Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសពន្ធថ្មី ១០ ភាគរយ បន្ថែមទៀតលើទំនិញចិន​

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​អះអាងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក​នឹង​បង្កើន​ពន្ធ ១០ ភាគរយ បន្ថែម​ទៀត​លើទំនិញនាំចូលពីចិន​ ដែលធ្វើឱ្យ​អត្រានេះកើនដល់ ២០ ភាគរយ រាប់ទាំងពន្ធ​ដែល​ចូល​ជា​ធរមាន​​កាលពីដើម​ខែកុម្ភៈ។ នេះបើតាម​ការចុះផ្សាយរបស់​បណ្ដាញទូរទស្សន៍ CNBC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាន​បញ្ជាក់ថា​ ពន្ធបន្ថែមថ្មី នឹង​ចូលជា​ធរមាន​ចាប់ពីថ្ងៃទី ៤ មីនា តទៅ ពោលគឺចំថ្ងៃដែល​វិធានការពន្ធ ២៥ ភាគរយ លើទំនិញ​នាំចូលពីកាណាដា និងម៉ិកស៊ិក នឹងត្រូវបានចាប់ផ្ដើម​អនុវត្ត​ ក្រោយពន្យាពេល​អស់រយៈពេល​ ៣០ ថ្ងៃ​ ។ ​

កន្លងមក​ លោក ត្រាំ បាន​លើកឡើងថា​ ពន្ធប្រឆាំងនឹង​ចិន កាណាដា និងម៉ិកស៊ិក ធ្វើឡើង​ដោយ​សារ​តែ​ការពាក់ព័ន្ធរបស់​ប្រទេសទាំងនេះ​លើ​លំហូរ​នៃ​ខ្សែចង្វាក់ផ្គត់ផ្គង់ថ្នាំញៀនហ្វេនតានីល បន្ថែមពីលើបញ្ហា​អន្តោប្រវេសន៍ និង​អតិរេកពាណិជ្ជកម្ម​។

ជាថ្មីម្ដង​ទៀត​ ប្រធានាធិបតីរូប​នេះ​បាន​សរសេរ​លើបណ្ដាញ​សង្គម Social Truth របស់​លោក ដោយ​មិន​ផ្ដល់ភស្តុតាង​ជាក់លាក់​ថា គ្រឿងញៀនខុសច្បាប់នៅតែហូរចូល​អាមេរិក​ពីម៉ិកស៊ិក និងកាណាដាក្នុងកម្រិតខ្ពស់ «និងមិនអាចទទួលយកបាន» បើទោះបីជាមានការសន្យាពីប្រទេសជិតខាងទាំង២ ​ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែង​ទប់ស្កាត់តាមព្រំដែន​។

លោក​បន្ត​ថា៖ «យើងមិនអាចអនុញ្ញាតឱ្យគ្រោះមហន្តរាយនេះ បន្តធ្វើឱ្យប៉ះពាល់ដល់សហរដ្ឋអាមេរិកទេ ​បើវា​មិន​​ឈប់ ឬ​កាត់បន្ថយ​ខ្លាំង​នោះទេ​ នោះ​ពន្ធ​ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ៤ ខែមិនា នឹងចូលជាធរមានតាមការគ្រោងទុក»។

ក្រៅពីពន្ធលើ​ប្រទេស​ទាំង​ ៣ លោក ត្រាំ ក៏បាន​បញ្ជាក់ផងដែរ​ថា​ ការដាក់ពន្ធឆ្លើយតបឱ្យស្មើគ្នា​ ដែលសំដៅលើ​ពន្ធ​ដាក់លើទំនិញ​របស់​ប្រទេសដទៃក្នុងអត្រាដែលប្រទេសទាំងនោះ​ដាក់លើ​ទំនិញអាមេរិក ក៏នឹង​ចូលជាធរមាន​ផងដែរ នៅថ្ងៃទី ២ ដើម​ខែមេសា​។

គួរគូស​បញ្ជាក់ថា​ វិធានការពន្ធគឺជា​របៀបវារៈស្នូលរបស់​លោក ត្រាំ នៅអាណត្តិទី២​​បច្ចុប្បន្ន ដោយ​លោកលើកឡើង​ពីការជំរុញ​ផលិតកម្មក្នុងស្រុក និង​កាត់បន្ថយឱនភាពពាណិជ្ជកម្មជាដើម​ ខណៈ​អ្នកវិភាគ​ព្រមាន​ពីកំណើនអតិរផណា​ក្នុងស្រុក និងការធ្លាក់ចុះ​នៃពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល ជុំវិញ​គោលនយោបាយនេះ​។

ក្រៅពីកំណត់គោលដៅ​លើប្រទេសនីមួយៗ ក៏ដោយ​ដូចជា​ គំរាមកំហែង​លើ​ប្រទេស​ផ្សេងៗទៀត លោក​ ត្រាំ បាន​បញ្ជាឱ្យដាក់ពន្ធ​ ២៥ ភាគរយ លើដែកថែប​ និងអាលុយមីញ៉ូមនាំចូល ខណៈ​មាន​គម្រោង​ដាក់ពន្ធផងដែរលើរថយន្ត ឱសធ​ និង​បន្ទះឈីប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម