ព័ត៌មានជាតិ
គិតត្រឹមខែកុម្ភៈ មានអ្នកចុះឈ្មោះក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបជាង ១ ម៉ឺន
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌីបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យចុះឈ្មោះចំនួន ១១ ៤៤៧ ដែលភាគច្រើនស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃវិធានការគន្លឹះ ដែលអនុវត្តដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី១២ ខែកុម្ភៈ លោក ហែម វណ្ឌឌី បានមានប្រសាសន៍ថា ផ្អែកទៅលើលទ្ធផលដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជាដើម្បីពង្រីកការចុះឈ្មោះនៅទូទាំងប្រទេសឱ្យបានកាន់តែប្រសើរបន្ថែមទៀត ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ គួរតែបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងបន្តរៀបចំអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយលើកឡើងជាឧទាហរណ៍ពីគម្រោងពង្រឹងស្តង់ដារអនាម័យ និងរបៀបរៀបរយសម្រាប់អ្នកលក់អាហារតាមចិញ្ចើមថ្នល់ និងតាមផ្សារ ដែលនឹងអនុវត្តសាកល្បងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
មិនតែប៉ុណ្ណោះ ត្រូវយកចិត្តទុកដាក់ក្នុងការពន្លឿនវឌ្ឍនភាព ក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិ ទាក់ទងនឹងការ ចុះឈ្មោះ និងការធានាថាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះហើយ អាចទទួលបានអត្ថប្រយោជន៍ពិតប្រាកដ។ បន្ថែមពីនេះ សមាគមធុរកិច្ចនានា គួរជំរុញចលនាចាប់យកស្តង់ដារអនាម័យទាំងនេះក្នុងចំណោមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកថា គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏កំពុងរៀបចំប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ ដើម្បីតាមដានសូចនាករសំខាន់ៗ ពង្រឹងគណនេយ្យភាព និងត្រៀមរបាយការណ៍វឌ្ឍនភាពដើម្បីដាក់ជូនរាជរដ្ឋាភិបាលផងដែរ។

កិច្ចប្រជុំ រៀបចំឡើងដោយបានពិនិត្យការអនុវត្តវិធានការគន្លឹះទាំង៤៥ និងកំណត់បញ្ហាប្រឈមមួយចំនួននៃការអនុវត្តយុទ្ធសាស្ត្រជាតិក្នុងចំណោមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការពិភាក្សាអំពីយន្តការគាំទ្រ និងការបន្តរៀបចំអត្ថប្រយោជន៍ពាក់ព័ន្ធនឹងពន្ធដារ ការអភិវឌ្ឍជំនាញ សេវាហិរញ្ញវត្ថុ សេវាគាំពារសង្គម និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជាដើម។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំយុទ្ធនាការផ្សព្វផ្សាយដែលមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ១.៥០០ នាក់ ក្នុងគោលដៅជំរុញការចុះឈ្មោះឱ្យកាន់តែទូលំទូលាយ។ គណៈកម្មាធិការ ក៏គ្រោងរៀបចំយុទ្ធនាការស្រដៀងគ្នានេះនៅខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ខេត្តសៀមរាប កំពង់ស្ពឺ កំពង់ធំ និងខេត្តផ្សេងៗទៀតជាបន្តបន្ទាប់៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី