ព័ត៌មានជាតិ
កម្ពុជាត្រូវអភិវឌ្ឍជំនាញ និងវិនិយោគលើបច្ចេកវិទ្យាជាដើម្បីចាប់យកកំណើនថ្មីពីសេដ្ឋកិច្ចឌីជីថល
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានលើកឡើងថាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដូចជាបញ្ញាសប្បនិម្មិត (AI) ការធ្វើស្វ័យប្រវត្តិកម្មក្នុងខ្សែច្រវាក់ផលិតកម្ម បច្ចេកវិទ្យារ៉ូបូត និងការអប់រំ STEM គឺជាការរៀបចំកម្លាំងពលកម្មរបស់កម្ពុជាសម្រាប់ឧស្សាហកម្មថ្មីៗ និងចាប់យកកំណើនសេដ្ឋកិច្ចថ្មីតាមរយៈបច្ចេកវិទ្យា។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី ហែម វណ្ណឌី ធ្វើឡើងក្នុងឪកាសដែលលោកបានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។
លោកបានលើកឡើងថា៖« កម្ពុជាមានប្រជាជនវ័យក្មេង ស្វាហាប់ និងចូលចិត្តប្រើប្រាស់បច្ចេកវិទ្យា។ ភាគលាភប្រជាសាស្រ្តនេះគឺជាធនធានសំខាន់របស់កម្ពុជានាពេលបច្ចុប្បន្ន ប៉ុន្តែធនធាននេះមិននៅស្ថិតស្ថេររហូតទេ។ នេះជាពេលវេលាដ៏ល្អប្រសើរសម្រាប់យើង ក្នុងការប្រើប្រាស់ភាគលាភប្រជាសាស្រ្តឱ្យបានជាអតិបរមា សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។
លោក ហែម វណ្ណឌី បានសង្កត់ធ្ងន់លើការលើកកម្ពស់ផលិតភាព ការកែលម្អគោលនយោបាយដើម្បីគាំទ្របរិវត្តកម្មបច្ចេកវិទ្យា និងពង្រឹងការទទួលស្គាល់គ្នាទៅវិញទៅមកនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបង្កើនការចល័តកម្លាំងពលកម្មនៅក្នុងតំបន់។ សម្រាប់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង ២០៥០ ការវិនិយោគលើមូលធនមនុស្ស និងបច្ចេកវិទ្យា នឹងជាស្នូលនៃអនាគតសេដ្ឋកិច្ចកម្ពុជា។
លោកហែម វណ្ណឌីបានបន្ថែមថា៖ “បច្ចេកវិទ្យាអាចជំនួសការងារមួយចំនួនរបស់មនុស្ស តែយើងមិនគួរខ្លាចវាទេ។ យើងត្រូវវិនិយោគលើបច្ចេកវិទ្យា, វិនិយោគលើមូលធនមនុស្សដើម្បីប្រើប្រាស់បច្ចេកវិទ្យា, និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា»។

ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា កាលពីឆ្នាំ២០២៤កន្លងទៅនេះ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) នៅកម្ពុជាត្រូវបានព្យាករណ៍ថាសម្រេចបានប្រមាណ ១,១២ ពាន់លានដុល្លារ និងរំពឹងថានឹងមានកំណើនជាប្រចាំឆ្នាំក្នុងអត្រា១០% ដែលទំហំទឹកប្រាក់នឹងកើនដល់ ១,៨១ពាន់លានដុល្លារនៅឆ្នាំ២០២៩ ដែលធ្វើឱ្យកម្ពុជាជាប្រទេសក្នុងចំណោមបណ្តាប្រទេសអាស៊ានមួយចំនួនដែលកំពុងរីកចម្រើននៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
យោងតាមរបាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឆ្នាំ២០២៤ សម្រាប់ប្រទេសកម្ពុជាដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៤ កុម្ភៈ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងតំបន់អាស៊ានត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥២% ក្នុងចន្លោះឆ្នាំ ២០២២-២០២៥ ពី ១៤២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដល់ ២១៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ សម្រាប់ទីផ្សារដ៏ធំបំផុតទាក់ទងនឹងតម្លៃ និងសក្ដានុពលនៃកំណើនរួមមាន ឥណ្ឌូនេស៊ី ថៃ វៀតណាម និងហ្វីលីពីន ដោយសិង្ហបុរីនៅតែជាមជ្ឈមណ្ឌលសំខាន់សម្រាប់ប្រតិបត្តិការតម្លៃខ្ពស់ និងភស្តុភារ។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងនៅក្នុងរបាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកថា សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាកំពុងឆ្លងកាត់ការផ្លាស់ប្តូរខ្លាំងក្លាមួយ ដែលជំរុញដោយការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការបង្កើនការទទួលយកអ្នកប្រើប្រាស់នៃវេទិកាឌីជីថល និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងបទប្បញ្ញត្តិ និងទិដ្ឋភាពស្ថាប័ន។

លោកស្រីចម និម្មលបានគូសបញ្ជាក់ថា៖«ការពង្រីកវិស័យ E-commerce របស់កម្ពុជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកាន់តែទូលំទូលាយរបស់ប្រទេសចំពោះការផ្លាស់ប្តូរឌីជីថល ដូចដែលបានលើកឡើងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥។ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងភាពប្រសើរឡើងនៃការទូទាត់ឌីជីថល ការដឹកជញ្ជូន និងយន្តការជឿទុកចិត្តរបស់អតិថិជន»៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ