ព័ត៌មានជាតិ
ទីផ្សារទឹកឃ្មុំក្នុងស្រុកកំពុងធ្លាក់ចុះ ដោយសារកត្តាតម្រូវការ
ប្រធានសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ខេត្តកំពង់ចាម លោក លូង តាក់ បានថ្លែងថា ទីផ្សារទឹកឃ្មុំនៅក្នុងឆ្នាំនេះមានការឆ្លាក់ចុះច្រើន បើធៀបទៅនិងឆ្នាំមុន ដោយសារតម្រូវការទីផ្សារទឹកឃ្មុំក្នុងស្រុកមិនសូវមាន។

លោក លូង តាក់ ថ្លែងមកកាន់ «កម្ពុជាថ្មី» ដឹងនៅថ្ងៃទី២១ ខែមីនា ថា នៅឆ្នាំនេះ ទីផ្សារទឹកឃ្មុំក្នុងស្រុកហាក់បីដូចជាធ្លាក់ចុះជាងឆ្នាំមុន ដោយពេលបច្ចុប្បន្ននេះ សហគមន៍មាននៅសល់ទឹកឃ្មុំប្រមាណជាង ១ ពាន់លីត្រទៀត ដែលមិនទាន់លក់ចេញនៅឡើយ ដោយសារទីផ្សារធ្លាក់ចុះទាបពេក ហើយតម្លៃថោកមិនអាចលក់បាន។
លោកថា «នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ យើងអាចលក់ចេញទឹកឃ្មុំទៅកាន់ទីផ្សារក្នុងស្រុកបានក្នុងរង្វង់ ៣០០-៤០០លីត្រ ប៉ុណ្ណោះ ហើយសម្រាប់រយៈពេល ៣ ខែ ដើមឆ្នាំ២០២៥ នេះ សហគមន៍បាននាំចេញទឹកឃ្មុំប្រមាណជាង ៧០ លីត្រប៉ុណ្ណោះសម្រាប់សមាជិកផ្ទាល់»។

ជុំវិញបញ្ហានេះ ម្ចាស់សហគមន៍រូបនេះ បានពន្យល់ថា «ជាទូទៅអ្នកមិនប្រើប្រាស់មិនបានយល់ច្បាស់ពីអត្ថប្រយោជន៍ទឹកឃ្មុំធម្មជាតិ និងទឹកឃ្មុំព្រៃ ដោយអ្នកទិញភាគច្រើនយល់ឃើញថា ទឹកឃ្មុំចិញ្ចឹមមិនមានគុណភាពល្អដូចទឹកឃ្មុំព្រៃ ប៉ុន្តែតាមអ្វីដែលខ្ញុំសិក្សា និងនៅជាមួយឃ្មុំកន្លងមក ឃ្មុំចិញ្ចឹម គឺល្អជាងទឹកឃ្មុំព្រៃ»។
«បានជាខ្ញុំនិយាយថា ឃ្មុំចិញ្ចឹមល្អ ព្រោះទី១ ឃ្មុំចិញ្ចឹមយើងមានកន្លែងឱ្យវានៅ ទី២ ឃ្មុំចិញ្ចឹមក៏យកលម្អងផ្កា តាមព្រៃដូចជាឃ្មុំព្រៃដែរ ទី៣ ពេលមានភ្លៀងធ្លាក់ ទឹកភ្លៀងគឺមិនអាចជ្រាបចូលទៅក្នុងទឹកឃ្មុំបានទេ ដោយឡែកឃ្មុំព្រៃទឹកអាចចូលបាន ទី៤ ពេលដែលប្រមូលផល យើងអាចត្រួតពិនិត្យបានថា បង្គងណាមួយដែលអាចប្រមូលផលបាន និងមិនទាន់អាចប្រមូលផលបាន»។ លោក លូង តាក់ បន្ថែមបែបនេះ។

ជាមួយគ្នានេះ លោក ក៏បានបញ្ជាក់ដែរថា៖« ជាធម្មតាទឹកឃ្មុំតម្លៃលក់នៅលើទីផ្សារ គឺយើងលក់ក្នុងតម្លៃ ៨ម៉ឺនរៀល ក្នុងមួយលីត្រដូចគ្នា ប៉ុន្តែខុសត្រង់ថា អ្នកប្រើប្រាស់នៅតែចាត់ទុកថាទឹកឃ្មុំចិញ្ចឹមជាទឹកឃ្មុំមិនល្អដដែលទើបមិនសូវមានការចាប់អារម្មណ៍ច្រើន និងតម្រូវការដូចមុន»។
បើតាមលោក លូង តាក់ ដដែលក្នុងមួយឆ្នាំ ឃ្មុំអាចប្រមូលផលបាន ៦ខែ គឺចាប់ពីខែធ្នូ អាចប្រមូលផលបាន រហូតដល់ខែឧសភា ប៉ុណ្ណោះ។
ម្ចាស់សហគមន៍រូបនេះ បានសង្កង់ធ្ងន់ថា ប្រសិនបើទីផ្សារអាជីវកម្មឃ្មុំនៅតែបន្តធ្លាក់ចុះបែបនេះ វាអាចប៉ះពាល់ដល់ទីផ្សារឃ្មុំ, ឃ្មុំអាចជួបបញ្ហាច្រើនទៅលើការថែទាំ ជាពិសេសការប្រើប្រាស់ថ្នាំពុលច្រើនរបស់ប្រជាកសិករ សម្រាប់រដូវកាលនេះតែម្តង ព្រោះជារដូវស្វាយចន្ទី ដោយពួកគេប្រើថ្នាំពុលដើម្បីសម្លាប់សត្វល្អិត ហើយឃ្មុំក៏ទៅយកលម្អងផ្កាចន្ទីដែរ ដូច្នេះពេលខ្លះវាអាចប៉ះពាល់ដែលធ្វើឱ្យឃ្មុំងាប់ច្រើនក៏មានដែរ។ ហេតុដូចនេះប្រសិនបើនៅតែមានបញ្ហាប្រឈមច្រើនបែបនេះទៀត ក្រុមរបស់លោកអាចនឹងផ្អាកនៅក្នុងការធ្វើអាជីវកម្មឃ្មុំនេះ ដោយមិនបន្តទិញចូលពូជឃ្មុំបន្ថែម គ្រាន់តែបន្តថែរក្សាពូជចាស់ដែលនៅសេសសល់ ព្រោះបញ្ហាកំពុងតែប្រឈមច្រើន ប្រសិនបើនៅតែព្យាយាមទៀត នោះការខាតបង់នឹងមានកាន់តែច្រើន។

ជុំវិញទីផ្សារទឹកឃ្មុំនេះដែរ កន្លងមកបន្ទាប់ពីមានករណីពាក់ព័ន្ធនាំចូលទឹកឃ្មុំក្លែងក្លាយ គ្មានប្រភពច្បាស់លាស់សមាជិកសហគមន៍ចិញ្ចឹមឃ្មុំកម្ពុជា ធ្លាប់ចេញការស្រាយបំភ្លឺរួចហើយដែរទាក់ទងបញ្ហាទឹកឃ្មុំក្លែងក្លាយដែលកំពុងចរាចរនៅលើទីផ្សារប្រទេសកម្ពុជានេះ ដោយសហគមន៍បានអំពាវនាវឈប់មានការយល់ច្រឡំថា ទឹកឃ្មុំដែលចែកចាយនៅលើទីផ្សារស្រុកខ្មែរជាទឹកឃ្មុំមិនល្អ ជាទឹកឃ្មុំក្លែងក្លាយប្រភព ព្រោះប្រជាកសិករខ្មែរ រក្សាក្រមសីលធម៌ រក្សាវិជ្ជាជីវៈអ្នកចិញ្ចឹមឃ្មុំបែបធម្មជាតិ ចែកចាយតែទឹកឃ្មុំដែលមានគុណភាពដល់ពលរដ្ឋតែប៉ុណ្ណោះ ពុំមានការកែច្នៃ ពុំមានការក្លែងបន្លំគុណភាពទឹកឃ្មុំនោះទេ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង