សេដ្ឋកិច្ច
កម្ពុជានាំទំនិញទៅចិនសម្រេចបានជាង ១០០ លានដុល្លារ នៅក្នុងខែមករា
ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់ជាង ១,៥៥ ពាន់លានដុល្លារនៅក្នុងខែមករា ឆ្នាំ ២០២៥ មានការកើនឡើង ៣៤,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យរបស់ GDCE បង្ហាញថា នៅក្នុងខែមករា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ១,៥៥ ពាន់លានដុល្លារ កើនឡើង ៣៤,៧ ភាគរយ ក្នុងនោះកម្ពុជានាំទំនិញទៅចិន មានតម្លៃជាង ១០៣ លានដុល្លារ ធ្លាក់ចុះ ១៥,៣ ភាគរយ និងទំនិញចិននាំចូលមកកម្ពុជាតម្លៃ ១,៤៥ ពាន់លានដុល្លារ កើន ៤០,៥ ភាគរយ។
ទិន្នន័យដដែលបង្ហាញថា កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិន ជាង ៧,១% ដែលមានទឹកប្រាក់ ១,៣៤ ពាន់លានដុល្លារ។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន បានឱ្យដឹងថា កម្ពុជាទិញទំនិញពីចិនមកច្រើនជាងនាំចេញ ក្នុងនោះកម្ពុជានាំចូលវត្ថុធាតុដើមក៏ច្រើន។
លោកបញ្ជាក់ថា កម្ពុជាប្រៀបដូចជាមជ្ឈមណ្ឌលបង្គុំហើយនាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិក ដោយសារកម្ពុជាខ្វះវត្ថុធាតុដើម ខណៈផលិតផលនាំចូលមួយចំនួនជាផលិតផលសម្រេច ហើយមួយចំនួនជាវត្ថុធាតុដើម។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ ថ្លែងថា ឱនភាពពាណិជ្ជកម្មរវាងកម្ពុជាចិនមិនមានកំណើនខ្ពស់ទេ ដោយសារចិនមានផលិតកម្មរោងចក្រកាត់ដេរ និងរោងចក្រឧស្សាហកម្មច្រើននៅកម្ពុជា។

បើតាមអ្នកជំនាញរូបនេះ ទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយប្រទេសចិនក៏ដោយ ក៏ឱនភាពពាណិជ្ជកម្ម នៅតែបន្តកើតមាន ដោយសារកម្ពុជាមានតម្រូវការធំពីប្រទេសចិន ដែលមានសម្ភារបរិក្ខាផ្សេងៗ។
លោកបណ្ឌិត ហុង វណ្ណៈបញ្ជាក់ថា តម្រូវការ វត្ថុធាតុដើម សម្ភារៈ ពីប្រទេសចិនធូរថ្លៃជាងគេ បើប្រៀបធៀបជាមួយអាស៊ាន ហើយសម្ភារៈវត្ថុធាតុដើមសម្លៀកបំពាក់ក៏មានច្រើន។
ទំនិញកម្ពុជានាំទៅប្រទេសចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ ចំណែកទំនិញដែលប្រទេសចិននាំមកកម្ពុជា មានដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៥,១៨ ពាន់លានដុល្លារ កើនឡើង ២៣,៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជានាំចេញទំនិញទៅចិន មានតម្លៃ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤ ភាគរយ និងទំនិញចិននាំចូលមកកម្ពុជាមានតម្លៃ ១៣,៤៣ ពាន់លានដុល្លារ កើនឡើង ២៤,៦ ភាគរយ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ