Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋកិច្ចចិន​បង្ហាញសញ្ញាប្រសើរឡើង ប៉ុន្តែបញ្ហាប្រឈមធំ​នៅបន្ត

បានផុស

នៅ

ទិន្នន័យ​រដ្ឋាភិបាលចិនចេញ​ផ្សាយ​នៅថ្ងៃចន្ទនេះ​ បាន​គូសបញ្ជាក់ថា​ ​សេដ្ឋកិច្ច​របស់ប្រទេស​បានបង្ហាញពីសញ្ញានៃភាពប្រសើរឡើងក្នុងរយៈពេល២ខែដំបូងនៃឆ្នាំនេះ ទោះបីជាវិបត្តិអចលនទ្រព្យ​បន្ត​ជាបញ្ហាប្រឈមធំ​សម្រាប់​កំណើន​សេដ្ឋកិច្ចក៏ដោយ​។ ​នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ AP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ការិយាល័យស្ថិតិជាតិចិន បង្ហាញថា​ ​ការលក់រាយបានកើនឡើង ៤ ភាគរយ​ នៅក្នុងខែមករា និងខែកុម្ភៈ បើប្រៀបធៀបទៅនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ​ខណៈ​ផលិតកម្មឧស្សាហកម្ម បានកើនឡើង ៥,៩ ភាគរយ។

ទិន្នន័យនេះ បង្ហាញពីភាព​ប្រសើរឡើងខ្លាំងជាងការរំពឹងទុក ​ដែល​ជា​សញ្ញា​មួយ​បង្ហាញពីការស្ទុះងើបឡើងវិញនៃតម្រូវការក្នុងស្រុកចិន​ ខណៈ​នាពេល​កន្លងមក​ កម្សោយនៃតម្រូវការ ​គឺជាបញ្ហាធំមួយសម្រាប់សេដ្ឋកិច្ចចិន​។

អ្នក​នាំ​ពាក្យ​ការិយាល័យ​ លោក Fu Linghui បាន​និយាយ​ថា សេដ្ឋកិច្ច​កំពុង​ដើរ​ទៅ​រក​ទិសដៅវិជ្ជមាន​ ប៉ុន្តែ​បាន​ព្រមាន​ថា បញ្ហា​ប្រឈម​នៅ​តែ​មាន​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ ថ្មីៗនេះ​ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពន្ធ ២០ ភាគរយ​ លើផលិតផលចិន ដែល​អាច​បង្កើនផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ ដែលពឹងផ្អែកខ្លាំងលើការនាំចេញ។

លោក Fu ​បាននិយាយ​ក្នុងសន្និសីទ​កាសែត​យ៉ាងដូច្នេះ​ថា៖ «បរិយាកាសខាងក្រៅប្រទេស​កាន់តែស្មុគ្រស្មាញ និងជាបញ្ហា​​ ​ តម្រូវការក្នុងស្រុកចុះខ្សោយ ក្រុមហ៊ុនមួយចំនួន​នៅតែជួបឧបសគ្គ ហើយការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ច នៅតែមិនស្ថិតស្ថេរ»។

វិបត្តិអចលន​ទ្រព្យ​ដែលអូសបន្លាយពេលយូរ ​ក៏បន្ត​ជះឥទ្ធិពលលើសេដ្ឋកិច្ចទាំងមូល ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងការចំណាយ។ ការិយាល័យស្ថិតិបាននិយាយថា ការវិនិយោគអចលនទ្រព្យបានធ្លាក់ចុះ ៩,៨ ភាគរយ​ ​ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៥​។

ដំណឹង​ល្អ​នោះគឺថា​ ​ការ​ធ្លាក់​ចុះ​តម្លៃ​អចលន​ទ្រព្យ​បាន​ស្រកស្រាន្ត​។ តម្លៃសម្រាប់ផ្ទះថ្មី និងផ្ទះដែលមានស្រាប់ បានធ្លាក់ចុះនៅក្នុងខែមករា និងកុម្ភៈ ប៉ុន្តែក្នុងល្បឿនយឺតជាងការធ្លាក់ចុះ​កាលពីឆ្នាំមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម