ព័ត៌មានអន្ដរជាតិ
ស៊ី ប្រជុំមេអាជីវកម្មធំៗជាកម្រ ចំពេលមានកំណើនហានិភ័យសេដ្ឋកិច្ច
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃចន្ទនេះ បានជួបប្រជុំជាមួយមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមទាំងស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ក្នុងកិច្ចប្រឹងប្រែងដើម្បីជំរុញទំនុកចិត្តអាជីវកម្មឯកជនរបស់ចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការជួបប្រជុំដ៏កម្រនេះបង្ហាញពីការផ្លាស់ប្តូរវិធីសាស្រ្តរបស់ទីក្រុងប៉េកាំងចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សក្នុងស្រុក បន្ទាប់ពីបន្តឹងបទប្បញ្ញត្តិនាពេលកន្លងមក ចំពេលមានការព្រួយបារម្ភពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ចចិន និងចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការរារាំងវឌ្ឍនភាពរហ័សនៃបច្ចេកវិទ្យារបស់ចិន។
ក្រៅពីលោក Jack Ma និងក្នុងចំណោមមេដឹកនាំអាជីវកម្មដទៃទៀត គេឃើញមានវត្តមានរបស់លោក Liang Wenfeng ស្ថាបនិកក្រុមហ៊ុនបញ្ញាសិប្បនិម្មិត DeepSeek លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Huawei លោក Lei Jun ស្ថាបនិកក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi លោក Wang Chuanfu ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD លោក Pony Ma ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Tencent និងស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា CATL លោក Robin Zeng ជាដើម។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា លោក ស៊ី បានថ្លែងសុន្ទរកថាបន្ទាប់ពីស្តាប់តំណាងក្រុមហ៊ុនឯកជន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីកិច្ចប្រជុំ ដែលធ្វើឡើងនៅសាលនៃមហាវិមានប្រជាជនចិន ក្នុងក្រុងប៉េកាំង។

ប្រភពដឹងពីព័ត៌មាននេះ បាននិយាយថា កិច្ចប្រជុំដដែលមានគោលបំណងជំរុញទំនុកចិត្តវិស័យឯកជន ហើយលោក ស៊ី រំពឹងថានឹងលើកទឹកចិត្តប្រធានក្រុមហ៊ុនឱ្យពង្រីកអាជីវកម្មរបស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុក ចំពេលភាពតានតឹងនៃសង្រ្គាមបច្ចេកវិទ្យា និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក កើនឡើង។
គួរគូសបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោយសហរដ្ឋអាមេរិកប្រកាសពន្ធបន្ថែមថ្មី ១០ ភាគរយ លើទំនិញរបស់ចិន ដែលដាក់សម្ពាធកាន់តែខ្លាំងលើសេដ្ឋកិច្ចចិន ដែលស្ទុះងើបឡើងវិញយឺត និងដុនដាបដោយកម្សោយតម្រូវការក្នុងស្រុក និងវិបត្តិអចលនទ្រព្យ។
វិស័យអាជីវកម្មឯកជន បានរួមចំណែកច្រើនជាង ៥០ ភាគរយ ដល់ប្រាក់ចំណូលពន្ធរបស់ប្រទេសចិន ច្រើនជាង ៦០ ភាគរយ ដល់ទិន្នផលសេដ្ឋកិច្ចចិន ៧០ ភាគរយ ដល់នវានុវត្តន៍បច្ចេកវិទ្យា និង ៨០ ភាគរយ នៃការងារនៅទីក្រុងរបស់ចិន។ នេះបើយោងតាមការប៉ាន់ស្មានផ្លូវការ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?