Connect with us

ព័ត៌មានជាតិ

កម្ពុជារកចំណូលបានជិត១៤ ពាន់លាន​ដុល្លារ ពីការនាំចេញផលិតផល GFT

បានផុស

នៅ

ទោះបីជាស្ថានភាពសេដ្ឋកិច្ច​សកហាក់មានកំណើនយឺតកាលពីឆ្នាំ២០២៤  ប្រទេសកម្ពុជា​បាន​​ធ្វើការនាំចេញផលិតផល​វាយនភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ការ​ធ្វើ​ដំណើរ​ (GFT)  ជាង ១៣,៩២ពាន់លានដុល្លារ ធៀបទៅនឹង​ទឹកប្រាក់ជាង១១,២៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ កើនឡើងជាង ២៣ភាគរយ​កាលពីឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងរយៈពេល១២ខែឆ្នាំ២០២៤ ​ការនាំចេញវាយនភណ្ឌមានប្រមាណ ៤២៦,៥៤លានដុល្លារ (កើនឡើង ១៧​%) ការនាំចេញសម្លៀកបំពាក់ឈានដល់ ៧,៨៦៨ពាន់លានដុល្លារ (ការកើនឡើង២៤,៤៤%) និងការនាំចេញស្បែកជើង ១.៣៦៥ ពាន់លានដុល្លារ (កើនឡើង ២​៣%)  ខណៈដែលទំនិញធ្វើដំណើរសម្រេចបាន ១​,៦៣៣ ពាន់លានដុល្លារ​ កើនឡើង ១៩,៦ ភាគរយ។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍មួយកាលពីថ្ងៃទី១៨ ខែវិច្ឆិកានេះថា ឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង (GFT) គឺជាវិស័យអាទិភាពរបស់កម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ផងដែរក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

លោកស្រីបានថ្លែងថា៖«រាជរដ្ឋាភិបាលកម្ពុជាយល់យ៉ាងច្បាស់នូវភាពប្រកួតប្រជែងខ្ពស់នៃឧស្សាហកម្មនេះ និងបានដាក់ចេញនូវ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា២០២២-២០២៧ ដើម្បីជាផែនទីក្នុងការអភិវឌ្ឍវិស័យនេះទៅជាឧស្សាហកម្ម ដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស»។

លើសពីនេះទៅទៀត លោកស្រីថា ដើម្បីបង្កើនភាពប្រកួតប្រជែង ស្របពេលដែលធានាឱ្យបាននូវលក្ខខណ្ឌការងារសមស្របក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ក្នុងឆ្នាំ២០០១កម្ពុជាបានចូលរួមក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលធ្វើការវាយតម្លៃលើលក្ខខណ្ឌការងារដោយផ្អែកលើច្បាប់ការងារកម្ពុជា ច្បាប់ទាក់ទងនឹងការងារផ្សេងៗ និងបទដ្ឋានការងារគោលដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤នេះ តម្រូវការបញ្ជាទិញនៅក្នុងវិស័យវាយនភណ្ឌកើនឡើង នៅទីផ្សារអន្តរជាតិ ដូចជាអាមេរិក និងអឺរ៉ុប ធ្វើឱ្យការនាំចេញរបស់​កម្ពុជា​មាន​កំណើន។

ជាមួយគ្នានេះដែរកម្ពុជាក៏កំពុងមានផែនការក្នុងការជម្រុញការនាំចេញផលិតផល GFT ទៅកាន់ចក្រភពអង់គ្លេសផងដែរ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ​ថា ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជានៅក្នុងឆ្នាំ ២០២៤ មានកំណើន ដោយសារតែប្រទេស​ជិតខាង​នៅ​ក្នុង​​តំបន់អាស៊ាន កំពុងប្រឈមបញ្ហាអសន្តិសុខ ដូចជាមីយ៉ាន់ម៉ា ស្រីលង្កា បង់ក្លា​ដេស ដែល​កំពុង​តែប្រឈម ក្នុងវិបត្តិសេដ្ឋកិច្ច។

លោក ហ្វា សាលី អះអាងថា​ វិស័យកាត់ដេរ វាយនភណ្ឌនៅកម្ពុជា កាន់តែល្អប្រសើរដោយ​សារ​តែ​​មានការបញ្ជាទិញកាន់តែច្រើន នៅក្នុងឆ្នាំ ២០២៥ ខណៈស្ថានភាពការងារក្នុងវិស័យនេះ​​​កាន់​តែ​មាន​ភាពល្អប្រសើរនៅកម្ពុជា។

លោក ហ្វា សាលីយល់ឃើញថា៖ «មិនថាឆ្នាំនេះ ឬឆ្នាំខាងមុខ គឺយើងមានភាពល្អប្រសើរ មកដល់ពេលនេះ គឺមានការបញ្ជាទិញកាន់តែច្រើនពីក្រៅប្រទេស ហើយការបញ្ជាទិញនេះ គឺគោលដៅក្នុងឆ្នាំ ២០២៥ តែម្ដង ហើយបងប្អូនកម្មករមានការងារធ្វើច្រើន ទាំងរោងចក្រសិប្បកម្ម ឬរោងចក្រខ្នាតធំ មានការជ្រើសរើសកម្មកម្មចូលបម្រើការងារច្រើន»។

លោកស្រីចម និម្មលថា៖«តាមព័ត៌មានដែលខ្ញុំទទួលបាន ព្រឹត្តិការណ៍ពិព័រណ៍ថ្ងៃនេះមានគោលបំណងជំរុញ ការនាំចេញផលិតផល វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស មិនត្រឹមតែតាមរយៈការតាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបង្កើតបណ្តាញ ទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេស លើផលិតផលទាំងនោះផងដែរ។

យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងការងារគិតត្រឹមចុងខែតុលា ឆ្នាំ២០២៤ ​ វិស័យនេះមានរោងចក្រ និងសាខាចំនួន ១​ ៥៣៨​ដែលមានកម្មករនិយោជិតប្រមាណ ៩១៣ ០០០ នាក់ ដែលភាគច្រើនជាស្ត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៤ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ១៦ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម