ព័ត៌មានជាតិ
កម្ពុជាសំឡឹងមើលជម្រុញការនាំចេញអង្ករទៅកាន់ទីផ្សារជប៉ុន
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មបានពិភាក្សាជាមួយក្រុមហ៊ុន ជប៉ុនធំៗ ដើម្បីជម្រុញការនាំចេញអង្ករទៅកាន់ទីផ្សារដ៏ធំជាងគេមួយនេះនៅក្នុងតំបន់ ខណៈបណ្តាក្រុមហ៊ុននានាកំពុងតែធ្វើការសិក្សាអំពីលទ្ធភាពនៃការនាំចូល។
កាលពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ រួមជាមួយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុននាំចូលអង្ករឈានមុខលំដាប់កំពូលទាំង៣ របស់ជប៉ុន ក្នុងគោលបំណងជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន។ ក្រុមហ៊ុននាំចូលអង្ករឈានមុខលំដាប់កំពូលទាំង៣ របស់ជប៉ុនខាងលើនេះ បានធ្វើប្រតិបត្តិការគ្របដណ្ដប់ជាង ៨០% នៃទីផ្សារនាំចូលអង្កររបស់ប្រទេសជប៉ុន ដោយក្នុងចំណោមនោះ ក្រុមហ៊ុន ITOCHU Corporation គឺជាក្រុមហ៊ុនឈានមុខគេលំដាប់ទី១ ក្នុងវិស័យនាំចូលអង្ករនៅប្រទេសនេះ។

បើយោងតាមក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ា បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញ ការពង្រីកការនាំចេញផលិតផលកសិកម្ម និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាអង្ករកម្ពុជាអនុលោមតាមស្តង់ដានៃទីផ្សារអន្តរជាតិ ព្រមទាំងចក្ខុវិស័យដ៏ទូលំទូលាយនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការស្វែងរកឱកាសសហការនាពេលអនាគត។

«ក្រុមហ៊ុនជាច្រើនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងយល់បន្ថែមអំពីវិស័យអង្កររបស់កម្ពុជា និងបានទទួលស្គាល់អំពីសក្តានុពលអង្ករកម្ពុជា ព្រមទាំងបានបង្ហាញពីសុទិដ្ឋិនិយមក្នុងការណែនាំអង្កររបស់កម្ពុជាទៅកាន់បណ្តាញខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេផងដែរ»។នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
លោក សុង សារ៉ន ប្រធានអគ្គនាយក្រុមហ៊ុន Amru Rice (Cambodia) បានថ្លែងមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៧ ខែមករានេះថា ជប៉ុនគឺជាទីផ្សារដ៏មានសក្តានុពលមួយនៅក្នុងតំបន់ ដែលកម្ពុជាអាចជម្រុញការនាំចេញផលិតផលកសិកម្មនានា ជាពិសេសអង្ករ។
លោកបានថ្លែងថា៖«វាពិតជាមានសារៈសំខាន់ណាស់ដែលយើងធ្វើការផ្សព្វផ្សាយអំពីផលិតផលរបស់យើង ដូចជាអង្ករទៅកាន់បណ្តាប្រទេសនានានៅក្នុងតំបន់ ជាពិសេសប្រទេសមាជិក RCEP ដោយយើងអាចពង្រីកការនាំចេញរបស់យើងបានកាន់តែទូលាយ»។
បើយោងតាមលោកសារ៉ន កម្ពុជាបាននាំចេញអង្ករនៅមានកម្រិតតិចនៅឡើយទៅកាន់ទីផ្សារជប៉ុន ដោយការនាំចេញក្នុងរង្វង់១០០តោនក្នុងឆ្នាំ។

កាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានជាង ៦៥ម៉ឺនតោន ទៅក្រៅប្រទេសដោយអាចរកបានចំណូលបានជិត៥០០លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៦.១៥% ប្រភេទអង្ករស ធម្មតា ១៨.៧០% អង្ករចំហ៊ុយ ៣.១០% អង្ករសរីរាង្គចំនួន ១.៧៨% និងអង្ករផ្សេងៗចំនួន ០.២៧% ។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៥ ១៨០ ១៥៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៤៩៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?