Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គ្រោងដាក់​លក់ទិដ្ឋាការ​​ «ប័ណ្ណមាស»​ ៥ លាន​ដុល្លារ ឱ្យ​អ្នកមាន​បរទេស​

បានផុស

នៅ

លោកប្រធានាធិបតី ដូណាល់ ត្រាំ ​បាន​ឱ្យដឹង​កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងដាក់លក់ទិដ្ឋាការ «Gold Card» ​(ប័ណ្ណមាស) ក្នុងតម្លៃ ៥ លាន​ដុល្លារ ដល់អ្នកមាន​បរទេស ដោយ​ផ្តល់ឱ្យពួកគេនូវសិទ្ធិក្នុងការរស់នៅ និងធ្វើការ​នៅសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍ និងអាច​ឈាន​ទៅដល់​ការទទួល​បាន​សញ្ជាតិអាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​និយាយ​យ៉ាងដូច្នេះថា៖ «យើងនឹងលក់​ប័ណ្ណមាស ។ បើអ្នកមាន​កាតបៃតង​ នោះហើយគឺប័ណ្ណមាស។​ ​យើង​នឹង​ដាក់​លក់ក្នុងតម្លៃ​ប្រហែល ៥ លាន​ដុល្លារ ហើយ​វា​នឹង​ផ្ដល់​ឱ្យ​អ្នក​នូវ​ឯកសិទ្ធិ​កាត​បៃតង ដោយ​បន្ថែមជាមួយគ្នា​នោះ វាគឺជាវិធីឆ្ពោះទៅរក​ការទទួល​បាន​សញ្ជាតិ»។​ លោក​បន្តថា៖ «​​អ្នក​មាន​ៗនឹង​ចូល​មក​ប្រទេស​យើង​ដោយ​ទិញ​​ប័ណ្ណ​នេះ» ហើយ​អាមេរិក​ក៏អាច​លក់ឱ្យ​មហាសេដ្ឋីរុស្ស៊ីផងដែរ។

ប័ណ្ណមាសដែល​​លោក​ ត្រាំ លើកឡើង គឺសំដៅទៅលើ​ប្រភេទ​មួយ​នៃ​ «កាតបៃតង​» ដែល​ត្រូវបានគេស្គាល់ជាផ្លូវការថាជា «ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ (PRC)» ​ពោលគឺ​​ឯកសារ​ផ្តល់ឱ្យ​បុគ្គលណា​ម្នាក់​មាន​សិទ្ធិក្នុងការរស់នៅ និងធ្វើការនៅ​សហរដ្ឋ​អាមេរិក​ជាអចិន្ត្រៃយ៍។

​ប្រធានាធិបតីដដែលបាន​​ឱ្យដឹងថា​ សហរដ្ឋអាមេរិក​នឹង​ដាក់លក់ប័ណ្ណមាស​ក្នុងរយៈពេល​ ២ សប្ដាហ៍ខាង​មុខ​ ​ហើយ​រំពឹង​ថា​នឹង​លក់បាន​រហូតដល់ ១០ លាន ប័ណ្ណ​។ លោក​បន្តថា​៖ «ពួក​គេ​នឹង​ចំណាយ​ប្រាក់​ច្រើន ហើយ​បង់​ពន្ធ​ច្រើន ហើយ​ផ្ដល់ការងារដល់មនុស្ស​ច្រើន ហើយ​យើង​គិត​ថា​វា​នឹង​ទទួល​បាន​ជោគជ័យ​ខ្លាំង​ណាស់» ខណៈនឹង​កាត់បន្ថយ​ឱនភាព​ថវិកាជាតិ។

ប្រធានាធិបតី ដែល​មាន​គម្រោងនិរទេស​ជនអន្តោប្រវេសន៍គ្មាន​ឯកសាររាប់លាននាក់រូប​នេះ បាន​បន្ថែម​យ៉ាងដូច្នេះថា៖ «មនុស្សជាច្រើន​ចង់នៅក្នុងប្រទេសនេះ ហើយពួកគេនឹងអាចធ្វើការ និងផ្តល់ការងារ និង​បង្កើត​ក្រុមហ៊ុន។ វា​សម្រាប់​អ្នក​មានលុយ​»។

លេខាធិការក្រសួង​ពាណិជ្ជកម្ម លោក Howard Lutnick បាននិយាយថា «​ប័ណ្ណមាស ត្រាំ» នឹងត្រូវជំនួសឱ្យ​ទិដ្ឋាការ EB-5 ​ឬទិដ្ឋាការវិនិយោគិនបរទេស ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ​។ EB-5s ត្រូវបានដាក់ចេញ​ដោយសភាក្នុងឆ្នាំ ១៩៩០ ដើម្បីបង្កើតការវិនិយោគពីបរទេស។ អ្នកដែលអាច​ទទួល​បាន​វា ត្រូវ​ចំណាយប្រាក់ប្រមាណ ១ លាន​ដុល្លារ បង្កើតក្រុមហ៊ុន​ដែលមាន​បុគ្គលិកយ៉ាងហោចណាស់ ១០ នាក់។

​គួររំឭកថា សេវាស្រាវជ្រាវសភាបានរាយការណ៍​កាលពីឆ្នាំ ២០២១ ថា ទិដ្ឋាការ EB-5 បង្កហានិភ័យនៃការក្លែងបន្លំផ្សេងៗ​ រួមទាំង​ការព្រួយបារម្ភជុំវិញ​ពីប្រភព​នៃ​មូលនិធិ ថាតើវាស្របច្បាប់ ឬយ៉ាងណា។

យ៉ាងណាមិញ ទិដ្ឋាការវិនិយោគិន គឺជារឿងធម្មតានៅជុំវិញពិភពលោក។ ក្រុមហ៊ុនប្រឹក្សា Henley & Partners ​បាន​និយាយថា ប្រទេសជាង ១០០ ជុំវិញពិភពលោកផ្តល់ «ទិដ្ឋាការមាស» ដល់បុគ្គលដែលមានទ្រព្យសម្បត្តិ រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អេស្ប៉ាញ ក្រិក ម៉ាល់តា អូស្ត្រាលី កាណាដា និងអ៊ីតាលី ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម