ព័ត៌មានអន្ដរជាតិ
សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយពន្ធ ត្រាំ លើកាណាដា និងម៉ិកស៊ិក ចូលជាធរមាន
សង្រ្គាមពាណិជ្ជកម្មរវាងសម្ព័ន្ធមិត្តនៅអាមេរិកខាងជើងផ្ទុះឡើងជាថ្មី ក្រោយវិធានការពន្ធ ២៥ ភាគរយ លើទំនិញនាំចូលពីកាណាដា និងម៉ិកស៊ិក របស់ប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ ចូលជាធរមាននៅម៉ោង ១២ រំលងអធ្រាត្រ នាថ្ងៃអង្គារ ទី ៤ មីនា នេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការចូលជាធរមាននេះ កើតឡើងក្នុងរយៈពេល ១ ខែ ក្រោយវិធានការពន្ធដដែលត្រូវបានពន្យារពេលអនុវត្ត ក្រោយលោក ត្រាំ និងមេដឹកនាំកាណាដា ក៏ដូចជាម៉ិកស៊ិក ធ្វើការចរចាគ្នា ដោយសង្កត់ធ្ងន់លើការទាមទាររបស់ ត្រាំ ពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ និងលំហូរថ្នាំញៀនហ្វេនតានីល ទៅអាមេរិក។ អាមេរិកក៏បង្កើនពន្ធដល់ ២០ ភាគរយ លើទំនិញចិនផងដែរ។
ក្រោយការចូលជាធរមាន ចិនបានប្រកាសពន្ធសងសឹកភ្លាមៗ ដោយដាក់ពន្ធថ្មី ១០-១៥ ភាគរយ លើបណ្ដាផលិតកម្មកសិកម្ម និងស្បៀងអាមេរិក ខណៈក៏កំណត់ការរឹតត្បឹតលើការនាំចេញ និងការវិនិយោគសម្រាប់ក្រុមហ៊ុនអាមេរិក ផងដែរ ដោយចូលជាធរមានចាប់ពីថ្ងៃទី ១០ ទៅ។
ជាមួយគ្នានោះ ដូចការព្រមានទុក នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយកាលពីថ្ងៃចន្ទថា កាណាដានឹងឆ្លើយតបភ្លាមៗជាមួយនឹងពន្ធ ២៥ ភាគរយ លើទំនិញនាំចូលពីសហរដ្ឋអាមេរិក សរុបតម្លៃ ២០,៧ ប៊ីលានដុល្លារ សម្រាប់ជុំបន្ទាន់ និងជុំក្រោយ ៣ សប្ដាហ៍ខាងមុខ លើទំនិញសរុបជាទឹកប្រាក់ ៨៦,២ ប៊ីលានដុល្លារ)។
កន្លងមក កាណាដាបានបញ្ចេញបញ្ជីគោលដៅលើទំនិញអាមេរិក ដែលរួមមានបសុបក្សីរស់ ផលិតផលទឹកដោះគោ បន្លែ កាហ្វេ និងតែ ផលិតផលពីឧស្សាហកម្មកិន គ្រាប់ប្រេង ស្ករ ភេសជ្ជៈរួមទាំងគ្រឿងស្រវឹង ថ្នាំជក់ ផ្លាស្ទិច កៅស៊ូ ឈើ ក្រដាស សំលៀកបំពាក់ និងគ្រឿងប្រើប្រាស់ក្នុងផ្ទះផ្សេងៗ បន្ថែមពីលើផលិតជាច្រើនមុខទៀត។

នាយករដ្ឋមន្រ្តីដដែលបន្តថា៖ «ពន្ធគយនឹងរំខានដល់ទំនាក់ទំនងពាណិជ្ជកម្មដែលសម្រេចបានដោយជោគជ័យមិនគួរឱ្យជឿ» ដោយលោកបន្ថែមថា វាបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-ម៉ិកស៊ិក-កាណាដា ដែលបានចុះហត្ថលេខាដោយលោក ត្រាំ នៅអាណត្តិដំបូងរបស់លោក។
ទន្ទឹមនឹងការប្រកាសជាថ្មីរបស់លោក ទ្រូដូ លោក Doug Ford ដែលជាអភិបាលខេត្ត Ontario របស់កាណាដា បានប្រាប់ទូរទស្សន៍ NBC ថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់ផ្តាច់ការនាំចេញនីកែល និងអគ្គិសនីពីខេត្តរបស់លោក ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជាការសងសឹក លុះត្រាតែ ត្រាំ ដកពន្ធចេញ។
ចំណែកឯម៉ិកស៊ិកវិញ ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសនេះបាននិយាយថា លោកស្រីប្រធានាធិបតី Claudia Sheinbaum នឹងប្រកាសការឆ្លើយតបរបស់ខ្លួនក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅម៉ិកស៊ិក)៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ