Connect with us

ព័ត៌មានជាតិ

មេ CSX​៖ ជោគជ័យនៃការកៀរគរទុនប្រមាណ​១០០លានដុល្លារពីផ្សារហ៊ុន​របស់​ធនាគារ​អេស៊ីលីដាបង្ហាញពីទំនុកចិត្ត​របស់វិនិយោគិន​មកលើទីផ្សារមូលបត្រកម្ពុជា

បានផុស

នៅ

លោក ហុង សុហ៊ួរ អគ្គនាយនៃផ្សារមូលបត្រកម្ពុជា (CSX) បានថ្លែងប្រាប់កម្ពុជាថ្មីថា ការប្រមូលទុនដ៏ជោគជ័យរបស់ធនាគារអេស៊ីលីដាប្រមាណជា១០០លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណ​បន្ទាប់បន្សំ (Subordinating Bond) ពីផ្សារហ៊ុនកាលពីពេលថ្មីៗនេះ បង្ហាញពីការជឿជាក់ និងទំនុកចិត្តរបស់វិនិយោគក្នុងស្រុកមកលើទីផ្សារ ជាពិសេសវានឹងធ្វើឱ្យទីផ្សារកាន់តែទាក់ទាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជទីមួយដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជា (CSX) បានធ្វើបរិវិសកម្មដំណាក់កាលទី១ ប្រកបដោយភាពជោគជ័យ ដែលមានវិនិយោគិនគុណវុឌ្ឍបញ្ជាទិញសញ្ញាបណ្ណរហូតដល់ ​ ៨៥,៨៣៧ លានដុល្លារអាមេរិក។

លុះនៅថ្ងៃទី ២៤ ខែកុម្ភៈ ធនាគារ អេស៊ីលីដា​​ បានធ្វើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការនៅ CSX ​ដោយបានប្រមូលទុនជាង៨៥លានដុល្លារដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន។​

កាលពីថ្ងៃទី៣ និងថ្ងៃទី៤ ខែមីនាថ្មីៗនេះ ​អេស៊ីលីដា ក៏នៅតែបានបន្តទទួលបានភាពជោគជ័យក្នុងការ ធ្វើបរិវិសកម្មដំណាក់កាលទី២ លើចំនួនសញ្ញាបណ្ណដែលនៅសល់ ដោយមានវិនិយោគិនគុណវុឌ្ឍបញ្ជាទិញសញ្ញាបណ្ណ រហូតដល់ ៥៦ ​៦៥០ លានរៀល ឬជាង ១៤​លានដុល្លារអា​។ ដូច្នេះ ការធ្វើ បរិវិសកម្មទាំងពីរដំណាក់កាលមានទឹកប្រាក់សរុបចំនួន ៤០០ពាន់លានរៀល ប្រមាណជា ១០០លានដុល្លារអាមេរិក។

បើយោងតាមលោក ហុង សុហ៊ួរ ការណ៍ដែលធនាគារអេស៊ីលីដាអាចកៀរគរទុនបានប្រមាណ១០០លានដុល្លារនាដើមឆ្នាំ២០២៥នេះ បើទោះបីជាធ្វើការបោះផ្សាយលក់ចំនួនពីរដង ប៉ុន្តែការបោះផ្សាយម្តងៗតែមួយថ្ងៃគឺទទួលបានការគាំទ្រយ៉ាងច្រើនពីវិនិយោគិន។

លោកថា៖«ការណ៍នេះបញ្ចាក់ឱ្យឃើញថាវិនិយោគិនក្នុងស្រុកយើងនៅមានសាច់ប្រាក់ទំនេរច្រើនដែលអាចវិនិយោគបាន។ អ្វីដែលសំខាន់នោះគឺការវិនិយោគនេះបានផ្តល់ផលចំណេញគ្រប់គ្រាន់ និងពួកគាត់មានទំនុកចិត្តលើការវិនិយោគជាពិសេសនៅលើទីផ្សារមូលបត្រកាន់តែច្រើន»។

«នេះហើយគឺជាក្តីស្រម៉ៃរបស់យើងក្នុងការបង្កើតទីផ្សារមូលបត្រតាំងពី២០១២មក ដែលយើងអាចអនុញ្ញាតិឱ្យវិនិយោគិនអាចធ្វើការកៀរគរទុនពីទីផ្សារនេះបាន និងកាន់តែច្រើនឡើងៗដើម្បីយកទៅពង្រីកអាជីវកម្ម និងទទួលបានផលយកមកបែងចែកដល់វិនិយោគិនទៅតាមប្រភេទមូលបត្រដែលពួកគាត់បានបោះផ្សាយ»។ នេះបើតាមការថ្លែងបញ្ជាក់ពីលោក ហុង សុហ៊ួរ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​នៅក្នុងកម្មវិធីនោះថា សញ្ញាបណ្ណបន្ទាប់បន្សំនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុទូទៅ ដែលធនាគារជុំវិញពិភពលោក រួមទាំងធនាគារ អេស៊ីលីដា បាននិងកំពុងប្រើប្រាស់ ព្រមទាំងបានចូលរួមចំណែកក្នុងការពង្រឹង និងការពង្រីកវិសាលភាព ព្រមទាំងការបង្កើនសក្តានុពលអាជីវកម្មរបស់ធនាគារ ឱ្យកាន់តែរីកចម្រើន​ប្រកបដោយចីរភាព និងប្រសិទ្ធភាពប្រកបដោយទំនុកចិត្តពីអតិថិជន និងសាធារណជន។

លោកបានថ្លែងថា៖«ខ្ញុំបាទជឿជាក់ថា ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ ​និងផ្តល់ឱ្យវិនិយោគិន​ និងអតិថិជនរបស់ធនាគារនូវជម្រើសវិនិយោគមួយបន្ថែមទៀត​ជាមួយធនាគារ អេស៊ីលីដា»។

បើយោងតាមនិយ័តករមូលបត្រ​កម្ពុជា ​គិតត្រឹមថ្ងៃទី៤ខែមិនាឆ្នាំ២០២៥នេះ CSX មានក្រុមហ៊ុនចុះបញ្ជីចំនួន ២៤ ដែលមានមូលនិធិសរុបជាង ៤៧២ លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនទាំង ២៤ នេះ មានក្រុមហ៊ុនចំនួន ៣ ដែលបានចុះបញ្ជីសញ្ញាប័ណ្ណបៃតង និងនិរន្តរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម