ព័ត៌មានជាតិ
សន្ទុះនៃការនាំចេញ កំណើនវិស័យទេចរណ៍ និងកសិកម្ម ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រា៦,៣ភាគរយនៅឆ្នាំ២០២៥
រដ្ឋាភិបាលកម្ពុជាព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងសម្រេចបានក្នុងអត្រា ៦,៣ភាគរយនៅឆ្នាំ២០២៥នេះ ដែលគាំទ្រដោយកំណើននៃការនាំចេញវិស័យការដេរ វាយនភ័ណ្ឌ និងផលិតអ្នកធ្វើដំណើរ វិស័យទេចរណ៍ ការងើបឡើងវិញសន្សឹមៗនៃវិស័យសំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យកសិកម្ម។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការព្យាករណ៍នូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកាលពីថ្ងៃទី១០ខែកុម្ភះ វេទិកាស្តីពីទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ខណៈតម្លៃផលិតផលក្នុងស្រុកសរុប(GDP) ត្រូវបានរំពឹងថានឹងឈានដល់៥១,៣៩ប៊ីលលានដុល្លារនៅឆ្នាំ២០២៥នេះ។
បើយោងតាមក្រសួងសេដ្ឋកិច្ច កំណើនដ៏ខ្ពស់នេះនឹងត្រូវបានគាំទ្រដោយការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ទេសចរណ៍ សំណង់ និងអចលនទ្រព្យ និងកសិកម្ម។

លោក អ៊ឹង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍នៅក្នុងកម្មវិធីនោះថា វិស័យឧស្សាហកម្ម ភាគច្រើនជាសម្លៀកបំពាក់ និងសំណង់ ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៩,៣ ភាគរយ។ វិស័យសេវាកម្ម ដែលភាគច្រើនជាទេសចរណ៍ ការដឹកជញ្ជូន និងទូរគមនាគមន៍ ពាណិជ្ជកម្ម និងអចលនទ្រព្យ ត្រូវបានគេរំពឹងថានឹងកើនឡើង ៤,៨ ភាគរយ ហើយវិស័យកសិកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើង ០,៩ ភាគរយ។
លោកបានថ្លែងថា៖«វិស័យសំណង់ និងអចលនទ្រព្យត្រូវបានគេរំពឹងថានឹងបន្តមានកំណើនយឺតនៅឆ្នាំ ២០២៥ ដោយការសាងសង់ត្រូវបានព្យាករណ៍ថានឹងកើនឡើង ២,៥ ភាគរយនិងអចលនទ្រព្យ ២,៨ ភាគរយ»។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញការវាយតម្លៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៤កន្លងមកនេះសម្រេចបានសម្រេចបានក្នុងអត្រា៥,៥ ភាគរយនៅឆ្នាំ ២០២៤ និងកើនដល់ ៥,៨ ភាគរយនៅឆ្នាំ២០២៥ ខណៈអតិផរណានឹងកើនឡើងពី ០,៥ ភាគរយនៅឆ្នាំ ២០២៤ ដល់ ២ ភាគរយនៅឆ្នាំ ២០២៥ ។
យោងតាមក្រសួងសេដ្ឋកិច្ច សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជាសម្រេចបានអត្រាកំណើន ៦ ភាគរយនៅឆ្នាំ ២០២៤ ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគនិងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងមកកាន់កម្ពុជាថ្មីថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ស្ថានភាពសេដ្ឋកិច្ចសកលនិងតំបន់ហាក់មានភាពល្អប្រសើរ ដែលផ្តល់ឱកាសល្អដល់ការនាំចេញរបស់កម្ពុជា។ លើសពីនោះទៅទៀត ការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីក៏បានចូលរួមចំណែកដល់ការផ្តល់លទ្ធភាពបន្ថែមដល់កម្ពុជាបង្កើនការនាំចេញដែរ។
លោកបានលើកឡើងថា៖«ខ្ញុំយល់ឃើញថា ចំពោះកំណើនសេដ្ឋកិច្ចរបស់យើងកាលពីឆ្នាំ២០២៤គឺអាចសម្រេចបានក្នុងអត្រា៦%ដូចដែលអ្វីដែលរដ្ឋាភិបាលបានព្យាករណ៍កន្លងមក។ ជាមួយគ្នា ភាពអំណោយផលនៃទីផ្សារនាំចេញដូចជានៅអឺរ៉ុបនិងអាមេរិកក៏បានចូលរួមចំណែកដ៏សំខាន់មកលើផលិតផលរបស់កម្ពុជាយើងផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ យើងក៏បាននាំចេញច្រើនទៅកាន់ដៃគូរនាំចេញនៅក្នុងតំបន់ដែលមានដូចជាចិន ជប៉ុន និងប្រទេសដៃគូរនៅអាស៊ានផងដែរ»។

ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ មានការកើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣ ដែលសម្រេចបាន ៤៦,៨២ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥។
ទិន្នន័យរបស់ GDCE បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%។ ទិន្នន័យរបស់ GDCE បង្ហាញថា កម្ពុជាមានឱនភាពពាណិជ្ជកម្មជាង ២,៣៤ ពាន់លានដុល្លារ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី