Connect with us

សេដ្ឋកិច្ច

ប៉ាគីស្ថានប្ដេជ្ញាលើកកម្ពស់ ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា

បានផុស

នៅ

លោក ជែម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថានបានប្ដេជ្ញាលើកកម្ពស់ទំនាក់ទំ​នង​ពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា តាមរយៈការជំរុញធុរជនប៉ាគីស្ថានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរធុរជនរវាងប្រទេសទាំងពីរ ដើម្បីឱ្យក្លាយជាមូលដ្ឋាននៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងរដ្ឋា​ភិ​បាល និងរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានលើកឡើងក្នុងពេលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទស្សនកិច្ចការងារ និងលទ្ធផលនៃកិច្ចប្រជុំលើកទី១នេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-ប៉ាគីស្ថានបន្ថែមទៀត។

សម្តេចតេជោបានលើកឡើងអំពីការកំណត់យកការ​ទូតសភា ជាអាទិភាពការងារមួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចខិតខំពង្រឹងការងារការទូត នៅក្នុងបរិបទពិភពលោកលោកបច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួលឆាប់រហ័ស ស្មុគស្មាញ មិនប្រាកដប្រជា និងវិលវល់ចុះឡើង។

លោក Jam Kamal Khan បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ដែលបានជួយរួមចំណែក ដល់ការពង្រីងនិងពង្រីកទំនាក់ទំនងដ៏យូរអង្វែងនៃ ប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការអបអរសាទរចំពោះភាពរីកចម្រើនអស្ចារ្យរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ។

លោករដ្ឋមន្ត្រីថ្លែងថា៖ «ប៉ាគីស្ថាននឹងខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយតំបន់ រួមទាំងកម្ពុជា ដោយសង្កេតឃើញអំពីកាលានុវត្តភាពជាច្រើនរវាងប្រទេសទាំងពីរ និងផលបច្ច័យសេដ្ឋកិច្ចរបស់តំបន់ ដែលកើតចេញពីគោលនយោ​បាយសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច»។

លោករដ្ឋមន្រ្តីបន្ថែមថា ប៉ាគីស្ថាននឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា តាមរយៈការជំរុញធុរ​ជន​ប៉ាគីស្ថានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរធុរជនរវាងប្រទេសទាំងពីរ ដើម្បីឱ្យក្លាយជាមូលដ្ឋាននៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ ដោយកម្ពុជា និងប៉ាគីស្ថាន ទទួលបានរបបអនុគ្រោះពន្ធ (GSP) នោះ លោករដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា កម្ពុជា និងប៉ាគីស្ថាន គួរប្រើប្រាស់ឱ្យអស់លទ្ធភាពនូវរបបអនុគ្រោះពន្ធនេះ។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពស្រដៀងគ្នានៃសេដ្ឋកិច្ចប៉ាគីស្ថាន និងកម្ពុជា ដូចជាការអភិវឌ្ឍលើវិស័យកសិកម្ម វាយនភ័ណ្ឌ និងកាត់ដេរស្បែកជើងជាដើម។

លោករដ្ឋមន្រ្តីបានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ចរបស់ប៉ាគីស្ថាន និងកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាននៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេស និងតំបន់នានា។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណលោករដ្ឋមន្រ្តី ចំពោះការលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីសំខាន់របស់សម្តេច ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចបានផ្តល់អនុសាសន៍ថា កម្ពុជា-ប៉ាគីស្ថានគួរតែចាប់យកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើកកម្ពស់ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្ថែមទៀត។

នៅក្នុងបរិបទេនេះ សម្តេច បានសម្តែងនូវក្តីសង្ឃឹមថា គណៈកម្មាធិការពាណិជ្ជកម្មចម្រុះនៃប្រទេសទាំងពីរនឹងពិភាក្សាគ្នាពិនិត្យលទ្ធភាពជ្រើសរើសយកវិស័យណាដែលប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបាន ដើម្បីឱ្យស័ក្តិសមទៅ​នឹងសក្តានុពលដែលប្រទេសទាំងពីរមាន។

សម្តេចតេជោបានបន្ថែមថា នៅពេលខាងមុខ គណៈកម្មាធិការចម្រុះ គួរធ្វើការពិនិត្យលើ កិច្ចព្រមព្រៀងស្តីពីការគាំពារអ្នកវិនិយោគ និងការមិនយកពន្ធត្រួតស៊ីគ្នាជាដើម ដើម្បីជំរុញការវិនិយោគទ្វេភាគី និងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរទៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកបន្ថែមទៀត។

ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងដើម្បីជាការគិតគូរពិចារណាផងដែរអំពីភាពប្រហាក់ប្រហែលគ្នា ឬលក្ខណៈស្រដៀងគ្នានៃសេដ្ឋកិច្ចរបស់កម្ពុជា-ប៉ាគីស្ថាន ដែលភាគីទាំងពីរត្រូវធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជា-ប៉ាគីស្ថាន មានលក្ខណៈបំពេញបន្ថែមឱ្យគ្នា ជាជាងការប្រកួតប្រជែងគ្នា ដើម្បីចៀសវាងនូវការប៉ះពាល់ទៅលើផលប្រយោជន៍នៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការវិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដែលមានការរីក​ចម្រើន​ជាលំដាប់ក្នុងរយៈពេលកន្លងមក។

ជាមួយគ្នានេះ សម្តេចតេជោ បានគូសបញ្ជាក់អំពីការខិតខំពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា តបទៅនឹងរបត់នយោបាយសេដ្ឋកិច្ចរបស់ប្រទេសធំៗ និងស្ថានភាពនៃរបបអនុគ្រោះពន្ធផងដែរ។

សម្តេចតេជោ ក៏បានជម្រាបជូនអំពីប្រវត្តិសាស្រ្ត និងការកសាង និងថែរក្សាសន្តិភាព និងស្ថិរភាពកម្ពុជារយៈពេលវែង និងមូលដ្ឋាននៃការផ្ទេរអំណាចរបស់សម្តេច ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី។

សម្តេច ក៏បានសម្តែងនូវភាពជឿជាក់ចំពោះសមត្ថភាពរបស់ថ្នាក់ដឹកនាំជំនាន់ថ្មីទាំងនោះ ក្នុងកិច្ចខិតខំលើកកម្ពស់ការអភិវឌ្ឍជូនជាតិមាតុភូមិ។

សម្តេចតេជោបានលើកឡើងផងដែរអំពីស្ថានភាពគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិនានា ដូចជាគោលនយោបាយរបស់សហរដ្ឋអាមេរិក តាមរយៈការឡើងកាន់តំណែងសាជាថ្មីរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងការវិវត្តរបស់ក្រុមប្រទេស BRICS ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម