សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ៥ ពាន់លានដុល្លារ នៅក្នុងខែដំបូងឆ្នាំ ២០២៥
នៅក្នុងខែមករា ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង ៥ ពាន់លានដុល្លារ កើនឡើងជាង ២៤,៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានចំនួនជាង ៤ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/export-3-1024x614.jpg)
ទិន្នន័យដដែលបង្ហាញថា ទំហំនៃការនាំចេញ-នាំចូលសរុបនេះ ក្នុងនោះទំនិញរបស់កម្ពុជានាំចេញមានទំហំទឹកប្រាក់ជាង ២,៣០ ពាន់លានដុល្លារ កើនឡើង ១៧,៣ ភាគរយចំណែកឯទំនិញនាំចូលពីក្រៅប្រទេសមានទំហំទឹកប្រាក់ចំនួន ២,៧៥ ពាន់លានដុល្លារ កើន ៣១,៦ ភាគរយ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់កម្ពុជាថ្មីថា ការនាំចេញទំនិញរបស់កម្ពុជាមានកំណើន ដោយសារទីផ្សារបញ្ជាទិញ ពោលគឺពាក់ព័ន្ធនឹងអស្ថិរភាពក្នុងតំបន់ ដូចជាអស្ថិរភាពនយោបាយនៅប្រទេសភូមា បង់ក្លាដេស បានធ្វើឱ្យរោងចក្រមួយចំនួនរើមកកម្ពុជា ដែលធ្វើឱ្យការបញ្ជាទិញមានការកើនឡើងទាំងការវិនិយោគ និងនាំចេញ។
អ្នកឧកញ៉ា លឹម ហេង បញ្ជាក់ថា៖ «នៅឆ្នាំ ២០២៥ ពាណិជ្ជកម្ម្មកម្ពុជានៅតែមានភាពល្អប្រសើរ ដោយសារការចុះបញ្ជីអ្នកវិនិយោគថ្មី ឆ្នាំមុននេះ គឺថា មានរហូតដល់ជាង ២០០ ក្រុមហ៊ុន ដូច្នេះការផលិត និងការនាំចេញក៏មានការកើនឡើង ហើយកត្តាដែលនាំឱ្យអ្នកវិនិយោគ និងការនាំចេញកើនឡើងដោយសារស្ថិរភាពនយោបាយ ច្បាប់វិនិយោគថ្មីមានការលើកទឹកចិត្តច្រើន ព្រមទាំងកត្តាទីផ្សារដែលកម្ពុជាយើងមានទីផ្សារសេរីពាណិជ្ជកម្មកម្ពុជា-ចិន កម្ពុជា-កូរ៉េ ក៏ដូចជា RCEP ទន្ទឹមសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន កំពុងដំឡើងពន្ធដាក់គ្នាក៏ជាឱកាសសម្រាប់កម្ពុជាទាក់ទាញអ្នកវិនិយោគដើម្បីផលិតក្នុងការនាំចេញ»។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/photo_2025-02-08_14-36-34-1-1024x806.jpg)
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានលើកឡើងថា ការអនុវត្តដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យបន្តងើបឡើងក្នុងអត្រា ៦ ភាគរយ នៅឆ្នាំ២០២៤ ដែលគាំទ្រជាចម្បងដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់ និងអចលនទ្រព្យ និងកសិកម្ម បន្តមានកំណើនទាប។
យោងតាមក្រសួងពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០២៤ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ មានការកើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕
![](https://www.kampucheathmey.com/wp-content/uploads/2025/02/garment_cambodia-1-1-1024x683-1-1.jpg)
អត្ថបទ៖ ឡេង ដេត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត