Connect with us

សេដ្ឋកិច្ច

មន្ត្រី និងកសិករអះអាង ផ្ទុយគ្នាជុំវិញការប្រែប្រួលតម្លៃទីផ្សារគ្រាប់ស្វាយចន្ទី

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៥ បានថ្លែងបដិសេធ ចំ​ពោះ​ការផ្សព្វផ្សាយថា តម្លៃទីផ្សារគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះនៅដើមរដូវប្រមូលផលឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បានអះអាង បន្ទាប់ពីសារព័ត៌មានមួយចំនួនបានដកស្រង់​យកពាក្យ​សម្ដីរបស់លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា​អំពីការប្រែប្រួល​ថ្លៃគ្រាប់​ស្វាយចន្ទី នៅក្នុងរយៈកាលថ្មីៗ។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា ការសន្និដ្ឋានថា គ្រាប់ស្វាយចន្ទីឆៅបាន​ធ្លាក់ចុះ​យ៉ាងគំហុកនោះ មិនបានឆ្លុះបញ្ចាំង​ពីស្ថានភាពពិតប្រាកដ​នៃទីផ្សារគ្រាប់​ស្វាយចន្ទីឡើយ ជាក់ស្ដែងតម្លៃគ្រាប់ស្វាយចន្ទី តែងតែមានភាពខុសគ្នារវាងថ្លៃនៅដើមរដូវ និងពេលរដូវ​ប្រមូលផលធំឈានមកដល់ អ្នកដែលស្ថិតនៅក្នុងវិស័យនេះ ប្រាកដជាដឹង​ច្បាស់ណាស់ថា វាគ្រាន់តែជាការប្រែប្រួលថ្លៃតាមនិន្នា​ការធម្មតាដែលតែងតែកើត​មានឡើងរាល់ឆ្នាំ។

បើតាមអ្នកនាំពាក្យរូបនេះ៖ «បើយើងប្រៀបធៀបទៅនឹងខែមីនា ឆ្នាំ ២០២៤ តម្លៃនៅឆ្នាំនេះ ក៏នៅតែល្អជាងឆ្នាំមុន និងស្ថិតនៅក្នុងកម្រិតមួយផ្ដល់ប្រាក់ចំណេញដល់កសិករ ហើយមិនមានការក្រឡុកតម្លៃគ្រាប់ស្វាយចន្ទី ដោយឈ្មួញណា​មួយនោះទេ»។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយប្រាប់កម្ពុជាថ្មីថា ​តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់​ចុះកាលពីសប្ដាហ៍មុន នៅចំពេលដែលកសិករចាប់ផ្ដើមប្រមូលផល​គ្រាប់ស្វាយ​ចន្ទីនារដូវកាលថ្មី។

លោកថា តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះពី ៦០០០ រៀល ក្នុង​​មួយគីឡូក្រាម មកត្រឹម ៤ ៨០០ ខណៈកំពង់ធំ មានស្ថិរភាពជាងគេនៅត្រឹម ៥ ២០០ រៀល ក្នុង​មួយ​គីឡូក្រាម។

លោក អួន ស៊ីឡុត បានឱ្យដឹងថា បច្ចុប្បន្នសហគ្រាសក្នុងស្រុក​មិនមានថវិកា​ទិញគ្រាប់​ស្វាយ​ចន្ទី​នោះ​ទេ ពោលគឺមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ដែលទទួលបានកម្ចីពីធនាគារ ដូច្នេះតម្លៃ​គ្រាប់​​ស្វាយចន្ទីរបស់​កម្ពុជា ត្រូវពឹងផ្អែកទាំងស្រុងលើទីផ្សារវៀតណាម ដែលធ្វើឱ្យវៀតណាម​ទម្លាក់​តម្លៃដែរ។

បើតាមលោក អួន ស៊ីឡុត សមាគមស្វាយន្ទីបាន​ឱ្យសមាជិកដែល​គាត់មាន​លទ្ធភាពឱ្យ​គាត់​​ហាល​​​ទុក ប៉ុន្តែយើងពិបាកហាលដោយសារតែអាកាសធាតុធ្លាក់ភ្លៀង។

ម្យ៉ាងទៀត មានក្រុមហ៊ុន Santana និងក្រុមហ៊ុន Kampu រង់ចាំកាក់ទិញនៅខេត្តព្រះវិហារ ហើយក្រុមហ៊ុន CSNC, GC, Mirarth, ជ័យសំបូរ កាក់ទិញនៅខេត្តកំពង់ធំ ដើម្បីកុំឱ្យលំហូរគ្រាប់នាំ​ចេញ​ទៅ​ព្រំ​ដែន​​ច្រើនពេក ដើម្បីជួយឱ្យស្វាយចន្ទីនៅខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តកំពង់ចាម អាចមានលំ​ហូរ​ប្រក្រតី។

សម្រាប់ខេត្តកំពង់ធំ ល្អជាងគេ តម្លៃចន្លោះពី ៥០០០-៥២០០ រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែ​ដ៏ទៃ​ទៀតធ្លាក់នៅ ៤៦០០-៤៨០០ ទាបជាងគេខេត្តរតនគិរីធ្លាក់ដល់ ៤៤០០ រៀលក្នុង​មួយ​គីឡូ​ក្រាម។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ ២០២៤ កម្ពុជា​សម្រេច​​បានការ​ប្រមូលទិន្នផល​គ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុង​នោះ​នាំចេញ​គ្រាប់ឆៅ​បាន​ចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ គិត​ជា​ទឹក​ប្រាក់​​ ១,១៥០ ពាន់លាន​ដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់​តោន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា១០ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម