Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

បានផុស

នៅ

ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល ៥ ឆ្នាំ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កាល​ពី​ព្រឹក​ម្សិលមិញ​នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​លើកឡើង​ពី​មូលហេតុ​​ដែល​នាំ​​ឲ្យម្ចាស់​​បុរី​មួយ​ចំនួន ផ្តល់​សិទ្ធិ​ផ្តាច់មុខ​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​នៅ​តាមបុរី។

ការ​ផ្តល់​សិទ្ធិ​ផ្តាច់មុខ​នេះ​ក៏ពិបាក​បន្ទោស​ដល់​ម្ចាស់​បុរី​ផង​ដែរ។ នេះបើតាមលោករដ្ឋមន្រ្តី។

បើ​តាម​លោក​រដ្ឋមន្រ្តី​ នៅពេល​សាកសួរ​ម្ចាស់​បុរី ម៉េច​បាន​ផ្តល់សិទ្ធិគេ​ផ្តាច់​មុខ? ម្ចាស់​បុរីឆ្លើយតប​​ថា ដោយសារ​ដំបូង​ឡើង​មិនមានក្រុមហ៊ុនណា​ចង់មក​បោះ​ទីតាំង​វិនិយោគ ហើយ​ក្រុមហ៊ុន​ដែលស្ម័គ្រ​ចិត្ត​វិនិយោគ​ទាមទារ​សិទ្ធិ​ផ្តាច់មុខ ដោយភ័យខ្លាច​មានការ​ប្រកួតប្រជែង​ច្រើន​នៅពេល​គម្រោង​បុរីមាន​ភាព​រីកចម្រើន​ មាន​កំណើន​មនុស្ស​មក​រស់នៅ​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្រ្តី​បន្ថែមទៀត​ថា ទាម​​ទារ​ថ្លៃសេវា​​​ខ្ពស់​ពី​ម្ចាស់​បុរី​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ ក៏ជា​កត្តា​រុញច្រាន​ឲ្យ​​​ក្រុមហ៊ុន​វិនិយោគ​​​ទាមទារ​សិទ្ធិផ្តាច់មុខ​ ទាំង​ការផ្គត់ផ្គង់​សេវា​ទូរសព្ទ និង​អ៊ីនធឺណិតចូលក្នុងបុរី។

ដោយសារ​តម្រូវការ​ប្រើប្រាស់​ចាំបាច់​របស់​ពលរដ្ឋ លោក​រដ្ឋមន្រ្តី​​បាន​គូស​បញ្ជាក់ថា មិន​អាច​បន្ត​ភាព​ផ្តាច់មុខ​ត​ទៅ​ទៀត​នោះ​ទេ ទើប​ក្រសួង​បាន​អន្តរាគមន៍​ចុះ​​រៀបចំ​ដំឡើង​បង្គោល​អង់តែន​បន្ថែម​​ ដោយ​បង្គោល​អង់តែន​មួយ​អាច​បំពាក់​សេវា​បាន ៣ ក្រុមហ៊ុន។

ពាក់ព័ន្ធ​ការ​ដំឡើង​បង្គោល​អង់តែន​នៅ​តាម​បុរី បើ​តាម​លោក​រដ្ឋមន្រ្តី​​ទាល់​តែ​បុរី​មួយ​មាន​គ្រួសារ​រស់នៅ​ចាប់​ពី ៣០០ គ្រួសារ​ឡើង​ទៅ ទើប​ក្រសួង​ចុះ​រៀបចំ​បំពាក់​បង្គោល​អង់តែន​បន្ថែម​ដើម្បី​ប្រើប្រាស់​សេវា​រួម​គ្នា។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្រ្តី​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​បុរី​ត្រូវ​ផ្តាច់​ការ​ប្រើប្រាស់​ឧបករណ៍​ជំនួយ​សេវា Booster ដែល​តាម​ការ​ចុះ​សិក្សា​បាន​រំខាន​ដល់​ការ​ប្រើប្រាស់​​នាំ​ឲ្យ​សេវា​ដំណើរការ​មាន​ភាព​រអាក់រអួល។

កន្លងទៅនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចាត់តាំង​ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ចំនួន ៩ ក្រុម ដើម្បីចុះត្រួតពិនិត្យ និងរកដំណោះស្រាយពង្រឹងគុណភាពសេវាទូរសព្ទចល័តនិងសេវា​អ៊ីនធឺណិត នៅតាមបុរី ទីប្រជុំជន និងអគារខ្ពស់ៗ​នៅក្នុងរាជធានីភ្នំពេញ។ តាមរយៈបេសកកម្មនេះ ក្រុមការងារបានរកឃើញថា ប្រតិបត្តិករទូរគមនាគមន៍មួយចំនួនបានសហការនិងលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិតទៅឱ្យក្រុមហ៊ុន ឬបុគ្គលយកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) នៅតាមបុរី អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារខ្ពស់ ផ្សារទំនើប ជាដើម ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណីត (ISP) ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ហើយទីតាំង​មួយចំនួនទៀត ក៏នៅតែបន្តមានការផ្តល់សេវាផ្តាច់មុខដោយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតតែមួយ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងមានការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍។

ក្រសួងបាន​ណែនាំ​ដល់​ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវបញ្ឈប់ទាំងស្រុងរាល់ការលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិត ទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) ទៅដល់អ្នកប្រើប្រាស់ ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណីត (ISP) ពី ន.ទ.ក.។

​លោក ជា វ៉ាន់ដេត បាន​​លើក​ឡើង​​​បញ្ហា​ប្រឈម ខណៈ​ដែល​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ បាន​កំពុង​ជំរុញ​ឱ្យ​មានការ​វិនិយោគ សាងសង់​ស្ថានីយ​អង់តន​ថ្មីៗបន្ថែមទៀតនៅតាមបុរី តាម​បណ្តា​ខណ្ឌទាំង ១៤ ក្នុង​រាជធានី​ភ្នំពេញ និងនៅតាមបណ្តា​ខេត្ត ដូចជា​ការ​ខ្វះកិច្ចសហការ​ក្នុង​ការ​ផ្ដល់​ទីតាំង​សម្រាប់​សាងសង់​ស្ថានីយ​អង់តែន និង​ការតវ៉ា​រារាំង​​មិនឱ្យ​សាងសង់ ដោយ​មានការ​យល់​ខុសអំពី​ផលប៉ះពាល់​សុខភាព​ដែលបណ្តាលមក​ពីស្ថានីយអង់តែនជាដើម។

បើតាម​លោករដ្ឋមន្រ្តី សព្វ​ថ្ងៃ​នេះ ​សេវាទូរសព្ទ​បាន​គ្រប់​ដណ្ដប់​ប្រមាណ ៨០ % នៅ​ទូទាំង​ប្រទេស ហើយ​​ក្រសួងក៏កំពុង​​បន្ត​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​ទាំង​គុណ​ភាព ទាំង​សេវា​ប្រើប្រាស់​​ឱ្យ​បាន​ល្អ​ប្រសើរ​ ខណៈ​ដែល​ក្រសួង​ដាក់ផែនការ​ឆ្នាំ ២០២៧ ពង្រីក​​សេវាទូរស័ព្ទ​ឲ្យ​​គ្រប់​ដណ្ដប់​បាន​ទូ​ទាំង​ប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៥៨ វិនាទី មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មតិ (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ១៣ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ១៩ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម