Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​កែច្បាប់​ដើម្បីឱ្យ​ Starlink ផ្តល់​អ៊ិនធឺណិតតាមផ្កាយរណប

បានផុស

នៅ

វៀតណាមគ្រោងនឹងដាក់ចេញនូវច្បាប់ថ្មី​អនុញ្ញាតឱ្យក្រុមហ៊ុនសេវាកម្ម​អ៊ិនធឺណិត Starlink របស់​លោក អេឡុន ម៉ាសក៍ ផ្តល់អ៊ិនធឺណិតតាមផ្កាយរណប​ដល់​ប្រទេស​​​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​រដ្ឋាភិបាល​ម្នាក់បាន​អះអាងថា​ ការកែ​ច្បាប់នេះ​​នឹង​ត្រួសត្រាយផ្លូវឱ្យ​ក្រុមហ៊ុន Starlink បើក​ប្រតិបត្តិការ​នៅវៀតណាម​ និងរៀបចំឡើងក្រោយ​ការចរចាគ្នារវាង​វៀតណាម និងក្រុមហ៊ុនបច្ចេកវិទ្យាអវកាស ​SpaceX ដែលជា​ក្រុមហ៊ុនមេរបស់​ Starlink ។

ការណ៍នេះ​បង្ហាញពី​ការ​ផ្លាស់ប្ដូរយុទ្ធសាស្រ្ត​ភ្លាមៗ​របស់​វៀតណាម​ ដើម្បី​បន្ធូរបន្ថយហានិភ័យនៃ​គោលនយោបាយពន្ធគយរបស់​ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ។ ប្រភព​ដែលសុំ​និយាយ​ជាអនាមិក ​បាន​លើកឡើង​ថា វាបង្ហាញថា វៀតណាមមានឆន្ទៈក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការការទូត ប្រសិនបើរដ្ឋបាល ត្រាំ ចង់បាននោះ។

គួរគូស​បញ្ជាក់ថា ក្រុមហ៊ុន SpaceX បាន​ប៉ុនប៉ងដាក់ប្រតិបត្តិការរបស់​ Starlink ក្នុងប្រទេស​វៀតណាម​ដែល​ទីផ្សារមាន​ប្រជាជនជិត ១០០ លាន​នាក់។ យ៉ាងណាមិញ​ ការប៉ងនេះ​ត្រូវជាប់គាំងចាប់តាំងពីចុង​ឆ្នាំ ២០២៣ បន្ទាប់ពី​រដ្ឋាភិបាល​កុម្មុយនិស្តវៀតណាម​បដិសេធមិនទម្លាក់ចោល​នូវ​ការ​រឹតត្បឹតលើ «សេវាកម្មអ៊ិនធឺណិតផ្កាយរណបគ្រប់គ្រង​ដោយបរទេស​» ដែល​ជា​លក្ខខណ្ឌសម្រាប់លោក ម៉ាសក៍ ដែល​បច្ចុប្បន្ន​ក៏​ជា​អ្នកប្រឹក្សា​យោបល់ឱ្យ​លោក ត្រាំ ដ៏សំខាន់​ម្នាក់ផងដែរ​នោះ​។

សេចក្តីព្រាងច្បាប់ ដែល​គ្រោង​អនុម័តដោយសភា​នៅថ្ងៃពុធនេះ អនុញ្ញាតឱ្យមានការគ្រប់គ្រងពីបរទេសពេញលេញ​​លើ​​ប្រតិបត្តិការ​ក្នុងប្រទេសវៀតណាម​ សម្រាប់​ក្រុមហ៊ុន​ផ្តល់សេវាអ៊ិនធឺណិតដែលមានបណ្តាញផ្កាយរណបក្នុងគន្លងតារាវិថីកម្រិត​ទាប ​ជាមួយ​នឹង​គម្រោងសាកល្បង​រហូតដល់ចុងឆ្នាំ ២០៣០​។ ​

គេ​មើលឃើញ​ថា​ ក្រុមហ៊ុន SpaceX បាននិងកំពុងពង្រីកបណ្តាញ​ផ្គត់ផ្គង់របស់ខ្លួន​​នៅ​វៀតណាម ខណៈ​រដ្ឋាភិបាល​វៀតណាម​បាន​​អះអាងថា ក្រុមហ៊ុន​ចង់ដាក់ការ​​វិនិយោគ ១,៥ ​ប៊ី​លាន​ដុល្លារ​ក្នុង​ប្រទេសរបស់​ខ្លួន​។

ប្រភព​លើកឡើងថា​ ប្រសិន​បើ​ក្រុមហ៊ុន ​និង​បុគ្គលវៀតណាមជាច្រើន​ប្រើ​ Starlink ​នោះ​វា​អាចជួយកាត់បន្ថយអតិរេកទំនិញ និងសេវាកម្មដែលវៀតណាម​មានជាមួយសហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន អតិរេកពាណិជ្ជកម្ម​របស់​វៀតណាម​ជាមួយ​អាមេរិក​ មាន​ប្រមាណ ១២៣,៥ ប៊ីលាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​វៀតណាម​រងនូវ​ហានិភ័យពន្ធ​របស់​លោក ត្រាំ ដែល​សន្យាកាត់បន្ថយ​ឱនភាព​ពាណិញ្ជកម្មរបស់​ប្រទេស​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម