ព័ត៌មានអន្ដរជាតិ
TikTok បើកដំណើរការនៅសហរដ្ឋអាមេរិកជាថ្មី ក្រោមជំនួយរបស់ ត្រាំ ដែលព្យាយាមបិទវេទិកានេះកាលពីអាណត្តិមុន
វេទិកាបណ្ដាញសង្គម TikTok បានបើកដំណើរការជាថ្មីនៅសហរដ្ឋអាមេរិក ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយបិទដំណើរការក្រោមច្បាប់ហាមឃាត់សហព័ន្ធ ដែលចូលជាធរមាននៅថ្ងៃទី ១៩ មករា (ម៉ោងនៅអាមេរិក) បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ សន្យាចេញអធិបញ្ជាបង្វែរច្បាប់ហាមឃាត់ជាបណ្ដោះអាសន្ន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិផ្សេងៗ។

ក្នុងសារទៅកាន់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកក្រោយបើកដំណើរការ TikTok បាននិយាយយ៉ាងដូច្នេះថា៖ «ជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតី ត្រាំ TikTok ត្រឡប់មកជាថ្មីនៅសហរដ្ឋអាមេរិក»។
TikTok ក៏បានបង្ហោះសារនៅលើបណ្ដាញសង្គម X (អតីតធ្វីតធឺរ) ផងដែរថា៖ «យើងសូមអរគុណលោកប្រធានាធិបតី ត្រាំ ដែលបានផ្ដល់ការបញ្ជាក់ចាំបាច់ និងការធានា សម្រាប់អ្នកផ្ដល់សេវាកម្មរបស់យើងផ្សេងៗថា ពួកគេនឹងមិនរងការផាកពិន័យអ្វីនោះទេ ក្នុងការផ្ដល់សេវាកម្ម TikTok ទៅឱ្យអ្នកប្រើប្រាស់អាមេរិកជាង ១៧០ លាននាក់ និងអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូចជាង ៧ លាន រីកចម្រើន»។
TikTok បន្តថា ខ្លួននឹងធ្វើការជាមួយលោក ត្រាំ ដើម្បីបង្កើតដំណោះស្រាយរយៈពេលវែង ដែលអាចឱ្យ TikTok ដំណើរការនៅសហរដ្ឋអាមេរិក។

លោក ត្រាំ ដែលព្យាយាមបិទដំណើរការ TikTok នៅអាមេរិកកាលពីអាណត្តិមុនក្រោមហេតុផលសន្តិសុខជាតិ បានបង្ហោះសារសន្យានៅលើបណ្ដាញសង្គម Truth Social របស់លោក កាលពីថ្ងៃអាទិត្យថា លោកនឹងចេញអធិបញ្ជាដើម្បីពន្យាពេលការអនុវត្តច្បាប់ហាមឃាត់នៅពេលឡើងកាន់អំណាចនៅថ្ងៃចន្ទនេះ «ដូច្នេះហើយ យើងអាចធ្វើកិច្ចព្រមព្រៀងការពារសន្តិសុខជាតិរបស់យើង»។
គួរគូសបញ្ជាក់ថា ច្បាប់ហាមឃាត់សហព័ន្ធ បានកំណត់មិនឱ្យក្រុមហ៊ុនផ្ដល់សេវាកម្ម ដូចជា Google ឬ Apple លក់កម្មវិធី TikTok នៅលើកន្លែងលក់កម្មវិធីទូរស័ព្ទរបស់ខ្លួន (ដូចជា Play Store ឬ App Store) ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ និងបញ្ហាដែលថា រដ្ឋាភិបាលកុម្មុយនិស្តចិនអាចចូលប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក។
ដើម្បីបង្វែរច្បាប់នេះ លុះត្រាតែក្រុមហ៊ុនចិន Bytedance ដែលជាក្រុមហ៊ុនមេរបស់ TikTok លក់ប្រតិបត្តិការ TikTok នៅអាមេរិករបស់ខ្លួនទៅឱ្យក្រុមហ៊ុន ឬបុគ្គលអាមេរិក។ នេះជាបញ្ហាធ្លាប់កើតមានដូចគ្នា ក្រោមការទាមទាររបស់លោក ត្រាំ និងរដ្ឋបាលរបស់លោកកាលពីអាណត្តិមុន។

យ៉ាងណាមិញ ច្បាប់ហាមឃាត់មិនបានកំណត់ឱ្យក្រុមហ៊ុន TikTok បិទដំណើរការរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់ដែលមានស្រាប់នោះទេ។ ប៉ុន្តែ TikTok បានសម្រេចចិត្តបិទវានៅពេលច្បាប់នេះចូលជាធរមាន ដោយសម្អាងថា វាងាយស្រួលក្នុងការចាប់ផ្តើមប្រតិបត្តិការឡើងវិញ នៅពេលមានដំណោះស្រាយ។
ខណៈតុលាការកំពូលអាមេរិកសម្រេចតម្កល់ច្បាប់ហាមឃាត់ដដែលកាលពីថ្ងៃសុក្រ មកទល់ពេលនេះគេមិនច្បាស់នៅឡើយទេ ថាតើអាជ្ញាធរផ្នែកច្បាប់អ្វីដែលលោក ត្រាំ នឹងប្រើដើម្បីពន្យារពេលការអនុវត្តច្បាប់ដែលចូលជាធរមានកាលពីថ្ងៃអាទិត្យនោះ។ ប៉ុន្តែគេរំពឹងថា រដ្ឋាភិបាលរបស់លោក នឹងមិនអនុវត្តការហាមឃាត់ទេ ប្រសិនបើលោកចេញអធិបញ្ជា។
គួររំឭកថា លោក ត្រាំ បានបង្ហាញពីការបន្ទន់ជំហរចំពោះការហាមឃាត់ TikTok ក្រោយជាប់ជាប្រធានាធិបតីអាមេរិកជាថ្មី ដោយលោកលើកឡើងថា វាជាផ្នែកមួយនៃការជំរុញយុទ្ធនាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន។ ការវិភាគផ្សេងៗមើលឃើញថា TikTok គឺជាឧបករណ៍ឃោសនានយោបាយដ៏សំខាន់នៅសហរដ្ឋអាមេរិក ដែលជួញអ្នកនយោបាយភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រវ័យក្មេង ដែលនិយមប្រើវេទិកាមួយនេះ៕

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច