ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិក ធ្លាក់ចុះខ្លាំង ជុំវិញគោលនយោបាយ ត្រាំ
សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិកប្រចាំខែកុម្ភៈ បានធ្លាក់ចុះក្នុងអត្រាធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាង ៣ ឆ្នាំកន្លះ ដោយសារតែការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចជុំវិញកំណើនអតិផរណា និងសង្រ្គាមពាណិជ្ជកម្ម ដែលបង្កឡើងដោយគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

អង្គការស្រាវជ្រាវ «ក្រុមប្រឹក្សាសន្និសីទ» បានចេញរបាយការណ៍ស្ទង់មតិរបស់ខ្លួនកាលពីថ្ងៃអង្គារ ដែលបង្ហាញថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់នៅអាមេរិក ធ្លាក់ចុះដល់ប្រមាណ ៩៨,៣ ពិន្ទុ នៅកុម្ភៈ ពី ១០៥,៣ នៅខែមករា ដោយទាបជាងការព្យាកររបស់សេដ្ឋវិទូចន្លោះ ១០២-១០៣ ពិន្ទុ។
ការធ្លាក់ចុះប្រចាំខែ ៧ ពិន្ទុ គឺជាការធ្លាក់ចុះដ៏ធំបំផុត រាប់ចាប់តាំងពីខែសីហា ឆ្នាំ ២០២១ ដែលធ្វើឱ្យសន្ទស្សន៍ដដែលស្ថិតនៅក្នុងកម្រិតទាបបំផុតក្នុងរយៈពេល ៨ ខែ រាប់តាំងពីខែមិថុនា។
ក្រៅពីនេះ ទស្សនៈរបស់អ្នកប្រើប្រាស់លើស្ថានភាពបច្ចុប្បន្ន បានធ្លាក់ចុះ ៣,៤ ពិន្ទុ មកត្រឹម ១៣៦,៥ ពិន្ទុ នៅខែកុម្ភៈ ចំពេលដែលទស្សនៈស្តីពីលក្ខខណ្ឌទីផ្សារការងារបច្ចុប្បន្ន ក៏បានធ្លាក់ចុះជាថ្មីផងដែរ។ ក្រុមប្រឹក្សានិយាយថា៖ «ទិដ្ឋភាពនៃស្ថានភាពទីផ្សារការងារបច្ចុប្បន្នចុះខ្សោយ។ អតិថិជនមានភាពទុទិដ្ឋិនិយមចំពោះលក្ខខណ្ឌអាជីវកម្មនាពេលអនាគត និងមិនសូវមានសុទិដ្ឋិនិយមអំពីប្រាក់ចំណូលនាពេលអនាគតនោះទេ។ ភាពទុទិដ្ឋិនិយមអំពីទស្សនវិស័យការងារនាពេលអនាគត ក៏កាន់តែអាក្រក់ទៅៗផងដែរ ហើយឈានដល់កម្រិតខ្ពស់រយៈពេល ១០ ខែ»។
បើតាមក្រុមប្រឹក្សា អ្នកឆ្លើយតបការស្ទង់មតិបានសម្តែងការព្រួយបារម្ភអំពីអតិផរណា ដោយលើកឡើងច្រើនអំពីបញ្ហាពាណិជ្ជកម្ម និងពន្ធគយ។

មែនទែនទៅ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិកកើនឡើងក្រោយលោក ត្រាំ ជាប់ឆ្នោតនៅចុងឆ្នាំ ២០២៤ ក្រោមក្ដីសង្ឈឹមថាលោកនឹងជួយបន្ធូរបន្ថយអតិផរណា និងការកាត់បន្ថយពន្ធជាដើម។ យ៉ាងណាមិញ អតិផរណាបានហក់ឡើងដល់ ៣ ភាគរយ នៅខែមករា ដែលខ្ពស់បំផុតក្នុងរយៈពេលជាងកន្លះឆ្នាំ។
លោក ត្រាំ បានប្រកាសពន្ធ ២៥ ភាគរយ លើទំនិញម៉ិកស៊ិក និងកាណាដា, ១០ ភាគរយ បន្ថែម លើទំនិញចិន,២៥ ភាគរយ លើដែកថែប និងអាលុយមីញ៉ូមនាំចូល។ លោកក៏គ្រោងដាក់ពន្ធលើរថយន្ត ឱសថ និងបន្ទះឈីបនាំចូលផងដែរ រួមជាមួយគោលនយោបាយពន្ធលើប្រទេសផ្សេងៗទៀត។
អ្នកជំនាញលើកឡើងថា ក្រៅតែពីគោលនយោបាយពន្ធ ការបណ្ដេញមន្រ្តីរាជការសហព័ន្ធអាមេរិកចេញពីការងារទ្រង់ទ្រាយធំ ក៏រួមចំណែកដល់ការព្រួយបារម្ភសេដ្ឋកិច្ចផងដែរ ដោយវានឹងកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់។
គួរគូសបញ្ជាក់ថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់វាស់វែងទាំងការវាយតម្លៃរបស់ជនជាតិអាមេរិកអំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងទស្សនវិស័យរបស់ពួកគេសម្រាប់រយៈពេល៦ខែបន្ទាប់។ សន្ទស្សន៍នេះសំខាន់ ព្រោះការចំណាយរបស់អ្នកប្រើប្រាស់ រួមចំណែកប្រហែល ២,៣ នៃសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ហើយមានឃ្លាំមើលយ៉ាងដិតដល់ពីអ្នកសេដ្ឋកិច្ច ដើម្បីដឹងពីស្ថានភាពរបស់ពួកគេ៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?