សេដ្ឋកិច្ច
កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០ភាគរយ ក្នុងឆ្នាំ ២០២៤
ក្រុមហ៊ុនជប៉ុនចំនួន ៩០ ក្រុមហ៊ុន បានចុះបញ្ជីនៅកម្ពុជាក្នុងឆ្នាំ ២០២៤ មានការកើនឡើងចំនួន ២០.៥៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។

ក្រុមហ៊ុនជប៉ុនបានវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូលរួមជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការបង្កើតការងាររាប់ពាន់កន្លែង ការបណ្តុះបណ្តាលជំនាញ និងផ្ទេរបច្ចេកវិទ្យា ដែលជាការរួមចំណែកពង្រឹងភាពប្រកួត ប្រជែងឧស្សាហកម្ម និងផលិតភាពការងាររបស់កម្ពុជា។
អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ សមាគមឧកញ៉ាកម្ពុជា រួមទាំងសមាជិកជាច្រើននៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ បានចូលរួម “ពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច» ក្រោមវត្តមានលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់។

គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ១០ក្រុមហ៊ុន និងតំណាងក្រុមហ៊ុនកម្ពុជាដទៃទៀតចំនួន ៣០ក្រុមហ៊ុន បានជួបផ្គូផ្គងធុរកិច្ចជាមួយគណៈប្រតិធុរកិច្ចជប៉ុនចំនួន៤៤ក្រុមហ៊ុន មកពីចម្រុះវិស័យ ដើម្បីស្វែងរកឱកាសចាប់ដៃគូវិនិយោគ និងកិច្ចសហការធុរកិច្ចទៅវិញទៅមកនៅក្នុងវិស័យអាទិភាពរៀងៗខ្លួន។
លោក Kohei Wakabayashi ប្រធានតំណាងអង្គការ JETRO បានឱ្យដឹងថា ក្រុមវិនិយោគិនទាំងនេះ មិនត្រឹមតែមកពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងមកពីប្រទេសថៃ វៀតណាម ចិន និងប្រទេសផ្សេងៗទៀតផងដែរ ហើយក្រុមហ៊ុនទាំងនេះមានបំណងពង្រីកអាជីវកម្មក្រៅប្រទេសរបស់ខ្លួន ខណៈកាលពីឆ្នាំ២០២៤ ក្រុមហ៊ុនជប៉ុនជាង ៩០បានចុះបញ្ជីវិនិយោគនៅកម្ពុជា។
លោកបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនទាំងនេះ កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ហេតុដូច្នេះហើយទើប JETRO រៀបចំជំនួបរវាងពួកគេ និងមន្រ្តីជាន់ខ្ពស់ ក៏ដូចជាធុរជននៅកម្ពុជា ដើម្បីសិក្សា និងផ្គូផ្គងធុរកិច្ចទៅវិញទៅមក។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់វិស័យឯកជន និងជាពិសេសលើកទឹកចិត្តឱ្យសហគមន៍វិនិយោគិនជប៉ុនលើកឡើងអំពីបញ្ហាប្រឈមនានាឱ្យចំៗដោយបើកចំហ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តពិភាក្សាអំពីគោលនយោបាយថ្មីរបស់ JETRO ដែលមានបំណងលើកស្ទួយធុរកិច្ចថ្មីកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចថ្មីកម្ពុជា-ជប៉ុន និងបន្តជំរុញយន្តការនៃការបង្កើតក្រុមការងារពិសេស ដែលមានតំណាងពីក្រសួង-ស្ថាប័ន ដើម្បីសម្របសម្រួលយ៉ាងជិតស្និតជាមួយ JETRO និងក្រុមហ៊ុនជប៉ុន។
ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល នឹងបន្តជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន ដើម្បីចាប់យកសក្តានុពលជាច្រើននៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរបន្ថែមទៀត, បន្តការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន, បន្តពង្រឹង និងបង្កើនសមត្ថភាពផលិតកម្ម គុណភាព និងស្តង់ដារទំនិញកម្ពុជា ដើម្បីនាំចូលទីផ្សារជប៉ុន និងបន្តគាំទ្រនិងជំរុញក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគក្នុងវិស័យទូរគមនាគមន៍ និងបរិវត្តកម្មឌីជីថល ពិសេសលើការអភិវឌ្ឍប្រព័ន្ធសេវាអ៊ីនធឺណិត, វិស័យពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល សហគ្រាសធុនតូចនិងមធ្យម, កសិ-ឧស្សាហកម្ម, ឧស្សាហកម្មបៃតង ព្រមទាំងបន្តលើកទឹកចិត្ត ពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP)។

ប្រទេសជប៉ុន បាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុបពី ១,៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៧ ដល់ ២.២ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។
ជាក់ស្តែង ក្រុមហ៊ុនជប៉ុនល្បីៗដូចជា Minebea, AEON និង Toyota បាននិងកំពុងដំណើរការយ៉ាងល្អប្រសើរ និងបានបន្តបង្កើនទីតាំង រោងចក្រ និងទីតាំងធុរកិច្ចរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល