Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអាមេរិកទាមទារ​ឱ្យ​បង្រ្កាប​លើ ក្រុម​​ហ៊ុនចិនដែល​ប្រើប្រទេសទី៣ ដើម្បីគេចពន្ធ

បានផុស

នៅ

បណ្ដា​ក្រុមហ៊ុនសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បាន​ទាមទារ​ឱ្យ​មាន​ការពង្រឹង​លើ​ច្បាប់​ពាណិជ្ជកម្ម និង​ធានាឱ្យ​បាន​នូវ​ការកាត់ទោសព្រហ្មទណ្ឌចំពោះក្រុមហ៊ុនចិន​​ ដែលគេចវេស​ពន្ធរបស់សហរដ្ឋអាមេរិក ដោយការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសទី៣​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រតិបត្តិមកពីក្រុមហ៊ុនឧស្សាហកម្មខ្នាតមធ្យមផ្សេងៗ​ រួមទាំង​ក្រុមហ៊ុន​ផលិតបំពង់ដែកថែប​​ ទូផ្ទះបាយ និងទូដាក់ខោអាវ បាន​លើកឡើង​​ក្នុងព្រឹត្តិការណ៍មួយជាមួយសមាជិកសភានៅវិមាន Capitol Hill ថា អស់ជាច្រើនឆ្នាំមកនេះ សហរដ្ឋអាមេរិកបានបាត់បង់ចំណូលពន្ធគយ ហើយក្រុមហ៊ុនអាមេរិកត្រូវ​ដកខ្លួនចេញ​​ពីអាជីវកម្ម ដោយសារ​តែ​ការ​រំលោភ​លើ​ច្បាប់​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុនចិន​។ ពួកគេ​បន្ត​ថា​ កម្សោយ​នៃការ​អនុវត្ត​ច្បាប់ ធ្វើឱ្យ​ក្រុមហ៊ុន​មាន​ផ្លូវ​គេច​​វិធាន​ការ​ពន្ធ។

អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតបំពង់ដែក Zekelman Industries លោក Tom Muth ​បាន​ថ្លែង​យ៉ាង​ដូច្នេះថា៖ «យើងត្រូវបានគេបង្ខំឱ្យបិទរោងចក្រ កាត់បន្ថយការងារ និងកាត់បន្ថយការវិនិយោគ»។ លោក​បន្តថា​​៖ «ការនាំចូល​មិនមែនមាន​មកតែពីប្រទេសចិនដោយផ្ទាល់នោះទេ ប៉ុន្តែដោយប្រយោល។ វា​មកពីប្រទេសផ្សេងៗដូចជា អូម៉ង់ ថៃ វៀតណាម និងអារ៉ាប់រួម​ជាដើម​»។ លោក​បន្តថា៖ «ប្រទេស​ទាំងនេះ​គឺជា​អ្នកនាំចូល​ដ៏ធំ​នៃដែកថែប​រមូរ​ក្ដៅ ដែល​ទទួល​បាន​ការឧបត្ថម្ភធន និងសម្រាប់ការលក់បង្ខូចតម្លៃពីប្រទេសចិន»​។ ​

នាយកប្រតិបត្តិនៃក្រុមហ៊ុនឧបករណ៍ព្យួរសម្លៀកបំពាក់សម្រាប់​ឧស្សាហកម្មវាយនភណ្ឌ M&B Metal Products Company, Inc លោក Milton Magnus បាន​ថ្លែងថា​ ក្រុមហ៊ុនរបស់លោក​បាន​ឈ្នះក្ដីលើ​សំណុំរឿង​លក់បង្ខូចតម្លៃ​លើក្រុមហ៊ុនចិន​នៅឆ្នាំ ២០០៨ ប៉ុន្តែក្រោយ​ពីនោះ គ្មាន​ប្រសិទ្ធិភាពនោះទេ។

លោក Magnus បាននិយាយថា ចិន​បាន​ប្រើ​ប្រទេស​ផ្សេងទៀត​ដើម្បី​ដឹកជញ្ជូនទំនិញរបស់​ខ្លួន ប្ដូរឈ្មោះក្រុមហ៊ុន និង​ផ្លាស់ប្ដូរ​ការ​ដឹកជញ្ជូនជាដើម​​ ដើម្បី​ដើរមុន​គេ​។

ក្រុមនាយកប្រតិបត្តិអាមេរិក​ទាំង​នេះ​ គាំទ្រ​ច្បាប់ទ្វេភាគីរបស់​សភា ​ដែល​នឹងបង្កើនការកាត់ទោសលើការគេចវេស​ពន្ធ និងថ្លៃពាណិជ្ជកម្មផ្សេងទៀត ​ដែល​នោះ គឺ​ «ច្បាប់​ស្ដីពីការការពារឧស្សាហកម្ម និងការងាររបស់អាមេរិកពី​ឧក្រិដ្ឋកម្មពាណិជ្ជកម្មអន្តរជាតិ»។ ការដាក់ស្នើ​ឡើងវិញ​នូវច្បាប់ ដែល​បរាជ័យ​មិន​បាន​អនុម័ត​កាលពីឆ្នាំមុន​មួយ​​នេះ ​ធ្វើឡើង​​នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​ចាប់ផ្តើមសង្រ្គាមពន្ធថ្មីជាមួយប្រទេសចិន ក៏ដូចជាម៉ិកស៊ិក និងកាណាដាផងដែរ។

នាយិកាប្រតិបត្តិនៃសមាគមអ្នកផលិត​ទូរផ្ទះបាយ ​អ្នកស្រី Betsy Natz បាននិយាយថា៖ «ខ្ញុំ​ឃើញថា​ ​រោងចក្ររបស់អាមេរិកបិទទ្វារ ​មិនមែនដោយសារតែពួកគេបរាជ័យនោះទេ ប៉ុន្តែដោយសារតែការអនុវត្តច្បាប់​បានបរាជ័យ។ វាមិនអាចទទួលយកបានទេ»។ អ្នកស្រីបន្តថា​ ក្រុមហ៊ុន​របស់​ខ្លួន​បានចំណាយប្រាក់ ១០ លានដុល្លារ​ ​លើ​រឿងក្ដីប្រឆាំងការលក់បង្ខូចទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យមានការដាក់​ពន្ធ ២៦០ ភាគរយ ​លើ​ក្រុមហ៊ុន​ចិន​។ ប៉ុន្តែចុង​ក្រោយ​ ក្រុមហ៊ុន​ចិន​បាន​ប្រើ​វៀតណាម ម៉ាឡេស៊ី កម្ពុជា និងឥណ្ឌូណេស៊ី ដើម្បី​គេច​ពន្ធ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម