Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ​ផ្អាក​អនុវត្ត​ពន្ធជាថ្មី លើទំនិញក្រោមកិច្ចព្រមព្រៀង​អាមេរិកខាងជើង

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ បាន​ផ្អាកជាថ្មីនូវការ​អនុវត្តវិធានការពន្ធ ២៥ ភាគរយ លើទំនិញ​ម៉ិកស៊ិក និងកាណាដា ដែល​ចូលជាធរមាន​កាលពីថ្ងៃអង្គារ​ ដែល​ជា​វិវត្តន៍ចុង​ក្រោយ​ ចំពេល​មាន​ការ​ព្រួយបារម្ភ​អំពី​អតិផរណា និង​ភាព​យឺត​យ៉ាវនៃកំណើន​សេដ្ឋកិច្ចអាមេរិក​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ពន្យាពេល​នេះ នឹង​មាន​រហូត​ទៅដល់ថ្ងៃទី ២ មេសា ពោលគឺចំថ្ងៃដែល​លោក​ ត្រាំ គ្រោង​អនុវត្ត​លើ​ពន្ធឆ្លើយតបឱ្យ​ស្មើភាព​គ្នា​ លើ​បណ្ដា​ប្រទេស​ផ្សេងៗ​ទូទាំង​ពិភព​លោក​ រួមទាំង​ដៃគូពាណិជ្ជកម្ម​ ដែល​ដាក់ពន្ធលើទំនិញ​អាមេរិក​ ខ្ពស់ជាងអាមេរិក​ដាក់ពន្ធ​លើទំនិញ​របស់​ពួកគេ​។ ​

ដើម​ឡើយ លោក ត្រាំ បាន​លើកឡើងពីការ​លើកលែងអនុវត្តពន្ធ ២៥ ភាគរយ តែ​លើ​ទំនិញ​ម៉ិកស៊ិក​ប៉ុណ្ណោះកាលពីព្រឹក​ថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រោយ​មក ​ការកែសម្រួល​បទ​បញ្ជា​ដែលលោក​បានចុះហត្ថលេខា​នា​រសៀលថ្ងៃដដែល ក៏​គ្រប​ដណ្តប់​លើទំនិញ​កាណាដាផងដែរ។

ប្រទេសទាំង ៣ គឺជាដៃគូនៅក្នុងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីសហរដ្ឋអាមេរិក​-កាណាដា-ម៉ិកស៊ិក (USMCA) ខណៈ​មន្រ្តីសេតវិមាន​គូស​បញ្ជាក់ថា​ ការលើកលែង​ពន្ធ​មាន​លើទំនិញ​ដែលស្ថិត​នៅក្រោម​កិច្ចព្រមព្រៀង​នេះ។ ​ប្រហែល ៥០ ភាគរយ​ នៃទំនិញ​នាំចូលពីម៉ិកស៊ិក និង ៣៨ ភាគរយ​ នៃទំនិញ​នាំចូល​ពីកាណាដា ​ស្ថិត​នៅក្រោម​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ដដែល​។

ជាការឆ្លើយតប​ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកាណាដា លោក​ Dominic LeBlanc បាន​ឱ្យដឹង​ថា​ កាណាដានឹង​លើកលែង​ពន្ធសងសឹក​ ២៥ ភាគរយ ក្នុងជុំទី២​​ លើ​ទំនិញអាមេរិក​ តម្លៃប្រមាណ ១២៥ ប៊ីលាន​ដុល្លារកាណាដា រហូតដល់​ថ្ងៃទី ២ មេសា ដែរ។

គួរគូស​បញ្ជាក់ថា​ លោក ត្រាំ បានដាក់ពន្ធគយបន្ទាប់ពីការប្រកាសភាពអាសន្នជាតិនៅថ្ងៃទី ២០ ខែមករា ដែលជាថ្ងៃ​លោក​ឡើង​កាន់អំណាច​នៅអាណត្តិទី២​នេះ ជុំវិញបញ្ហា​ថ្នាំញៀន​ហ្វេនតានីល ដែល​សម្លាប់​ពលរដ្ឋ​អាមេរិក​ជាច្រើន​នាក់​ក្នុងមួយ​ឆ្នាំៗ។ លោក​អះអាងថា​ ថ្នាំនេះ​មាន​ប្រភព​ពី​ចិន​ និងចូល​អាមេរិក​តាម​រយៈម៉ិកស៊ិក​ និងកាណាដា។ ​

ពន្ធ ២៥ ភាគរយ​ ត្រូវ​បាន​ប្រកាស​ឡើង​តាំងតែពីដើម​ខែ​កុម្ភៈ ប៉ុន្តែត្រូវ​ពន្យាពេល​វិញ​ ៣០ ថ្ងៃ ក្រោយ​មាន​ការ​ចរចា​គ្នា ហើយចូលជាធរមាន​ជាថ្មីនៅ​ថ្ងៃអង្គារ​កន្លង​ទៅ។ ដោយ​ឡែក​ពន្ធ ២០ ភាគរយ​ លើ​ទំនិញ​ចិន​ មិន​មាន​ការ​ផ្អាក​ការ​អនុវត្តនោះទេ​។

ចិន​ និងកាណាដា​ សុទ្ធតែ​ប្រកាស​ពន្ធសងសឹក​ ខណៈម៉ិកស៊ិក ក៏បាន​ប្ដេជ្ញា​ថានឹង​ធ្វើដូចគ្នា ប៉ុន្តែ​មិន​ទាន់ឃើញ​មាន​ជាផ្លូវការនៅឡើយ​ទេ​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម