សេដ្ឋកិច្ច
ទិន្នផលគ្រាប់ស្វាយចន្ទីកម្ពុជា នឹងកើនដល់ជាង ១ លានតោន នៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ
ទិន្នផលគ្រាប់ស្វាយចន្ទីនៅកម្ពុជានឹងកើនឡើងដល់ជាង ១ លានតោន នៅរយៈពេល ៥ ឆ្នាំខាងមុខ ខណៈផ្ទៃដីដាំដុះបានកើនឡើងជារៀងរាល់ឆ្នាំ។
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាមានប្រសាសន៍ថា កម្ពុជាបានក្លាយជាអធិរាជស្វាយចន្ទីរួចទៅហើយខាងគុណភាព ពីព្រោះស្វាយចន្ទីខ្មែរ នៅលើពិភពលោក គ្មានស្វាយចន្ទីណាមានគុណភាពដូចយើងទេ គ្រាប់ធំ រសជាតិឆ្ងាញ់ ហើយមានសារធាតុចិញ្ចឹមច្រើន។

លោក ស៊ុយ កុកធាន បានបញ្ជាក់ថា៖ «បរិមាណ ក្នុងការផលិតនៅកម្ពុជាគឺយើងជាប់លេខ២ រួចហើយ បន្ទាប់ពីប្រទេសកូតឌីវ័រ ខ្ញុំជឿជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំក្រោយ បើគ្មានអ្វីប្រែប្រួលទេ បរិមាណនៃការផលិតស្វាយចន្ទីកម្ពុជានឹងលើសពី ១ លានតោន អញ្ចឹងវាអាចប្រកួតប្រជែង នឹងអាចក្លាយទៅជាអ្នកដែលឈរលំដាប់លេខ ១ ហើយមានស្ថិរភាពនៅក្នុងពិភពលោក»។
លោក ស៊ុយ កុកធាន បានបន្តថា ប្រសិនបើការកែច្នៃហើយនាំចេញផលិតផលកែច្នៃ កម្ពុជាត្រូវការពេលវេលា ពីព្រោះការប្រកួតប្រជែង ដូចជាវៀតណាមគេក្លាយទៅជាប្រទេសដែលនាំចេញ ចន្ទីកែច្នៃលេខ១ នៅលើពិភពលោក នៅក្នុងអនុវិស័យមួយនេះ ស្ទើរតែ ២០ ឆ្នាំ ហើយ យើងទើបតែចាប់ផ្ដើមទេ អញ្ចឹងយើងត្រូវការពេលវេលា។

បើតាមលោក ស៊ុយ កុកធាន៖ «ការដាំដុះប្រចាំឆ្នាំរបស់កម្ពុជា មានការកើនឡើង អញ្ចឹងអត់មានឆ្នាំណាមួយ ដែលប្រជាកសិករ អត់ដាំថែមទេ មានឆ្នាំខ្លះដាំ ៤ ម៉ឺនហិកតា ឆ្នាំខ្លះ ៥ ម៉ឺនហិកតា ដូចឆ្នាំ ២០២៤ រកកូនចន្ទីដាំអត់បានព្រោះកសិករដាំច្រើន»។
អនុប្រធានសមាគមស្វាយចន្ទីរូបនេះ បញ្ជាក់ថា ស្វាយចចន្ទីដែលដាំរួចហើយ អាយុកាន់តែកើនឡើង ដូច្នេះទិន្នផលក៏កាន់តែខ្ពស់ ដូចជាបរិមាណនៃការដាំដុះ ដែលកម្ពុជាបានព្យាករណ៍ថា ជាង ៥៨ ម៉ឺនហិកតា គឺជាបរិមាណផ្ទៃដីដែលប្រមូលផល មិនគិតបញ្ចូលទាំងបរិមាណផ្ទៃដី ដែលមិនទាន់ប្រមូលផលទេ ដូច្នេះបើយើងគិតបរិមាណផ្ទៃដីដែលមិនទាន់ប្រមូលផលខ្ទង់ ១០ ម៉ឺនហិកតា ទៅ ២០ ម៉ឺហិកតា បន្ថែមទៀត ដែលសរុប ៧០ ហិកតា ហើយបើយើងគុណនឹង ១,៥ តោន កន្លះក្នុងមួយហិកតា គឺទិន្នផល១ លានតោនហើយ។

កាលពីឆ្នាំ ២០២១ កម្ពុជាធ្លាប់ជាប្រទេសលេខ១ លើពិភពលោក កម្ពុជាផលិតបានជាង ១ លានតោន ព្រោះដោយសារនៅពេលនោះ អាកាសធាតុល្អ អំណោយផល ធ្វើឱ្យទិន្នផលស្វាយចន្ទីកម្ពុជាកើនឡើង។
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា កម្ពុជានឹងក្លាយជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនៅក្នុងឆ្នាំ ២០៣០។
លោក តូច ប៊ុនហួរ បានបញ្ជាក់ថា ប្រសិនបើទីផ្សារល្អ មិនមានឧបសគ្គអ្វី មិនយូរទេ យើងអាចឈានទៅរកអធិរាជស្វាយចន្ទីពិតប្រាកដ ដោយសារថា យើងប្រៀបធៀបនឹងប្រទេស ដែលមានដំណាំស្វាយន្ទីច្រើនជាងគេ គឺប្រទេស កូតឌីវ័រ មានដល់ជាង ១ លានហិកតា ហើយបន្ទាប់មកប្រទេសឥណ្ឌា ប៉ុន្តែបើនិយាយពីរសជាតិ និងគ្រាប់ គឺស្វាយចន្ទីយើងល្អលើសគេ ចំណុចនេះហើយដែលយើងអាចក្លាយទៅជាអធិរាជស្វាយចន្ទីបាន។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។
កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា