ព័ត៌មានជាតិ
ទឹកប្រាក់ជាង២,៥០០ពាន់លានដុល្លារត្រូវបានកម្ពុជាចំណាយលើការនាំចូលសំភារៈសំណង់កាលពីឆ្នាំមុន
កម្ពុជាបានចំណាយប្រាក់ជាង២,៥១១ពាន់លានដុល្លារលើការនាំចូលសំភារៈសំណង់ក្នុងឆ្នាំ២០២៤កន្លងទៅនេះ កើនឡើងជិត៣៦ភាគារយ ធៀបនឹងឆ្នាំ២០២៣ ដែលទឹកប្រាក់ជាង១,៨៤៩ពាន់លានដុល្លារ ខណៈអ្នកជំនាញបានលើកឡើងអំពីការងើបឡើងវិញសន្សឹមៗនៃវិស័យសំណង់ និងអចលនទ្រព្យកាលពីឆ្នាំមុននិងបន្តកាន់តែល្អសម្រាប់ឆ្នាំ២០២៥នេះ។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ក្នុងចំណោមទឹកប្រាក់នាំចូលសំភារៈសំណង់ជាង ២,៥១១ ពាន់លានដុល្លារនេះ ក្នុងនោះការនាំចូលសំភារៈសំណង់ចាំបាច់នានាមានទឹកប្រាក់ជាង ១,៦៥២ ពាន់លានដុល្លារកើនឡើងជាង២៤%; ការចំណាយលើការនាំចូលដែកនានាមានទឹកប្រាក់ជាង៨៤២លានដុល្លារ កើនឡើងជិត ៦៩% និងការចំណាយលើការនាំចូលស៊ីម៉ង់ត៍មានទឹកប្រាក់ជិត ១៧លានដុល្លារថយចុះជិត១៧%។
លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានលើកឡើងកាលពីពេលថ្មីៗកន្លងទៅនេះថា ស្ថានភាពទីផ្សារទិញ-លក់អចលនទ្រព្យបានចាប់ផ្ដើម កម្រើកឡើងវិញនៅក្នុងឆ្នាំ ២០២៤ បន្ទាប់ពីបានឆ្លងកាត់វិបត្តិជំងឺកូវីដ១៩ និងសង្គ្រាម។

លោកបណ្ឌិត គីម ហ៊ាងបញ្ជាក់ថា៖ «រឿងអាក្រក់បានកើតឡើងរួចហើយ បើនិយាយពីក្រុមហ៊ុន ឬបុគ្គលដែលពាក់ព័ន្ធនឹងវិស័យដីធ្លី អ្នកណា ដែលត្រូវក្ស័យធន គឺគាត់ក្ស័យរួចហើយ អ្នកណាដែលលំបាកគឺលំបាកហើយ អញ្ចឹងវាដល់ពេលមួយដែលញែកដាច់ថាតើនរណា ជាមនុស្សដែលអាចឈរជើងបាន ហើយនរណាដែលត្រូវក្ស័យធន អញ្ចឹងនរណាដែលអាចឈរជើងដល់បច្ចុប្បន្ន អ្នកនោះគឺគាត់ឆ្លងផុតវិបត្តិរួចហើយ»។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យលោក ង៉ែត ជូ បានលើកឡើងថា ការទិញ លក់ ចាប់ផ្ដើមមានសញ្ញាកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនទេ។ ជាទូទៅនៅពេលដែលមានការផ្គត់ផ្គង់ច្រើន នោះតម្លៃនឹងល្អ ហើយអ្នកដែលមានលទ្ធភាពនៅពេលបច្ចុប្បន្ន អ្នកខ្លះក៏ចាប់យកឱកាស ហ៊ានវិនិយោគ ប៉ុន្តែក៏មានអ្នកប្រឈមនឹងជាប់គាំងក្នុងការលក់ចេញច្រើន ដោយសារតែទំហំនៃការផ្គត់ផ្គង់នៅលើទីផ្សារ ដូចជា ផ្ទះ ដី និងសំណង់អាគារ គឺសម្បូរមានអ្នកលក់។

លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានលើកឡើងនៅក្នុងពិធីបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ថា គិតត្រឹមរយៈពេល ១០ ខែ ឆ្នាំ ២០២៤ រាជធានីភ្នំពេញទទួលបានគម្រោងសាងសង់ចំនួន ៥១៦ គម្រោងជាមួយទុនវិនិយោគប្រមាណ ១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ វិស័យសំណង់នៅរាជធានីភ្នំពេញ មានការរីកចម្រើន ដែលមានអាគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូប្រណីត ត្រូវបានសាងសង់ឡើងបន្តបន្ទាប់ ដែលសរុបជាសំណង់បុរី និងផ្ទះល្វែងចំនួន ៤៤៨ កន្លែង និងអាគារខ្ពស់ៗ ចំនួន ១ ៨៤៩ អាគារ។
កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងដែនដី នគររូបណីយកម្ម និងសំណង់ បានជួបប្រជុំជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដោយស្នើរឱ្យបញ្ចុះអត្រាការប្រាក់កម្ចីសម្រាប់អតិថិជនលើការបង់រំលង់ផ្ទះនានា។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា យន្តការនេះគឺល្អទាំងសងខាង ដោយសារតែអ្នកដែលប្រើប្រាស់ ការបង់រំលោះនៅបុរីនោះជួនកាល គាត់អាចមានការប្រាក់ថ្លៃ ហើយម្ចាស់បុរីមានសាច់ប្រាក់មានកម្រិត គាត់ត្រូវការលុយដើម្បីធ្វើបន្តទៀត ដូច្នេះបើគាត់ត្រឡប់មកប្រើលុយហ្នឹងជាមួយធនាគារវិញ គឺល្អប្រសើរ។

លោក តូច ចៅចេកមានប្រសាសន៍ថា៖ «ខាងធនាគារជាតិ ក៏ដូចជាក្រសួងរៀបចំដែនដី ចង់ស្វះស្វែងឱ្យធនាគារទាំងអស់ ជួយសហការផ្ដល់កម្ចីក្នុងអត្រាការប្រាក់មួយដែលល្អប្រសើរសមរម្យត្រឹម ៧% ទៅ ៨% ធនាគារមិនពិបាកក្នុងារផ្ដល់ជូនទេ»។
យោងតាមធនាគារជាតិ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យអចលនទ្រព្យមានប្រមាណ ៦,២០ ពាន់លានដុល្លារ ឬស្មើនឹង ១០%នៃទំហំឥណទានជាង ៦១ ពាន់លានដុល្លារ មានកំណើន ១៧,៨% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?