ព័ត៌មានអន្ដរជាតិ
ចិនបំបែកកំណត់ត្រាលើការនាំចូលទុរេន ខណៈវៀតណាម ម៉ាឡេស៊ី ថៃ ប្រជែងគ្នាលើការផ្គត់ផ្គង់
ប្រទេសចិនបានបំបែកកំណត់ត្រាលើការនាំចូលទុរេនរហូតជិតដល់ ៧ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៤ ខណៈវៀតណាម និងម៉ាឡេស៊ី ប្រជែងគ្នាដើម្បីទមា្លក់ថៃចេញពីតំណែកកំពូលលើការផ្គត់ផ្គង់ផ្លែឈើប្រភេទនេះឱ្យចិន។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post (SCMP)។

យោងតាមទិន្នន័យគយចិន ចិនបាននាំចូលទុរេនចំនួន ១៥,៦ ប៊ីលានគីឡូក្រាម ក្នុងឆ្នាំ ២០២៤ ដោយកើនឡើង ៩,៤ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។ តម្លៃនៃការនាំចូល បានកើនឡើង ៤,១ ភាគរយ ដល់កម្រិតខ្ពស់បំផុតប្រមាណ ៦,៩៩ ប៊ីលានដុល្លារ។
ថៃបាននាំមុខគេលើការផ្គត់ផ្គង់ទុរេនទៅចិនជាយូរមកហើយ ដោយរួមចំណែកប្រមាណ ៦៨ ភាគរយ នៃការនាំចូលទុរេនរបស់ចិនក្នុងឆ្នាំ ២០២៣។ យ៉ាងណាមិញ អត្រានេះបានធ្លាក់ចុះមកនៅត្រឹម ៥៧ ភាគរយ កាលពីឆ្នាំមុន ដោយសារបញ្ហាគុណភាពជុំវិញការដាំច្រើនពេក និងការធ្លាក់ចុះនៃផលិតកម្មទុរេន ដោយសារតែបញ្ហាធាតុអាកាសក្ដៅខ្លាំងជាដើម។
ក្រៅពីនេះ ក៏មានបញ្ហាផ្សេងផងដែរ។ រដ្ឋបាលគយទូទៅចិនបានបញ្ជាឱ្យប្រទេសថៃ និងវៀតណាម ផ្តល់របាយការណ៍ត្រួតពិនិត្យសម្រាប់ដំណាំទុរេនរបស់ខ្លួន បន្ទាប់ពីបានរកឃើញជាតិគីមី Basic Yellow 2 ដែលជាសារធាតុបង្កមហារីក។ តាំងពីថ្ងៃទី ១០ មករា មក អាជ្ញាធរចិនបានត្រួតពិនិត្យសំណាកផ្លែឈើ «ជ្រើសរើសដោយចៃដន្យ» នៅគ្រប់ច្រកព្រំដែន។ នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍។

សារព័ត៌មានថៃមួយទៀត Vision Thai បានរាយការណ៍កាលពីសប្តាហ៍មុនថា គយចិនបានប្រគល់ទុរេនប្រហែល ១០០ កុងតឺន័រ ដែលបានដឹកជញ្ជូនទៅកាន់ប្រទេសមុនថ្ងៃទី ១០ ខែមករា ដែលបណ្តាលឱ្យមានការខាតបង់ចំនួន ៥០០ លានបាត (១៤,៦ លានដុល្លារ) សម្រាប់អ្នកផលិត។
ផ្ទុយទៅវិញ ការនាំចូលទុរេនរបស់ចិនពីវៀតណាម ដែលជាប្រទេសផ្គត់ផ្គង់ធំទី២ បានកើនឡើង៣៧,៥៦ ភាគរយ ពេញមួយឆ្នាំ ២០២៤ ក្នុងតម្លៃប្រមាណ ២,៩ ប៊ីលានដុល្លារ។
ទោះបីជាចិនជួបនូវកម្សោយតម្រូវការទូទៅក្នុងស្រុកក៏ដោយ ក៏ទុរេននៅតែពេញនិយមក្នុងប្រទេសនេះ ដែលធ្វើឱ្យការផ្គត់ផ្គង់ពីប្រទេសនៅអាស៊ីអាគ្នេយ៍កាន់តែមានការប្រកួតប្រជែង។
បន្ទាប់ពីទទួលបានការយល់ព្រមលើការនាំចូលផ្លែទុរេនស្រស់ទៅចិនកាលពីខែមិថុនាឆ្នាំមុន ម៉ាឡេស៊ីបានកត់ត្រាពីការនាំចេញទុរេនប្រមាណ ៥,៧ លានដុល្លារទៅចិន ក្នុងរយៈពេល ៦ ខែចុងក្រោយឆ្នាំ ២០២៤។ ក្រៅពីនេះក៏មានប្រទេសហ្វីលីពីនផងដែរ ដែលបង្កើនការនាំចេញទុរេនទៅចិន ខណៈឥណ្ឌូណេស៊ីកំពុងពិភាក្សាជាមួយអាជ្ញាធរចិន។
គួរគូសបញ្ជាក់ថា ខណៈចិនបានចាប់ផ្តើមដាំទុរេនផ្ទាល់ខ្លួនរបស់ខ្លួននៅក្នុងខេត្តកោះហៃណានភាគខាងត្បូងដើម្បីបំពេញតម្រូវការមួយចំនួន ទិន្នផលទុរេនប្រទេសនេះនៅតូចទាបនៅឡើយ ដោយសារដើមទុរេនត្រូវចំណាយពេលច្រើនឆ្នាំ ដើម្បីបានផល៕

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច