ព័ត៌មានអន្ដរជាតិ
កំណើនសេដ្ឋកិច្ចចិនអាចធ្លាក់ចុះ ដោយសារបញ្ហាពីពន្ធរបស់ ត្រាំ
ក្នុងគោលនយោបាយបង្កើនភាពតានតឹងជម្លោះពាណិជ្ជកម្មសកល ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បានប្រកាសដាក់ពន្ធបន្ថែម ១០ ភាគរយ លើទំនិញនាំចូលពីចិន ដោយចោទប្រកាន់ប្រទេសនេះពីតួនាទីលើខ្សែចង្វាក់ផ្គត់ផ្គង់ថ្នាំញៀនហ្វេនតានីល។
ខណៈចិនចេញវិធានការសងសឹកវិញនៅថ្ងៃអង្គារនេះ សេដ្ឋវិទូបានព្រមានថា ពន្ធជុំថ្មីនេះអាចនឹងបង្កើនការប្រឈមបន្ថែមទៀតសម្រាប់អ្នកបង្កើតគោលនយោបាយចិនក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលមានស្រាប់ ដោយវាអាចទម្លាក់កំណើនសេដ្ឋកិច្ចចិនឆ្នាំនេះ ឱ្យនៅតិចជាង ៥ ភាគរយ ពោលគឺតិចជាងគោលដៅរបស់រដ្ឋាភិបាល។
១០ ភាគរយ នៃពន្ធថ្មី គឺជាអត្រាបន្ថែមពីលើពន្ធដែលមានស្រាប់ ២៥ ភាគរយ ដែលលោក ត្រាំ បានដាក់លើទំនិញនាំចូលពីទំនិញចិន កាលពីអាណត្តិទី១ របស់លោក។ អ្នកជំនាញលើកឡើងថា វាអាចនឹងធ្ងន់ធ្ងរសម្រាប់ចិន ព្រោះការនាំចេញរបស់ចិនរួមចំណែកខ្លាំងដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។
តាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC សេដ្ឋវិទូនៅធនាគារវិនិយោគអាមេរិក Goldman Sachs បានព្យាករថា ពន្ធបន្ថែមចុងក្រោយ អាចនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចចិនរហូតដល់ ៥០ ពិន្ទុ (០,៥ ភាគរយ) នៅឆ្នាំ ២០២៥។ Goldman Sachs បានព្យាករកំណើនសម្រាប់ប្រទេសដដែល ត្រឹម ៤,៥ ភាគរយ ខណៈកំណើនតម្លៃក្នុងស្រុកបន្តរងសម្ពាធពីបរិត្តផរណាដោយកម្សោយនៃតម្រូវការ ជាមួយនឹងអតិផរណាទំនិញប្រើប្រាស់រំពឹងថានឹងកើនឡើងត្រឹមតែ ០,៤ ភាគរយ ប៉ុណ្ណេះ ក្នុងឆ្នាំ ២០២៥។
អតិផរណាតម្លៃទំនិញប្រើប្រាស់ចិន កើនឡើង ០,២ ភាគរយ កាលពីឆ្នាំ ២០២៤ ហើយពន្ធខ្ពស់របស់សហរដ្ឋអាមេរិក អាចធ្វើឱ្យតម្លៃក្នុងស្រុកកាន់តែតានតឹងបន្ថែមទៀត ខណៈតម្រូវការខាងក្រៅសម្រាប់ទំនិញចិនធ្លាក់ចុះ។
ពេលលោក ត្រាំ ស្បថចូលកាន់តំណែងអាណត្តិទី២របស់លោក លោកបានបញ្ជាឱ្យរដ្ឋបាលខ្លួនស៊ើបអង្កេតចិន ទាក់ទងនឹងរបៀបដែលប្រទេសនេះអនុវត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឆ្នាំ ២០២០។ លទ្ធផលចុងក្រោយនៃការវាយតម្លៃ នឹងត្រូវប្រគល់ជូនលោក ត្រាំ ត្រឹមថ្ងៃទី ១ ខែមេសា ខណៈសេដ្ឋវិទូនិយាយថា វាបង្កើនលទ្ធភាពដាក់ពន្ធបន្ថែមទៀត។
ប្រធានសេដ្ឋវិទូប្រចាំចិននៃធនាគារ UBS លោកស្រី Wang Tao បាននិយាយថា ពន្ធ ១០ ភាគរយ មានទំហំតូចជាការរំពឹងទុក ប៉ុន្តែវាបង្ហាញពីភាពមិនច្បាស់លាស់នាពេលខាងមុខអំពីពន្ធបន្ថែមលើចិន។ លោកស្រីថា ធនាគារ UBS រក្សាការព្យាកររបស់ខ្លួនលើកំណើនសេដ្ឋកិច្ចរបស់ចិន ត្រឹម ៤ ភាគរយ។
ដោយសារតែវិធានការពន្ធរបស់អាមេរិក កន្លងមកសេដ្ឋវិទូផ្សេងៗបានលើកឡើងថា ចិននឹងពឹងផ្អែកទាំងស្រុងលើគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសតាមរយៈការជំរុញកំណើនតម្រូវការ។ ពួគគេរំពឹងថា រដ្ឋាភិបាលចិននឹងបន្ថែមគោលនយោបាយជំរុញ ហើយបង្កើនការចំណាយរបស់រដ្ឋ ដើម្បីដោះស្រាយសម្ពាធបរិត្តផរណារបស់ប្រទេស និងជំរុញការចំណាយរបស់អ្នកប្រើប្រាស់។
គួរគូសបញ្ជាក់ថា ខណៈចិនសម្រេចបានកំណើនសេដ្ឋកិច្ចតាមគោលដៅ ៥ ភាគរយ កាលពីឆ្នាំមុន ប៉ុន្តែប្រទេសនេះនៅតែប្រឈមមុខនឹងការជាប់គាំងវិបត្តិអចលនទ្រព្យ កម្សោយទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជីវកម្ម ដែលធ្វើឱ្យការនាំចេញនាំមុខគេលើការជំរុញកំណើន។ យោងតាមធនាគារពិភពលោក សូម្បីតែនៅឆ្នាំ ២០២៣ ការនាំចេញរួមចំណែក ២០ ភាគរយ លើកំណើនសេដ្ឋកិច្ចរបស់ចិន។
ក្នុងឆ្នាំ ២០២៤ ការនាំចេញរបស់ចិនទៅអាមេរិកបានកើនឡើង ៤,៩ ភាគរយ ដល់ ៥២៤,៦ ប៊ីលានដុល្លារ ឬជិត ១៥ ភាគរយ នៃការនាំចេញសរុបរបស់ប្រទេស។ ទិន្នន័យពីគយចិន បានបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់ចិនលើអាមេរិក បានកើនពី ៣៣៥ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៣ ដល់ ៣៦០ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៤។
ចិនគឺជាប្រទេសកំពូល ដែលមានអតិរេកពាណិជ្ជកម្មធំបំផុត លើជញ្ជីកពាណិជ្ជកម្មរបស់អាមេរិក។ កន្លងមក លោក ត្រាំ តែងតែទទូចផងដែរថា គោលនយោបាយពន្ធរបស់ខ្លួន ត្រូវតែអនុវត្តដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ប្រទេស។ ក្រៅពីចិន លោក ត្រាំ កាលពីថ្ងៃសៅរ៍ក៏បានប្រកាសដាក់ពន្ធ ២៥ ភាគរយ លើកាណាដា និងម៉ិកស៊ិក វិញ ដែលធ្វើឱ្យប្រទេសទាំង២ប្រកាសសងសឹងវិញ។ យ៉ាងណាមិញ ប្រទេសទាំង ៣ ផ្អាកវិធានការនេះ ៣០ សិន ក្រោយចរចាគ្នាកាលពីថ្ងៃចន្ទ។
ដោយឡែកចំពោះចិន វិធានការពន្ធរបស់អាមេរិកបន្តចូលជាធរមានចាប់ពីថ្ងៃអង្គារតទៅ ខណៈរដ្ឋបាល ត្រាំ ថាលោកគ្រោងនឹងពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាពេលខាងមុខ។ ក្រោយការប្រកាសរបស់សហរដ្ឋអាមេរិក ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងប្ដឹងអង្គការពាណិជ្ជកម្មពិភពលោក ចំពោះការសម្រេចចិត្តពន្ធរបស់លោក ត្រាំ ខណៈថ្កោលទោសវាថាជា «ការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ពាណិជ្ជកម្មអន្តរជាតិ»។
អ្នកវិភាគមើលឃើញថា ការដាក់ពាក្យប្តឹងទៅ WTO គឺជាចំណាត់ការនិមិត្តរូប ដើម្បីបង្ហាញថា ចិនផ្អែកលើច្បាប់សកល ខុសពីលោក ត្រាំ ខណៈក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីចិនបានបញ្ជាក់ម្ដងហើយម្ដងទៀតថា ចិនជឿជាក់ថាគ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មនោះទេ។
យ៉ាងណាមិញ ចិនបានប្រកាសសងសឹងវិញនៅថ្ងៃអង្គារនេះ ដោយដាក់ពន្ធ ១៥ ភាគរយ លើប្រភេទធ្យូងថ្ម និងឧស្ម័នធម្មជាតិពង្រាវមួយចំនួន និងពន្ធ ១០ ភាគរយ លើប្រេងឆៅ គ្រឿងចក្រកសិកម្ម រថយន្តដឹកទំនិញធំៗ និងរថយន្តភីកអាប់ ក៏ដូចជាការរឹតត្បឹតលើការនាំចេញទៅអាមេរិក នូវវត្ថុធាតុដើមមួយចំនួន រួមទាំងរ៉ែកម្រដែលគេប្រើក្នុងផលិតកម្មឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាសំខាន់ៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ក្រៅពីនេះ ចិនក៏បើកការស៊ើបអង្កេតប្រឆាំងការផ្ដាច់មុខ លើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ផងដែរ។
សេដ្ឋវិទូលើកឡើងថា វិធានការពន្ធ ក៏ដូចជាការសងសឹក មានផលវិបាកសេដ្ឋកិច្ចសម្រាប់ទាំងសងខាងនៃភាគីជម្លោះពាណិជ្ជកម្ម ខណៈការឆ្លើយតបរបស់ចិននៅ «ស្រាល» នៅឡើយ។ យ៉ាងណាមិញ អ្នកជំនាញលើកឡើងថា ទោះបីជាចិនរងសម្ពាធសេដ្ឋកិច្ចកាន់តែច្រើនក៏ដោយ ចិនអាចនឹងឆ្លើយតបកាន់តែធ្ងន់ធ្ងរ នៅពេលទាល់ច្រក រួមទាំងការពង្រឹងរឹតត្បឹត ឬបិទការនាំចេញរ៉ែកម្រទៅអាមេរិក និងវិធានការកំណត់គោលដៅលើក្រុមហ៊ុនពហុវិស័យរបស់អាមេរិក ដែលពឹងផ្អែកខ្លាំងលើទីផ្សារចិន។
ការណ៍នេះ អាចជំរុញឱ្យប្រទេសចិនងាកចេញពីអាមេរិក ហើយបង្កើនការនាំចេញកាន់តែច្រើនទៅបណ្ដាប្រទេសនៅអាស៊ាន និងអាមេរិកឡាទីន ដោយជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ ដើម្បីជួយប៉ះប៉ូវការខូចខាតបណ្ដាលមកពីគោលនយោបាយការពារនិយមរបស់ ត្រាំ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»