Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ​បារម្ភពីឥទ្ធិពលនៃអាណត្តិថ្មីរបស់ ត្រាំ លើសេដ្ឋកិច្ចវៀតណាម​

បានផុស

នៅ

អ្នកជំនាញ​សេដ្ឋកិច្ចវៀតណាម​ លើកឡើងពីសេណារីយ៉ូផ្សេងៗដែល​អាណត្តិថ្មីរបស់​ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ អាច​ជះ​ឥទ្ធិពល​លើ​សេដ្ឋកិច្ចវៀតណាម ចំពេល​ដែល​ភាព​តានតឹង​ពាណិជ្ជកម្ម​សកល​កើន​ឡើង​ក្រោម​គោលនយោបាយ​ពន្ធ​របស់​ ត្រាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសៅរ៍ លោក ត្រាំ​ ប្រកាស​ដាក់ពន្ធ​ ២៥ ភាគរយ លើកាណាដា និងម៉ិកស៊ិក និង ១០ ភាគរយ លើ​ចិន​ ដោយ​បំផ្ទុះសង្រ្គាម​ពាណិជ្ជកម្មអាមេរិកខាង​ជើង ​ក្រោម​​កាណាដា និងម៉ិកស៊ិក ​ប្រកាសពី​វិធានការសងសឹងវិញ ​ដោយ​ការដាក់ពន្ធ ២៥ ភាគរយ ​ប្រឆាំង​អាមេរិក​។ ​ប៉ុន្តែ​ក្រោយមកកាល​ពីថ្ងៃចន្ទ​ ​លោក ត្រាំ និង​មេដឹកនាំ​កាណាដា និងម៉ិកស៊ិក បាន​ប្រកាស​ពី​ការ​ផ្អាក​ការអនុវត្តវិធានការ​ពន្ធ​នេះ​ ​រយៈពេល​ ៣០ ថ្ងៃសិន ក្រោយ​ពី​បាន​ចរចាគ្នា​តាម​ទូរស័ព្ទ។

ទោះបីជាយ៉ាងណាក៏ដោយ​ ភាព​តានតឹង​មាន​រួចស្រេច​ទៅហើយ ក្រោម​គោលនយោបាយការពារនិយម​របស់លោក ត្រាំ។ កន្លងមក សេដ្ឋវិទូព្រមាន​បាន​ម្ដងហើយម្ដងទៀត​ថា វិធានការពន្ធ​របស់​ ត្រាំ នឹង​ទាក់ទាញ​ចំណាត់ការឆ្លើយ​តប ដែល​វា​​នឹង​ធ្វើ​ឱ្យ​ពាណិជ្ជកម្មសកល​ធ្លាក់ចុះ ​ហើយប៉ះពាល់ដល់​កំណើនសេដ្ឋកិច្ចសកល។ ក្រោម​ឥទ្ធិពល​បែបនេះ​​ អ្នកជំនាញសេដ្ឋកិច្ចពីប្រទេស​ផ្សេងៗ​ រួម​ទាំង​វៀតណាម​ ព្រមាន​ឱ្យ​រដ្ឋាភិបាលខ្លួន​ត្រូវ​​តាមដាន​ឱ្យ​​ហ្មត់ចត់។

មុនសម្រេច​ប្រកាសពន្ធ​លើម៉ិកស៊ិក និងកាណាដា និង​ចិន​ លោក ត្រាំ តែងតែលើកឡើងពី​បញ្ហា​ធំៗ​២ គឺលំហូរថ្នាំញៀនហ្វេនតានីល និងអន្តោប្រវេសន៍ខុសច្បាប់ចូល​ទឹកដីអាមេរិក​។ ប៉ុន្តែ​អ្វីដែលគួរ​ឱ្យ​ព្រួយនោះគឺ​​ថា​ លោក ត្រាំ ក៏​ធ្លាប់បានទទូច​ផងដែរ​ថា លោកនឹង​ដាក់ពន្ធ ១០ ភាគរយ លើទំនិញ​ពីគ្រប់ប្រទេសទាំង​អស់ ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក។

លោក Võ Trí Thành ​អតីតអនុប្រធានវិទ្យាស្ថានកណ្តាលសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច (CIEM) និងជាសមាជិកនៃក្រុមប្រឹក្សាប្រឹក្សាគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុជាតិ បាន​សរសេរក្នុងអត្ថបទ​ដែលចុះ​ផ្សាយ​ដោយ​កាសែត Viet Nam News ថា ប្រសិន​បើ ត្រាំ ដាក់ពន្ធ​លើ​វៀតណាម​ នោះវា​អាច​នឹង​មានឥទ្ធិពលយ៉ាងខ្លាំង​លើ​សេដ្ឋកិច្ចវៀតណាម តាមរយៈសមតុល្យពាណិជ្ជកម្ម អត្រាប្តូរប្រាក់ ខ្សែចង្វាក់ផ្គត់ផ្គង់ និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។

សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ដែលរួមចំណែក​ជិត ៣០ ភាគរយ នៃ​ការនាំចេញរបស់ប្រទេសក្នុងឆ្នាំ ២០២៤ ជាមួយនឹងអតិរេកពាណិជ្ជកម្មសម្រាប់​វៀតណាម ប្រមាណ​ ១០៤,៦ ប៊ីលាន​ដុល្លារ។​

លោក​ Võ បាន​បន្តថា​ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ វៀតណាម និង​ប្រទេស​មួយ​ចំនួនទៀត ​បានទទួល​ប្រយោជន៍យ៉ាងច្រើនពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ពេល​ក្រុមហ៊ុនផលិតជាច្រើនបានផ្លាស់ប្តូររោងចក្ររបស់​ខ្លួន​ពីចិន​ ​ដើម្បីចៀសវាងការយកពន្ធរបស់សហរដ្ឋអាមេរិក។ ប្រការនេះ ធ្វើ​ឱ្យ​វៀតណាមមានអតិរេកពាណិជ្ជកម្ម​ធំជាងទី៣​សម្រាប់​អាមេរិក បន្ទាប់​ពីចិន និងម៉ិកស៊ិក។ ក្រៅពីនេះ​ វៀតណាម និងអាមេរិក​ក៏​បាន​បន្ត​ពង្រឹង​ទំនាក់ទំនង និងបង្កើត​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្រោម​អាណត្តិរបស់អតីត​ប្រធានាធិបតី លោក​ ចូ បៃដិន​ ផងដែរ។ ​

​ផ្ទុយ​ទៅវិញ​ អ្នកជំនាញដដែលបាន​លើក​ឡើង​ថា​​ អាណត្តិទី២របស់​លោក ត្រាំ អាច​នឹង​ពិបាក​សម្រាប់​វៀតណាម​ ក្នុងការ​ស្រូប​យក​ប្រយោជន៍​ទាំង​នោះ ​ខណៈ​លំហូរការវិនិយោគដោយផ្ទាល់ពី​បរទេស​ (FDI) អាចថយចុះនៅដើមឆ្នាំ ២០២៥​ រហូតដល់អ្នកវិនិយោគមានការយល់ដឹងកាន់តែច្បាស់ ថាតើវៀតណាម​នឹងក្លាយជាគោលដៅជាប់ពន្ធ​របស់​ លោក ត្រាំ ដែរ​ឬ​យ៉ាង​ណា​។

ទន្ទឹម​នឹង​នេះ ក្រសួង​ឧស្សាហ​កម្ម​ និង​ពាណិជ្ជកម្ម​វៀត​ណាមកន្លងមក​ ​បាន​លើក​ឡើង​អំពី​សេណារីយ៉ូ​ចំនួន​២ ធំ​ៗ​ សម្រាប់អាណត្តិថ្មីរបស់​ ត្រាំ។ សេណារីយ៉ូសុទិដ្ឋិនិយមគឺថា សហរដ្ឋអាមេរិកនឹងរក្សាគោលនយោបាយពន្ធគយបច្ចុប្បន្នរបស់ខ្លួនលើទំនិញវៀតណាម ខណៈ​ការផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់អាចនាំមកនូវការវិនិយោគបន្ថែមទៀត ដើម្បីជំរុញការនាំចេញ។

ក្នុង​សេណារីយ៉ូ​អាក្រក់ វិធានការពន្ធ​តឹងរ៉ឹង​អាច​រំខាន​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​ប៉ះពាល់​ជា​អវិជ្ជមាន​​ដល់​ការ​នាំ​ចេញ​របស់​វៀតណាម។ ចិន ដែលជាដៃគូពាណិជ្ជកម្ម​សំខាន់របស់អាមេរិក ក៏អាចនឹង​ប្រឈម​នឹង​ការលំបាក ដែលនឹង​ដាក់សម្ពាធបន្ថែមទៀត​លើវៀតណាម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម