ព័ត៌មានជាតិ
សហគមន៍ទុរេនបែកអន្លូងរំពឹងផលិតទុរេនបានបន្លោះពី ២ ពាន់ ទៅ ២ ពាន់ ៥ រយ តោន ផ្គត់ផ្គង់លើទីផ្សារនៅឆ្នាំនេះ
ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រំពឹងថា ប្រសិនបើមិនមានផលរំខានអ្វីកើតឡើងទេ រដូវកាលប្រមូលផលទុរេនឆ្នាំ២០២៥ នេះ សហគមន៍នឹងអាចផលិត និងប្រមូលផលទុរេនបានសរុបចន្លោះពី ២ ពាន់ ទៅ ២ ពាន់ ៥ រយ តោន ដើម្បីផ្គត់ផ្គង់តម្រូវការលើទីផ្សារ។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យ «កម្ពុជាថ្មី» ដឹងថា ឆ្នាំ២០២៥ នេះ សហគមន៍មានការដាំដុះទុរេនជាង ៥ ម៉ឺនដើម ដែលក្នុងនោះចំនួនដើមដែលអាចប្រមូលផលបានជាង ២ ម៉ឺន ៥ ពាន់ដើម។
ជាកស្តែង «ប្រសិនបើទុរេនអំណោយផលបានល្អ និងមិនរងការរំខាននានា សម្រាប់រដូវកាលប្រមូលផល នៅពាក់កណ្ដាលខែមិថុនា និងកក្កដា ឆ្នាំ២០២៥ នេះ សហគមន៍រំពឹងថានឹងអាចផលិតទុរេនបានទិន្នផលសរុបចន្លោះពី ២ ពាន់ ទៅ ២ ពាន់ ៥ រយ តោន ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារទាំងក្នុងស្រុករាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។

លោកថា៖« បច្ចុប្បន្នសម្រាប់ផ្ទៃដីដាំដុះទុរេនរបស់សហគមន៍នៅក្នុងដំណាក់កាលទី១ នេះមានផ្ទៃដីដាំដុះសរុបប្រមាណ ៤៥២ ហិតា ដែលចំនួននេះនឹងមានការកើនឡើងបន្តទៀតនៅរដូវកាលថ្មី ព្រោះយើងរំពឹងថានឹងទទួលសមាជិកថ្មីបន្ថែមលើពី ១០០នាក់។ ការរំពឹងបែបនេះ ដោយយើងមើលឃើញថា កសិករដែលមានទុនស្រាប់ និងទុនដែលទទួលបានពីការប្រមូលផលក្នុងឆ្នាំនេះនឹងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀតនៅរដូវកាលក្រោយ។ ជាក់ស្តែង កសិករនៅក្នុងសហគមន៍សម្រាប់រដូវកាលថ្មីនេះ ក៏បានដាំកូនទុរេនបន្ថែម ប្រមាណជាង ១ ម៉ឺនដើមទៀតផងដែរ លើដើមចាស់ដែលអាចប្រមូលផល បាន»។
ពាក់ព័ន្ធនឹងការចរចារបស់កម្ពុជាក្នុងការនាំចេញទីផ្សារប្រទេសចិន ប្រធានសហគមន៍រូបនេះ បានលើកឡើងថា ប្រសិនបើដំណើរការនេះអាចសម្រេចបានលឿន នោះអាចថាជាសញ្ញាល្អដំបូងមួយសម្រាប់កម្ពុជានៅក្នុងការនាំចេញ ស្របពេលដែលប្រទេសជិតខាងកំពុងមានបញ្ហាលើការនាំចេញទៅកាន់ទីផ្សារចិននេះ។
មួយវិញទៀត ជុំវិញបញ្ហាគុណភាព លោកសង្កេតឃើញថា ការផលិតទុរេនរបស់កម្ពុជាយើងនៅថ្មីថ្មោង ហើយកន្លងមកក៏ធ្វើតាមបែបបុរាណ ដោយឡែកប្រទេសជិតខាង ការវិវត្តន៍នៃការប្រើប្រាស់ធាតុចូល មានភាពល្អប្រសើរជាងកម្ពុជា ដូច្នេះការប៉ះពាល់ ក៏ដូចជាសំណល់ពីក្នុងដី និងតាមផ្លែទុរេនតែងតែមានកាលណាប្រើយូរឆ្នាំ តែសម្រាប់កម្ពុជាទើបតែចាប់ផ្តើម ដូច្នេះកម្រិតស្តង់ដារនៅទាបជាងប្រទេសជិតខាងច្រើន។

ជុំវិញដំណើរការចរចានាំចេញទៅចិននេះ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងបាននិងកំពុងនៅរង់ចាំកិច្ចព្រមព្រៀង SPS នៅឡើយ ខណៈដំណើរការនៃការចរចាត្រូវការពេលបន្ថែមទៀតរវាងភាគីកម្ពុជា-ចិន។
នៅឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចេញផ្លែទុរេនចំនួនជាង ៧ ពាន់តោន កើនឡើង ១៣ ៩៦២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ៥០ តោន។ នេះបើតាមក្រសួងកសិកម្ម។
គួរបញ្ជាក់ថា ប្រទេសចិន បានរឹតត្បិតទៅលើការនាំចូលទុរេនពីប្រទេសថៃ និងវៀតណាម ដោយទាមទារឱ្យមានការធ្វើតេស្តសុវត្ថិភាពរកសារធាតុគីមីជាមុនសិន។ ក្រោយចិនប្រកាសនេះ បានធ្វើឱ្យតម្លៃទុរេននាំចេញពីចម្ការនៅតំបន់ដីសណ្តទន្លេមេគង្គរបស់ប្រទេសវៀតណាម បានធ្លាក់ចុះពី ៦0-៧០ ភាគរយ មកនៅត្រឹម ៤៧ ០០០ ដុង (១,៨៦ ដុល្លារ)/គីឡូក្រាម៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ