ព័ត៌មានអន្ដរជាតិ
ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៤
របាយការណ៍ចុងក្រោយបង្អស់របស់អង្គការ Oxfam ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញថា ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក បានកើនឡើងពី ១៣ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៣ ដល់ ១៥ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២៤។

តួលេខនេះមានន័យថា ទ្រព្យសម្បត្តិមហាសេដ្ឋីបានកើនឡើង ២ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២៤ ឬប្រហែល ៥,៧ ប៊ីលានដុល្លារ/ថ្ងៃ ដែលនេះជាអត្រាលឿនបំផុតរហូតដល់ទៅ ៣ ដង ធៀបនឹងកំណើនទ្រព្យសម្បត្តិរបស់ពួកគេក្នុងឆ្នាំ ២០២៣ និងជាកំណើនប្រចាំឆ្នាំដ៏ធំបំផុតទី២ ចាប់តាំងពីអង្គការ Oxfam បានចាប់ផ្ដើមធ្វើកំណត់ត្រារបស់ខ្លួន។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ របាយការណ៍ Oxfam បានលើកឡើងពីរបាយការណ៍របស់ធនាគារពិភពលោក ដែលថា ចំនួនប្រជាជនសកលរស់នៅក្នុងភាពក្រីក្រ មិនសូវជាមានការប្រែប្រួលទេរាប់ចាប់តាំងពីឆ្នាំ ១៩៩០ មក ដោយសារតែកំណើនប្រជាជនសកល ដែលដុនដាបទៅដោយវិបត្តិសេដ្ឋកិច្ច បញ្ហាអាកាសធាតុ និងជម្លោះផ្សេងៗ។
របាយការណ៍ធនាគារពិភពលោក ថា ៨,៥ ភាគរយ នៃចំនួនប្រជាជនពិភពលោក ឬប្រហែល ៧០០ លាននាក់ រស់នៅដោយរំពឹងលើប្រាក់តិចជាង ២,១៥ ដុល្លារ/ថ្ងៃ ដែលជាខ្សែបន្ទាត់នៃភាពក្រីក្រខ្លាំងសម្រាប់ប្រទេសមានប្រាក់ចំណូលទាប ខណៈ ៤៤ ភាគរយ នៃចំនួនប្រជាជនពិភពលោក ឬប្រហែល ៣,៥ ប៊ីលាននាក់ រស់នៅដោយរំពឹងលើការចំណាយតិចជាង ៦,៨៥ ដុល្លារ/ថ្ងៃ ដែលជាបន្ទាត់នៃភាពក្រីក្រសម្រាប់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

យ៉ាងណាមិញ របាយការណ៍របស់ Oxfam ដែលមានឈ្មោះថា «Takers Not Makers» បានលើកឡើងថា ក្នុងឆ្នាំ ២០២៤ ចំនួនមហាសេដ្ឋីពិភពលោកបានកើនឡើងដល់ ២ ៧៦៩ នាក់ ពីប្រមាណ ២ ៥៦៥ នាក់ ក្នុងឆ្នាំ ២០២៣។ ក្នុងអត្រាជាមធ្យម មនុស្សជិត ៤ នាក់ បានក្លាយជាមហាសេដ្ឋីក្នុងរយៈពេល ១ សប្ដាហ៍។
ជាមួយគ្នានោះ ដោយសារតែទ្រព្យសម្បត្តិមហាសេដ្ឋីកើនឡើងលឿន Oxfam បានព្យាករថា ក្នុងរយៈពេល ១ ទសវត្សរ៍ មហាសេដ្ឋី ៥ រូបនឹងមានទ្រព្យសម្បត្តិដល់ទ្រីលានដុល្លារ។ Oxfam ព្យាករត្រឹមតែ ៤ នាក់ប៉ុណ្ណោះ កាលពីឆ្នាំមុន។ កំណើនដ៏លឿននៃទ្រព្យសម្បត្តិនេះ បានមកពីការប្រមូលផ្តុំអំណាចផ្តាច់មុខ ដោយមហាសេដ្ឋីកាន់តែមាន «ឥទ្ធិពលខ្លាំងលើឧស្សាហកម្ម និងមតិសាធារណៈ»។
របាយការណ៍គូសបញ្ជាក់ថា ៦០ ភាគរយ នៃទ្រព្យសម្បត្តិមហាសេដ្ឋី កើតចេញពីកេរ្តិ៍មរតក ការផ្តាច់មុខនិយម ឬទំនាក់ទំនងតែក្នុងរង្វង់អភិជន ឬអ្នកមានឥទ្ធិពលជាដើម។ ការប្រមូលផ្តុំទ្រព្យសម្បត្តិដោយអយុត្តិធម៌ដូចជាការកេងប្រវ័ញ្ញប្រទេសក្រីក្រ ឬទាក់ទងនឹងប្រវត្តិសាស្រ្តនៃអាណានិគមនិយម ក៏ជាកត្តាសំខាន់នៅពីក្រោយការកើនឡើងនៃទ្រព្យសម្បត្តិមហាសេដ្ឋីផងដែរ។

លុយដ៏ច្រើនសន្ធឹកសន្ធាប់ នៅតែមានលំហូរចេញពីប្រទេសលោកខាងត្បូង ដែលសំដៅលើប្រទេសក្រីក្រ ទៅកាន់ប្រទេសលោកខាងជើងនានា (ឬប្រទេសអ្នកមាន) និងពលរដ្ឋមានៗបំផុតរបស់ប្រទេសទាំងនោះ។ Oxfam ហៅការណ៍នេះថាជាអាណានិគមនិយមសម័យទំនើប។ អ្នកមានបំផុត ១ ភាគរយ ក្នុងបណ្តាប្រទេសលោកខាងជើង ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បានទាញយកប្រាក់ ៣០ លានដុល្លារ/ម៉ោង ពីប្រទេសក្រីក្រតាមរយៈប្រព័ន្ធហិរញ្ញវត្ថុក្នុងឆ្នាំ ២០២៣។
ប្រទេសលោកខាងជើង គឺជាបណ្ដុំនៃកន្លែងរស់នៅរបស់មហាសេដ្ឋីពិភពលោក ដោយរួមចំណែកប្រមាណ ៦៩ ភាគរយនៃទ្រព្យសម្បត្តិសកល ៧៧ ភាគរយនៃទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក និង ៦៨ ភាគរយ នៃចំនួនមហាសេដ្ឋីពិភពលោកសរុប។
គួរគូសបញ្ជាក់ថា យោងតាមកំណត់ត្រារបស់ទស្សនាវដ្ដី Forbes ត្រឹមថ្ងៃទី ២០ មករា ២០២៥ មហាសេដ្ឋីធំៗបំផុតរបស់ពិភពលោករួមមាន នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla លោក អេឡុន ម៉ាសក៍ (៤៣៣,៩ ប៊ីលានដុល្លារ) CEO ក្រុមហ៊ុន Amazon លោក Jeff Bezos (២៣៩,៤ ប៊ីលានដុល្លារ) និង CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យា Meta លោក Mark Zuckerberg (២១១,៨ ប៊ីលានដុល្លារ) ជាដើម៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ