Connect with us

ព័ត៌មានអន្ដរជាតិ

ចិនប្រកាសពន្ធសងសឹកលើពន្ធបន្ថែមចុងក្រោយរបស់​ ត្រាំ ​ជាផ្លូវការ

បានផុស

នៅ

​ប្រទេស​ចិន​នាថ្ងៃអង្គារ​នេះ​ បាន​ប្រកាសពន្ធសងសឹក​ភ្លាមៗជាផ្លូវការ​​លើទំនិញ​នាំចូល​ពីសហរដ្ឋ​អាមេរិក​ ដើម្បីជាការឆ្លើយតប​នឹង​ពន្ធបន្ថែម​ ១០ ភាគរយ ចុងក្រោយ​ថ្មី ដែល​​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើប​ប្រកាស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ ការសងសឹក​របស់​ចិន​ ផ្ដោត​លើ​​ការ​ដំឡើង​ពន្ធចន្លោះពី ១០-១៥ ភាគរយ លើ​​ផលិតផលកសិកម្ម និងស្បៀង​អាហាររបស់អាមេរិក ​ខណៈ​ដាក់ក្រុមហ៊ុនអាមេរិកចំនួន ២៥ ឱ្យស្ថិតនៅក្រោមការរឹតបន្តឹងលើការនាំចេញ និងការវិនិយោគ។

ក្រសួងហិរញ្ញវត្ថុ​ចិន​ បាន​ប្រកាស​នៅលើ​សេចក្ដីថ្លែងការណ៍ថា​ ចិន​​នឹងដាក់ពន្ធបន្ថែម ១៥ ភាគរយ​ លើសាច់មាន់ ស្រូវសាលី ពោត និងកប្បាសរបស់សហរដ្ឋអាមេរិក និងពន្ធបន្ថែម ១០ ភាគរយ​ លើ​សណ្តែក​សៀង​ គ្រាប់ធញ្ញជាតិ ​Sorghum សាច់ជ្រូក សាច់គោ ផលិតផលវារីវប្បកម្ម​ ផ្លែឈើ និងបន្លែ និងការនាំចូលទឹកដោះគោ​។ ពន្ធ​នេះ​ នឹង​ចូល​ជា​ធរមាន​ចាប់ពីថ្ងៃទី ១០ មីនា តទៅ។

ចំណែក​ឯ​ក្រសួងពាណិជ្ជកម្មចិនវិញ បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក​ថា៖ «វិធានការពន្ធឯកតោភាគីរបស់សហរដ្ឋអាមេរិក បំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភព​លោក​ និងធ្វើឱ្យខូចដល់មូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក»។ ក្រសួង​បន្តថា​៖ «​ចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។

គួរគូស​បញ្ជាក់ថា​ ការ​ប្រកាស​របស់​ចិន​ ធ្វើឡើង​នៅពេល​ដែល​ពន្ធបន្ថែមថ្មី ១០ ភាគរយ លើ​ទំនិញ​ចិន​របស់​ ត្រាំ ចូលជាធរមាន​នៅម៉ោង ១ រសៀល នាថ្ងៃអង្គារ​ ទី ៤ មីនា នេះ (ម៉ោងនៅចិន) ដែលធ្វើឱ្យ​អត្រាពន្ធរបស់អាមេរិក​សរុប​ឡើងដល់ ២០ ភាគរយ​។ ក្រោម​លេស​នៃ​ការ​ដាក់​ពន្ធ​នេះ លោក ត្រាំ បាន​ចោទ​ប្រកាន់​ចិន​ថា​ជាប់ពាក់ព័ន្ធ​នឹង​លំហូរនៃថ្នាំញៀនហ្វេនតានីលទៅក្នុងស្រុកអាមេរិក។

គេ​មើលឃើញថា​ ចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ហើយវិស័យនេះមានភាពងាយរងគ្រោះជាយូររួច​មកហើយ​ក្នុង​ភាពតានតឹងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន។

ចិន ដែលជា​ប្រទេសនាំចូលកសិកម្មលំដាប់កំពូល និងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ២ របស់ពិភពលោក បាននាំចូល​ផលិតផលកសិកម្មរបស់​អាមេរិក​ក្នុង​តម្លៃ ២៩,២៥ ប៊ីលាន​ដុល្លារ នៅឆ្នាំ​ ២០២៤ ​ដោយ​នេះគឺជាការធ្លាក់ចុះ ១៤ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ដែល​វា​បាន​ធ្លាក់ចុះ​ផងដែរ​ប្រមាណ ២០ ភាគរយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម