សេដ្ឋកិច្ច
ជប៉ុនស្នើឱ្យអនុវត្តលើគំនិតផ្ដួចផ្ដើមទីផ្សារសញ្ញាប័ណ្ណអាស៊ាន+៣ សំដៅអភិវឌ្ឍទីផ្សារមូលបត្រ
ជប៉ុនបានស្នើឱ្យអនុវត្តលើគំនិតផ្ដួចផ្ដើមទីផ្សារសញ្ញាប័ណ្ណអាស៊ាន+៣ (MBMI) ដើម្បីអភិវឌ្ឍទីផ្សារមូលបត្របំណុលរយៈពេលវែង ដែលកំណត់ដោយរូបិយបណ្ណក្នុងស្រុក តាមរយៈការជំរុញទីផ្សារមូលបត្របំណុលប្រកបដោយប្រសិទ្ធភាព ក្នុងតំបន់អាស៊ាន+៣។

ការស្នើបែបនេះ បានធ្វើឡើងក្នុងពេលដែលស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រារព្ធពិធីខួបលើកទី ២០នៃជំនួយបច្ចេកទេសហិរញ្ញវត្ថុអាស៊ានជប៉ុននៅកម្ពុជា នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ ក្រោមវត្តមានលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។
លោក អ៊ូអិណុ អាត់ស៊ូស៊ី មានប្រសាសន៍ថា ប្រទេសជប៉ុនបានស្នើ និងកំពុងធ្វើការលើគំនិតផ្ដួចផ្ដើមទីផ្សារសញ្ញាប័ណ្ណអាស៊ាន+៣ (MBMI) ដែលត្រូវបានឯកភាពក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣ លើកទី ៦ ក្នុងឆ្នាំ ២០០៣ដើម្បីអភិវឌ្ឍទីផ្សារមូលធនមូលបត្របំណុលរយៈពេលវែង ដែលកំណត់ដោយរូបិយប័ណ្ណក្នុងស្រុក តាមរយៈការជំរុញទីផ្សារមូលបត្របំណុលប្រកបដោយប្រសិទ្ធភាព និងសន្ទនីយភាពខ្ពស់នៅក្នុងតំបន់អាស៊ាន+៣។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បញ្ជាក់ថា ប្រទេសជប៉ុន និងអាស៊ាន បានសហការគ្នាបន្ថែមទៀតតាមរយៈការបង្កើតមូលនិធិជំនួយបច្ចេកទេសហិរញ្ញវត្ថុជប៉ុន-អាស៊ាន ដោយផ្ដល់ជំនួយបច្ចេកទេស និងវិភាគទានហិរញ្ញវត្ថុ។
នៅកម្ពុជាជំនួយបច្ចេកទេសក្រោម MBMI បានចាប់ផ្ដើមតាំងពីឆ្នាំ ២០០៤ ហើយប្រទេសជប៉ុនបាននឹងកំពុងផ្ដល់ជំនួយជាង ២០ ឆ្នាំ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលេខាធិការដ្ឋានអាស៊ាន។ តាមរយៈការបង្កើតច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ និងការចែករំលែកចំណេះដឹងបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុ និងមូលធននៅកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ ២០១៨។ បច្ចុប្បន្ន ដំណាក់កាលទី១១ នៃជំនួយនេះ កំពុងត្រូវបានអនុវត្ត ហើយដំណាក់កាលនេះ នឹងបន្តរហូតដល់ខែកញ្ញា ឆ្នាំ ២០២៥ ដោយមានការសហការពីរាជរដ្ឋាភិបាលកម្ពុជា។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដោយជំនួយនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា ពង្រឹងសមត្ថភាពស្ថាប័នហិរញ្ញវត្ថុ និងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្របំណុលដ៏រឹងមាំ។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ានលើផ្នែកហិរញ្ញវត្ថុក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដែលផ្តល់ការគាំទ្រហិរញ្ញវត្ថុ បច្ចេកទេស និងកិច្ចសហការយ៉ាងមោះមុតក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ដោយមានការរៀបចំជាកម្មវិធីជំនួយបច្ចេកទេស និងគម្រោងជាច្រើន ដូចជា គម្រោង ASEAN+3 Bond Markets Initiative (ABMI) ជាដើម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដោយកំណើនសេដ្ឋកិច្ច និងភាពជោគជ័យទាំងអស់នេះ បានឆ្លុះបញ្ចាំងពីចំណេះដឹងបច្ចេកទេស និងចក្ខុវិស័យរួមគ្នារវាងប្រទេសកម្ពុជា និងដៃគូសហការ៕



អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល