ព័ត៌មានអន្ដរជាតិ
Tesla ព្រមានពីហានិភ័យពន្ធសងសឹក ដោយសារគោលនយោបាយ ត្រាំ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោក អេឡុន ម៉ាសក៍ បានព្រមានពីហានិភ័យពន្ធសងសឹកដែលក្រុមហ៊ុននាំចេញអាមេរិកអាចនឹងទទួលរង ក្រោមការឆ្លើយតបរបស់ប្រទេសដទៃទៅនឹងគោលនយោបាយពន្ធដ៏គឃ្លើនរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការព្រមានរបស់ក្រុមហ៊ុន Tesla កំពុងឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់អាជីវកម្មអាមេរិក អំពីផលប៉ះពាល់នៃពន្ធរបស់លោក ត្រាំ ចំពេលសង្រ្គាមពាណិជ្ជកម្មពិភពលោកផ្ទុះឡើង ដោយប្រទេសផ្សេងៗរួមទាំងចិន កាណាដា និងសហភាពអឺរ៉ុប បានប្រកាសសងសឹក។
Tesla បានលើកឡើងពីកង្វល់របស់ខ្លួនក្នុងលិខិតទៅកាន់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដែលមាននៅលើគេហទំព័ររបស់ការិយាល័យនេះ។ ចុះនៅថ្ងៃអង្គារ វាស្ថិតក្នុងចំណោមលិខិតរបស់ក្រុមហ៊ុនអាមេរិករាប់រយ ដែលបានបញ្ជូនទៅការិយាល័យ អំពីគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
ក្រុមហ៊ុនបាននិយាយក្នុងលិខិតថា វាមានសារៈសំខាន់ណាស់ក្នុងការធានាថាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល ត្រាំ ក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្ម ដែល «មិនធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកដោយអចេតនា»។

ក្រុមហ៊ុនបានបន្តថា ខ្លួនចង់ជៀសវាងការសងសឹក ដែលក្រុមហ៊ុនបានប្រឈមមុខក្នុងជម្លោះពាណិជ្ជកម្មពីមុន ដែលបណ្តាលឱ្យមានកំណើនពន្ធលើរថយន្តអគ្គិសនី ដែលនាំចូលទៅកាន់ប្រទេសជាប់ពន្ធរបស់សហរដ្ឋអាមេរិក ព្រោះប្រទេសនោះចេញវិធានការឆ្លើយតប។
គេមិនដឹងថាតើមន្រ្តីរបស់ក្រុមហ៊ុន Tesla រូបណាជាអ្នកចេញ ឬសរសេរលិខិតនោះទេ ខណៈក្រុមហ៊ុនក៏មិនទាន់ចេញការបកស្រាយយ៉ាងណាដែរ។ ការព្រមានរបស់ Tesla ធ្វើឡើងខណៈលោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធលើរថយន្តនាំចូលនិងគ្រឿងបន្លាស់ ដែលផលិតក្រៅស្រុក រួមជាមួយពន្ធលើទំនិញនាំចូលទូទៅផ្សេងៗពីគ្រប់ប្រទេស «ដើម្បីជំរុញផលិតកម្មក្នុងស្រុក»។
Tesla លើកឡើងថា ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីធ្វើមូលដ្ឋានីយកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនក៏ដោយ ក៏ខ្លួននៅតែពិបាក ឬមិនអាច រកប្រភពផ្គត់ផ្គង់ក្នុងស្រុកអាមេរិកបាន។ ក្រុមហ៊ុនស្នើឱ្យមានវិធីសាស្រ្តជាដំណាក់កាល ដើម្បីអនុញ្ញាតឱ្យបណ្ដាក្រុមហ៊ុនអាមេរិករៀបចំ និងអនុវត្តតាម។ Tesla បន្តថា ក្នុងនាមជាក្រុមហ៊ុនផលិត និងអ្នកនាំចេញរបស់សហរដ្ឋអាមេរិក Tesla ជំរុញឱ្យ USTR ពិចារណាពីផលប៉ះពាល់ធំ នៃ «សកម្មភាពដោះស្រាយការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌»។

ក្រៅពី Tesla ក្រុមហ៊ុន Autos Drive America ដែលជាក្រុមពាណិជ្ជកម្មតំណាងឱ្យក្រុមហ៊ុនផលិតរថយន្តបរទេសធំៗ រួមមាន Toyota, Volkswagen, BMW, Honda និង Hyundai បានព្រមាន USTR នៅក្នុងលិខិតដាច់ដោយឡែកថា ការដាក់ពន្ធលើទំនិញទូទៅរបស់អាមេរិក នឹងរំខានដល់ផលិតកម្មនៅរោងចក្រដំឡើងក្នុងសហរដ្ឋអាមេរិក។
ចំណុចគួរឱ្យកត់សម្គាល់នោះគឺថា ការព្រមានរបស់ Tesla ធ្វើឡើងចំពេលដែលការលក់រថយន្តនៅដើមឆ្នាំនេះ ធ្លាក់ចុះនៅបណ្ដាទីផ្សារសំខាន់ៗរួមទាំងចិន និងអឺរ៉ុប ដោយសារតែកំណើននៃការប្រកួតប្រជែង និងការពាក់ព័ន្ធរបស់លោក ម៉ាសក៍ ទៅក្នុងនយោបាយរបស់អាមេរិក ដែលបង្កពហិការពីអ្នកប្រើប្រាស់។ លោក ម៉ាសក៍ បច្ចុប្បន្នគឺជាសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់លោក ត្រាំ ក្នុងចំណោមនាយកប្រតិបត្តិក្រុមហ៊ុនយក្សអាមេរិកទាំងអស់៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល