Connect with us

សេដ្ឋកិច្ច

រដ្ឋកំពុងជំរុញសាងសង់គម្រោងប្រភពថាមពលអគ្គិសនីថ្មីចំនួន ៣៦

បានផុស

នៅ

ក្រសួងរ៉ែ និងថាមពល កំពុងជំរុញគម្រោងប្រភពអគ្គិសនីថ្មីចំនួន ៣៦ គម្រោង ដែល​ភាគ​ច្រើនជាប្រភពថាមពលស្អាត ក្នុងនោះ ១៣ គម្រោង មានអានុភាពសរុប ចំនួន ១ ២៧៥ មេហ្គាវាត់ កំពុងដំណើរការសាងសង់ ខណៈ ២៣ គម្រោងទៀត ដែលមានអានុភាពសរុបចំនួន ៥ ៩៥០ មេហ្គាវាត់ បានទទួលការអនុម័តឱ្យធ្វើការអភិវឌ្ឍ ក្នុងគោលដៅឱ្យកម្ពុជាមានអានុភាព ប្រភពថាមពលកកើតឡើងវិញយ៉ាងតិច ៧០% នៃល្បាយនៃប្រភពអគ្គិសនីសរុបនៅឆ្នាំ ២០៣០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើង​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារឆ្នាំ ២០២៤ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា៖ «បើប្រៀបធៀប​កម្ពុជាជាមួយ​​បណ្ដាប្រទេសនៅក្នុងតំបន់ ដកតែ​ប្រទេស​ឡាវមួយចេញ ប្រសិនបើយើង​អាចផលិតបាន ៧០% យ៉ាងយូរ នៅឆ្នាំ ២០៣០ កម្ពុជាគឺឈរលេខរៀងទី២​ ក្នុងប្រទេសអាស៊ាន ១០ ដែលមានថាមពលស្អាតខ្ពស់ជាងគេ ហើយថាមពលស្អាតនេះហើយ ដែលនឹងផ្ដល់ផល​ជាច្រើនទៀត នៅក្នុងគោលដៅផ្សេង»។

លោក កែវ រតនៈ បញ្ជាក់ថា ការផ្ដល់សេវាផ្គត់ផ្គង់ឱ្យបានទូទាំងប្រទេស ដូចជាការធ្វើទំនើបកម្ម ការស្នើសុំការផ្ដល់សេវាភ្ជាប់ចរន្ត ការផ្ដល់ព័ត៌មាន ការផ្ដល់វិក្ក័យបត្រ ការទូទាត់ ការទំនាក់​ទំនង​ឱ្យ​​អាចធ្វើបានតាមប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធទូរស័ព្ទដៃដើម្បីធ្វើយ៉ាងណាផ្ដល់​ភាព​ងាយ​ស្រួល តម្លាភាព ប្រសិទ្ធភាព ដល់អ្នកប្រើប្រាស់ទូទាំងប្រទេសសម្រាប់បម្រើប្រជាជន។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា មានប្រសាសន៍ថា ​ការអភិវឌ្ឍបង្កើនសមត្ថភាព​ប្រភពផលិត អានុភាពនៃប្រភពផលិតអគ្គិសនី បានកើនឡើងពី ៤ ៦៤៩ មេហ្គាវាត់ នៅចុងឆ្នាំ ២០២៣ ដល់ ៥ ០៤៤ មេហ្គាវាត់នៅចុងឆ្នាំ ២០២៤ ឯបរិមាណ​ថា​​មពល​ដែលបាន​​ប្រើ​ប្រាស់​ចេញពីប្រភពអគ្គិសនី បានកើនឡើងពី ១៦ ៨០៤ លានគីឡូវាត់ម៉ោង នៅឆ្នាំ ២០២៣ មក ១៩ ៤១៩ លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ ២០២៤។

ចំពោះការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនីនៅក្នុឆ្នាំ ២០២៤ កម្ពុជាបានអភិវឌ្ឍបណ្ដាញ​អគ្គិស​នីបន្ថែមចំនួន ១៨២ គីឡូម៉ែត្រ និងសាងសង់អនុស្ថានីយចំនួន ២ បន្ថែមទៀត ធ្វើឱ្យបច្ចុប្បន្ននេះ កម្ពុជាមានខ្សែបណ្ដាញបញ្ជូនសរុប ៣ ៨៩០ គីឡូម៉ែត្រ និងមាន​អនុស្ថានីយចំនួន ៧០ ដែលអាចបញ្ជូនប្រភពអគ្គិសនីដល់រាជធានីខេត្តចំនួន ២៥ ផ្ទាល់ ទូទាំងប្រទេស។

ចំពោះការអភិវឌ្ឍ បង្កើនសមត្ថភាព នៃប្រព័ន្ធបញ្ជូនរង និងបណ្ដាញចែកចាយ គឺពឹងផ្អែក​ទៅ​លើការអភិវឌ្ឍ ទៅលើរចនាសម្ព័ន្ធចំនួន ៣ ទី១ គឺខ្សែបណ្ដាញតង់ស្យុងមធ្យម ទី២ ខ្សែបណ្ដាញ​ចែកចាយ ទី៣ ខ្សែបណ្ដាញតង់ស្យុងទាប រហូតដល់ចុងឆ្នាំ ២០២៤ ការគ្រប់គ្រងអគ្គិសនីបានគ្រប់ដណ្ដប់លើភូមិចំនួន ៩០.១៥% នៅចុងឆ្នាំ ២០២៤ ស្មើនឹង ១៤ ០៤៨ ភូមិ នៅសល់ភូមិចំនួន ១២០ ពុំទាន់មានការផ្គត់ផ្គង់អគ្គិសនី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

វប្បធម៌ ជំនឿ១១ នាទីutes មុន

មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន

ព័ត៌មានជាតិ១៤ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ១៧ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

Sokha Hotels

ព័ត៌មានពេញនិយម