ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកំណត់គោលដៅសម្រាប់ពាណិជ្ជកម្មកសិកម្មដើម្បីបង្កើនGDPឱ្យបាន៣០%ក្នុងឆ្នាំ២០២៥នេះ
លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិកាក្រសួង កសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទបានឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅសម្រាប់ពាណិជ្ជកម្មកសិកម្ម ដើម្បីបង្កើនផលិតផលក្នុងស្រុកសរុប(GDP)ឱ្យបាន៣០%នៅក្នុងឆ្នាំ២០២៥នេះ ខណៈឆ្នាំ២០១៣ កំណើនផលិតផលជាតិសរុបដែលបានមកពីពាណិជ្ជកម្មកសិកម្មមានទំហំស្មើនឹង២៤%ប៉ុណ្ណោះ។

ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសិក្ខាសាលាស្តីពីដំណោះស្រាយប្រកបដោយ និរន្តរភាពលើវិស័យចិញ្ចឹមសត្វនៅកម្ពុជានៅព្រឹកថ្ងៃទី២១កម្ភៈនេះ លោកស្រីរដ្ឋលេខាធិការបានបន្តថាដើម្បីសម្រេចបានតាមទិសដៅនេះក្រសួងកសិកម្មមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនិងស្ថាប័នសាធារណៈនានាសំដៅធ្វើយ៉ាងណាឱ្យវិស័យកសិកម្មមានការប្រទាក់ក្រឡាជាមួយវិស័យផ្សេងៗទៀតរួមមាន វិស័យឧស្សាហកម្ម ដឹកជញ្ជូន ការងារ និងពាណិជ្ជកម្ម។ចំណែកគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ក៏បានផ្តោតទៅលើការបង្កើនជំនាញ និងចំណេះដឹងពាក់ព័ន្ធ, ផលិតកម្ម, ពិពិធកម្ម, សមត្ថភាពលើការកែច្នៃ, ការស្តុកទុក, ការចែកចាយ និងការស្វែងរកទីផ្សារ ដែលទាំងនេះសុទ្ធតែបាននឹងកំពុងជួយគាំទ្រដល់សហគ្រិនក្នុងអនុវិស័យផលិតកម្មសត្វទាំងអស់។
លោកស្រីបានបន្ថែមថា៖«រាជរដ្ឋាភិបាលមានមហិច្ឆតាក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាបន្ន ធន់នឹងការនឹងប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលចាំបាច់ ត្រូវបង្កើនតម្លៃបន្ថែមសរុបនែវិស័យកសិកម្មឱ្យកើនយ៉ាងតិច៣ភាគរយក្នុងមួយឆ្នាំ ដែលអនុវិស័យចិញ្ចឹមសត្វនឹងត្រូវចូលរួមវិភាគទានដ៏សំខាន់ដើម្បីឱ្យសម្រេចបាននូវគោលដៅនេះ»។

លោកស្រីបានទទួលស្គាល់ថាស្ថិតក្នុងការវិវត្តន៍យ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អនុវិស័យផលិតកម្មសត្វ ពិតជាចូលរួមជួយជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឈានហួសដល់គោលដៅនេះយ៉ាងពិតប្រាកដ ដែលក្នុងពេលបច្ចុប្បន្ននេះ មានផលិតផលកសិកម្មកម្ពុជាក្នុងបរិមាណគួរឱ្យកត់សម្គាល់ត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាង ហើយមានការនាំចេញជ្រូករស់ពីកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ ដែលនេះបានបង្ហាញពីវឌ្ឍនភាពមួយគួរជាទីមោទនភាព។

លោកស្រីបានអំពាវនាវដល់សមាជិកសមាជិកាសមាគម បន្តជួយគាំទ្រសកម្មភាពនានារបស់ថ្នាក់ដឹកនាំសមាគមជាបន្តទៀត ដើម្បីធ្វើឱ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាន់តែរឹងមាំ មានសាមគ្គីភាព និងភាតរៈភាព ដើម្បីចូលរួមកសាង និងពង្រឹងគ្រឹះសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១៧ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក