពីអ្នកបរិស្ថាន ដោយសារតែអ្នកនយោបាយអភិរក្សនិយមរូបនេះ ប្ដេជ្ញាបង្កើនការបូមប្រេង ឬបង្កើតគោលនយោបាយផ្សេងៗ ដែលប៉ះពាល់ដល់ការប្ដេជ្ញាចិត្តរបស់អាមេរិកលើការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោកហៅការប្រែប្រួលអាកាសធាតុថាជាការបោកបញ្ឆោត និងតែងតែរិះគន់លើកិច្ចប្រឹងប្រែងជំរុញថាមពលបៃតង ថាជាការបោកប្រាស់៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង